RFI
អន្តរជាតិ
Second Act៖ កម្មវិធីបញ្ញាសិប្បនិម្មិតជាអ្នកសរសេរ ដឹកនាំរឿង និងបើកប្រាក់ឲ្យសិល្បករ
18, May 2024 , 8:30 am        
រូបភាព
Second Act ឬ Deuxième Acte ជាភាសាបារាំងជារឿងទី១៣របស់សមិទ្ធិករបារាំង លោក Quentin Dupieux © Cannes festival
Second Act ឬ Deuxième Acte ជាភាសាបារាំងជារឿងទី១៣របស់សមិទ្ធិករបារាំង លោក Quentin Dupieux © Cannes festival
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
ដូចការរំពឹងទុក មហោស្រពភាពយន្តកានបានគ្របដណ្តប់ដោយចលនាMe too។ នៅរាត្រីបើកសម្ពោធមហោស្រពកាលពីយប់ថ្ងៃអង្គារ ពិធីការិនី កាមីយ កូតាំង Camille Cotin និងតារាភាពយន្ត ហ្សុយលីយ៉ែត ប៊ីណូស បានឡើងនិយាយនៅលើឆាកពីស្ថានភាពស្រ្តីនៅក្នុងវិស័យភាពយន្ត ជាពិសេសការរំលោភ បំពារបំពានផ្លូវភេទ។ ស្រ្តីរងការរើសអើង រងគ្រោះ ប៉ុន្តែ ក៏ពូកែ មានទេពកោសល្យណាស់ដែរ។ ក្រៅតែពីជ្រើសរើសតារាភាពយន្ត និងជាអ្នកដឹកនាំអាមេរិកាំង Greta Gerwigឲ្យធ្វើជាប្រធានគណៈមេប្រយោគដើម្បីជ្រើសរើសខ្សែភាពយន្តល្អឆ្នើមជាងគេលើកនេះ មហោស្រពភាពយន្តកាននៅបានផ្តល់រង្វាន់តាល់ប័ត្រមាសកិត្តិយសដល់តារាភាពយន្តស្រ្តីអាមេរិក Meryl Streep មុននឹងចាក់បញ្ចាំងខ្សែភាពយន្តរបស់សមិទ្ធិករបារាំងលោក កង់តាំង ឌុយព្យើ រឿង Second Act។

 
មហោស្រពកានបានជ្រើសរើសយករឿងSecond Act ឬ Deuxième Acte មកចាក់បញ្ចាំង បើកសម្ពោធមហោស្រពកានកាលពីយប់ថ្ងៃអង្គារទី១៤ ឧសភា។ Second Act ឬ Deuxième Acte ជាភាសាបារាំងជារឿងទី១៣របស់សមិទ្ធិករបារាំង លោក Quentin Dupieux ដែលប្រមូលផ្តុំដោយតារាភាពយន្តធំៗរបស់បារាំង ដូចជា Lea Seydoux Vincent Lindon Louis Garrel Raphaeël Quenard។
 
សេចក្តីសង្ខេបរឿងសរសេរថា នាងFlorence ដើរតួដោយតារាភាពយន្តស្រី Lea Seydouxចង់ណែនាំគូសង្សារឲ្យឪពុកស្គាល់។ ប៉ុន្តែ ដាវីដដែលជាសង្សា បានបញ្ចុះបញ្ចូលស្ងាត់ៗ ឲ្យមិត្តភក្តិរបស់ខ្លួនយល់ព្រមទទួលយកនាង Florenceទៅវិញ។
 
ស្តាប់ទៅសាច់រឿងនេះសាមញ្ញណាស់។ ប៉ុន្តែ នៅពេលបានចូលមើលសាច់រឿងផ្ទាល់ទើប បានដឹងថា តាមពិតនេះជាកូនសេណារីយ៉ូ ដែលតារាភាពយន្តទាំងបួនត្រូវសំដែង សម្រាប់ខ្សែរឿងដែលផលិតឡើងដោយ កម្មវិធីបញ្ញាសិប្បនិម្មិត។
 
ដោយច្របាច់បញ្ចូលគ្នានូវ ភាពយន្ត ហើយនិងល្ខោន ដែលសំបូរដោយវោហាសាស្រ្ត និង គ្មានឈុតឆាក រន្ធត់ញាប់ញ័រ ប៉ុន្តែ អាចធ្វើឲ្យទស្សនិកជនសើចដោយហួសចិត្ត នៅពេលទីបំផុតទៅ គឺម៉ាស៊ីន កម្មវិធីបញ្ញាសិប្បនិម្មិតដែលជាអ្នកសរសេរ ដឹកនាំរឿង និងជាអ្នកសម្រេចបើកប្រាក់ខែឲ្យតារាភាពយន្ត ប៉ុន្តែ មិនមែនមនុស្សដែលជាអ្នកសម្រេចចិត្តទៀតនោះទេ។
 
រឿង Deuxième Acteចង់និយាយចំអកឲ្យភាពវ័យឆ្លាតរបស់មនុស្សលោកសព្វថ្ងៃ ដែលកំពុងរស់នៅយ៉ាងរំភើយជាមួយភាពជឿនលឿន អភិវឌ្ឍ បច្ចេកវិទ្យា គិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ថា សង្រ្គាមកំពុងកើតឆេះនៅគ្រប់កន្លែងលើផែនដី ផលវិបាកនៃការប្រែប្រួលអាកាសធាតុដោយសារតែស្នាដៃរបស់មនុស្ស។

© រក្សាសិទ្ធិដោយ thmeythmey.com