កីឡាជាតិ
ជាតិ
លោក ឈាវ បូរ៉ា ក្លាយជា​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំមមី
16, Apr 2014 , 12:27 pm        
រូបភាព
លោក ឈាវ បូរ៉ា ស្តេចអុក​ប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ រូបថត កាំង សុធា
លោក ឈាវ បូរ៉ា ស្តេចអុក​ប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ រូបថត កាំង សុធា
ដោយ: រួបរួម
សៀុមរាប៖ លោក ឈាវ បូរ៉ា អាយុ២៤ឆ្នាំ​មកពី​ខេត្តកំពង់ចាម បាន​ក្លាយជា​ជើងឯក​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំមមី បន្ទាប់ពី​លោក​បាន​យកឈ្នះ លោក គ្រួច ចន្ថា​រិ​ទ្ធ អាយុ៤៧ឆ្នាំ មកពី​ខេត្តស្វាយរៀង ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅមុខ​ប្រាសាទអង្គរវត្ត កាលពី​ព្រឹក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ។



លោក បូរ៉ា ដែលមាន​មុខរបរ​ជា​ស្ថាបត្យករ បាន​យកឈ្នះ​លើ​លោក ចន្ថា​រិ​ទ្ធ ដែលជា​ម្ចាស់​ផ្ទះសំណាក់​យីហោ ពោធិ៍​មានជ័យ ខេត្តស្វាយរៀង ទាំងពីរ​ក្តារ ជាមួយនឹង​សមត្ថភាព និង​ការប្រើប្រាស់​ថិរវេលា​ខ្លី​ជាង ក្នុងការ​ប្រកួត​ដែលមាន​ត្រៀម​រយៈពេល​មួយ​ម៉ោង។

ដោយឡែក លោក សូ សំភី បាន​ប្រកួត​ឈ្នះ​លោក កែវ វ​ឌ្ឍ​នា សម្រាប់​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ៣ ។ បើតាម​ប្រាក់រង្វាន់​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ត្រៀម​កន្លងមក មាន ចំណាត់ថ្នាក់​លេខ១ ទទួលបាន១.០០០ដុល្លារ, លេខ២ បាន៧០០ដុល្លារ, លេខ៣ បាន៤០០ដុល្លារ និង​លេខ៤ បាន២០០ដុល្លារ។

បន្ថែម​ពីលើ​នេះ ជើង​ខ្លាំង​កំពូល​ទាំង​បួន​បានទទួល​ប្រាក់រង្វាន់​ដ៏​សន្ធឹកសន្ធាប់​បន្ថែមទៀត ដោយ ឈាវ បូរ៉ា ក្នុងនាម​ជា​ជើងឯក ទទួលបាន៣.០០០ដុល្លារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៤០០ដុល្លារ​ពី​លោក ថោង ខុន ប្រធាន NOCC និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង៤០០ដុល្លារ​ពី​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប។

លោក ហ៊ុន សែន លោក ថោង ខុន និង​លោក ឃឹម ប៊ុន​សុង ក៏បាន​ឧបត្ថម្ភ​ផងដែរ​ដល់ គ្រួច ចន្ថា​រិ​ទ្ធ ចំណាត់ថ្នាក់​លេខ​ពីរ​ចំនួន២.០០០ដុល្លារ ៣០០ដុល្លា និង៣០០ដុល្លារ។ សូ សំភី ចំណាត់ថ្នាក់​លេខ​បី បាន១.០០០ដុល្លារ ២០០ដុល្លារ និង២០០ដុល្លារ រីឯ កែវ វ​ឌ្ឍ​នា ចំណាត់ថ្នាក់​លេខ​បួន បាន១.០០០ដុល្លារ ១០០ដុល្លារ និង១០០ដុល្លារ៕



© រក្សាសិទ្ធិដោយ thmeythmey.com