កីឡាជាតិ
ជាតិ
លីក ២០១៤៖ ម៉ោង ៣:៣០ ថ្ងៃ​នេះ ណាហ្គា ប៉ះ ស្វាយរៀង ដណ្ដើម​កៅអី​លេខ៣
16, Jul 2014 , 1:23 pm        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​ណាហ្គាខប និង ក្រុម​ខេត្ត​ស្វាយរៀង ត្រូវ​ប៉ះ​គ្នា​បង្រ្គប់​​សប្ដាហ៍​ទី ២០ នៃ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ២០១៤ (MCL 2014) នៅ​​ម៉ោង ៣:៣០ នាទី​រសៀល​​ថ្ងៃ​ទី ១៦ កក្កដា នេះ​​លើក​កីឡដ្ឋាន​ជាតិ ដើម្បី​ប្រជែង​យក​កៅអី​ចំណាត់​ថ្នាក់​លេខ៣ មុន​រដូវកាល​​បញ្ចប់​នៅ ២ ប្រកួត​ទៀត។



ណាហ្គាខប៖
ចាប់​ពី​ចូល​កម្មវិធី​ប្រកួត​ជើង​ទី ២ មក​ក្រុម​ណាហ្គាខប ហាក់ធ្លាក់​ទម្រង់​ប្រកួត​បន្តិច ស្រប​ពេល​កីឡាករ​ឆ្នើមៗ មួយ​ចំនួន​ញាំញី​ដោយ​សារ​របួស។ បរាជ័យ​ចុង​ក្រោយ​ពេល​ប៉ះ​ក្រុម​ជើង​ឯក​ភ្នំពេញក្រោន ១ ទល់ ០ បាន​ធ្វើ​ឱ្យ​ក្រុម​លោក ប្រាក់ សុវណ្ណារ៉ា កាន់​ដុនដាប​រឿង​រក្សា​កៅអី​លេខ៣។ តួរ​សំខាន់ៗ របស់​ក្រុម​ដូចជា An Jing Yong, Massa, ទៀប វឌ្ឍនៈ, ជួន ជុំ សុទ្ធ​តែ​កូន​សោរ​​ទម្លុះ​ដៃ​អ្នកចាំទី​របស់​ខេត្ត​ស្វាយរៀង។

ឆ្លង​កាត់ ១៩ ប្រកួត​ណាហ្គា ឈ្នះ​ ៩ ស្មើ ៦ និង ចាញ់ ៤ ហើយ​ទាត់​ចូលទី​គេ ៣១ គ្រាប់ គេ​ទាត់​ចូល​វិញ​តែ ១៤ គ្រាប់​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ក្រុម​ដទៃ មាន ៣៣ ពិន្ទុ​ក្នុង​ដៃ ឈរ​ចំណាត់​ថ្នាក់​លេខ៣ បណ្ដោះ​អាសន្ន ខណៈ​ក្រុម​ភ្នំពេញក្រោន​លេខ១ មាន ៥១ ពិន្ទុ និង ក្រុម​លេខ២ ចម្ការកៅស៊ូបឹងកេត មាន ៤៤ ពិន្ទុ។

ក្រុម​ខេត្ត​ស្វាយរៀង
ទោះជា​ការពារ​តំណែង​ជើង​ឯក​មិន​បាន តែ​លោក សំ វ៉ាន់ដេត ចង់​ដឹងនាំ​ក្រុម​ឱ្យ​អស់​ពី​សមត្ថភាព ទទួល​បាន​ចំណាត់​ថ្នាក់​កាន់​តែ កាន់​តែ​ប្រសើរ​សម្រាប់​ក្រុម​ជើង​ឯក​ចាស់​មួយ​នេះ។ អ្នកចាំទី ស សុភា, ខ្សែ​បម្រើ ប្រាក់ មុន្នីឧត្តម, ខ្សែ​ប្រយុទ្ធ Bata ទំនង​ជា​ធ្វើ​បាន​ល្អ​ដូច​​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។

បើ​និយាយ​ពី Bata ពេល​នេះ​គេ​បាន​ឈរ​នៅ​កំពូល​តារាង​អ្នក​ស៊ុត​បាល់​បញ្ជូល​ទី​ច្រើន​ជាង​គេ ដោយ​រក​បាន ២១ គ្រាប់​ម្នាក់​ឯង ខណៈ​កីឡាករ Bisan Goerge របស់​ភ្នំពេញក្រោន​ទើប​តែ​បាន ១៨ គ្រាប់​ប៉ុណ្ណោះ។

ស្វាយរៀង ប្រកួត​បាន ១៩ លើក​ឈ្នះ ៩ ស្មើ ៥ និង ចាញ់ ៥ ប្រកួត​មាន ៣២ ពិន្ទុ​នៅ​ក្នុង​ដៃ​បណ្ដោះអាសន្ន។

ចំណែក​ប្រវត្តិប្រកួត​កាល​ពី​ជើង​ទី១ ណាហ្គាខប​ បាន​យក​ឈ្នះ​ស្វាយរៀង ក្នុង​លទ្ធផល ១ ទល់ ០ លើ​ទីលាន​ស្ដាតចាស់៕

តើ​ស្វាយរៀង ឬ ណាហ្គា នឹង​ដណ្ដើម​បាន​កៅអី​លេខ៣ នៅ​រសៀល​នេះ?



© រក្សាសិទ្ធិដោយ thmeythmey.com