កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន ប៉ះ ស្វាយរៀង តែបើ​ត្រាយ​អាស៊ី​ឈ្នះ​ទ័ព​នឹងមាន​រង្វាន់​ជូន​អ្នកគាំទ្រ
19, Jul 2014 , 1:19 pm        
រូបភាព
ចាន់ រិទ្ធី កីឡាករ​របស់​ក្លិបភ្នំពេញ​ត្រាយអាស៊ី
ចាន់ រិទ្ធី កីឡាករ​របស់​ក្លិបភ្នំពេញ​ត្រាយអាស៊ី
ដោយ:
ក្រុម​ដែល​ដឹងថា​ខ្លួន​ឈ្នះ​ជើងឯក​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៤ ភ្នំពេញ​ក្រោ​ន ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ខេត្តស្វាយរៀង នៅវេលា​ម៉ោង ៦ ល្ងាច​ថ្ងៃទី ១៩ កក្កដា នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន ស្របពេល​គូ​ដំបូង វេលា​ម៉ោង ៣:៣០ រសៀល ប្រសិនបើ​ក្រុម​ត្រាយ​អាស៊ី ឈ្នះ​ក្រសួង​ការពា​ជាតិ​នោះ​សន្យាថា​នឹង​ផ្ដល់​អាវ​ជូន​ដល់​អ្នកគាំទ្រ។



ក្រុម​ភ្នំពេញ​ក្រោ​ន កំពុង​តែមាន​សំទុះ​ទឹកចិត្ត​កាន់តែខ្លាំង​ក្រោយ​យកឈ្នះ​ក្រុម​ណាហ្គា​ខ​ប ១ ទល់ ០ ដែលជា​ស្ពាន​នាំឱ្យ​ពួកគេ​ដណ្ដើមបាន​ជើងឯក ទោះជា​នៅសល់ ២ ប្រកួត​យ៉ាងណាក៏ដោយ។ បណ្ដោះអាសន្ន ក្រុម​ជើងឯក ៥ សម័យកាល​មួយ​នេះ​បាន​ក្លាយជា​ក្រុម​ទាត់​ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​ច្រើនជាងគេ​ពោលគឺ ៥៣ គ្រាប់។

ចំណែក​ក្រុម​ខេត្តស្វាយរៀង វិញ​ក៏​មិនធម្មតា​ដែរ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ប៉ះ​ក្រុម​ណា​ស៊ី​ក្រុម​នោះ។ លោក សំ វ៉ាន់​ដេ​ត នៅតែមាន​មហិច្ឆតា​ដឹកនាំ​ក្រុម​យក​ចំណាត់ថ្នាក់​លេខ៣ ទោះជា​អស់​ឱកាស​ការពារ​តំណែង​ជើងឯក​ក៏ដោយ។ ប្រកួត​ចុងក្រោយ​ស្វាយរៀង ស្មើ ណាហ្គា​ខ​ប ២ ទល់ ២ កាលពី​ថ្ងៃ​ពុធ កន្លងទៅ។

ងាក​ទៅ​មើល​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ វិញ​បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ខ្លួន​ថា នឹង​ចែក​ក្រដាស​កម្មវិធី​ប្រកួត​ដែលមាន​លេខ​ផ្សងសំណាង​នៅលើ​នោះ ហើយ​ករណី​ក្រុម​ឈ្នះ​នោះ​នឹងមាន​ប្រគល់​អាវយឺត​ទៅ​អ្នកគាំទ្រ​ពី​សំណាក់​កីឡាករ។ ប្រកួត​នេះដែរ​ក្រុម​នឹងមាន​រៀបចំ​ក្រុម​ភ្លេង អបអរ និង គាំទ្រ លើកទឹកចិត្ត​ដល់​កីឡាករ​ផងដែរ។ អ្វីដែល​ក្លិប​ចង់បាន​មកវិញ​គឺ​ចំណាត់ថ្នាក់​លេខ៤ ប្រចាំ​រដូវ​កាល។

សម្រាប់​កម្មវិធី​ប្រកួត​នៅថ្ងៃនេះ​ទាំងអស់​មាន៖
• Albirex Niigata Phnom Penh Vs គីរីវង់​សុខ​សែន​ជ័យ ម៉ោង ១:៣០ រសៀល​នៅ​ស្ដា​ត​ចាស់
• អាស៊ី​អឺរ៉ុប Vs អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ម៉ោង ៣:៤៥ រសៀល នៅ​ស្ដា​ត​ចាស់
• ត្រាយ​អាស៊ី Vs ក្រសួងការពារជាតិ ម៉ោង ៣:៣០ រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ (Live BTV)
• ភ្នំពេញ​ក្រោ​ន Vs ស្វាយរៀង ម៉ោង ៦ ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ





© រក្សាសិទ្ធិដោយ thmeythmey.com