ជាតិ
លោក ផៃ ស៊ីផាន​ រៀបការ​ថ្ងៃ​២៦ កក្កដា លោក​ រស់ ចន្ត្រាបុត្រ ធ្វើ​មេបា​
30, Nov -0001 , 12:00 am        
រូបភាព
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី
រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន នឹង​ចូល​រោងការ​នៅ​ថ្ងៃ​សៅរ៍​ទី២៦កក្កដា​ចុង​សប្តាហ៍​នេះហើយ ដោយមាន​លោក​រស់ ច​ន្ត្រា​បុត្រ ដែលជា​ទេសរដ្ឋមន្ត្រី ជា​មេបា​។ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​នឹងមិន​យក​ថ្ងៃ Holiday ក្រោយ​ថ្ងៃ​រៀបការ​នោះឡើយ។


កូនកំលោះ​រដ្ឋលេខាធិកា​រ ផៃ ស៊ី​ផាន ជា​គូ​នឹង កូនក្រមុំ ង៉ែត ពត នឹងត្រូវ​ចូលក្នុង​រោងការ​នៅ​ថ្ងៃទី២៦កក្កដា​នេះ។ លោក ផៃ ស៊ី​ផាន​បាន​អះអាង​អំពី​ថ្ងៃ​មង្គល​របស់លោក​ប្រាប់​គេហទំព័រ​ព័ត៌មានថ្មីៗ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោយពី​លិខិតអញ្ជើញ​រៀបការ​ ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក។

នៅក្នុង​លិខិតអញ្ជើញ​នោះ គេ​ឃើញ​លោក​ទេសរដ្ឋមន្ត្រី រស់ ច​ន្ត្រា​បុត្រ និង​ភរិយា​របស់លោក​គឺជា មេបា​របស់លោក ផៃ ស៊ី​ផាន។ លោក រស់ ច​ន្ត្រា​បុត្រ​បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​ត្រូវបាន​លោក ផៃ ស៊ី​ផាន ស្នើអោយ​ធ្វើ​មេបា។ លោកប្រវត្តិ​វិទូ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«លោក​ផៃ ស៊ី​ផាន​គឺជា​ប្អូនធម៌​របស់ខ្ញុំ។ គាត់​បាន​សុំអោយ​ខ្ញុំ​ធ្វើជា​មេបា​របស់គាត់ ក្នុងនាម​ជា​បងប្រុស»។ អនាគត​ភរិយា​របស់​លោក ផៃ ស៊ីផាន គឺ​បុគ្គលិក​នៅ​ធនាគារ​ នេះ​បើតាម​ការ​ការ​បញ្ជាក់​របស់​លោក​រស់ ចន្ត្រាបុត្រ ដែល​បន្ត​ថា« កញ្ញា ង៉ែត ពត គឺ​ជា​កូនស្រី​របស់​គ្រួសារ​សាមញ្ញ​ប៉ុណ្ណោះ គឺ​មិនមែនជា​គ្រួសាររបស់​អ្នក​ធំមានអំណាច​ណា​ឡើយ»។​

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែលជា​កូនកំលោះ​ឯណោះ​វិញ​បាន​ថ្លែងថា​អរគុណ​ចំពោះ​ការចាប់អារម្មណ៍​ពី​សាធារណៈជន​ទៅលើ​ជីវិត​ឯកជន​របស់លោក តាមរយៈ​ការ​បង្ហោះ​លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍​នោះ។ «ខ្ញុំ​អរគុណ​ពួកគេ។ ប៉ុន្តែ​វា​ជាការ​រំលោភ​ទៅលើ​ភាពជា​ឯកជន​របស់​ពួកយើង។ ពួកយើង​រៀបចំ​តូចតាច​ទេ ដោយ​អញ្ជើញ​តែ​មិត្ត​ជិតស្និទ្ធ និង​ថ្នាក់ដឹកនាំ​របស់ខ្ញុំ​ប៉ុណ្ណោះ» នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក ផៃ ស៊ី​ផាន។ ពិធី​ពិសារ​ភោជនីយ​ហារ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ភោជនីយដ្ឋាន​ពិភពថ្មី អគារ D ។

បើទោះជា​ស្ថិតនៅក្នុង​ពិធី​រៀបការ​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អះអាងថា លោក​នឹងមិន​យក​ថ្ងៃ​ឈប់សំរាក​ក្រោយ​អាពាហ៍ពិពាហ៍​នោះទេ ហើយ​ថា​អ្នកកាសែត​អាច​នៅ​បន្ត​ទូរ​សព្ទ​សួរ​ព័ត៌មាន ពី​លោក​បាន​ដូច​ធម្មតា៕



© រក្សាសិទ្ធិដោយ thmeythmey.com