ជាតិ
បទវិភាគ
សង្គមជាតិ
ទំនាស់​ផលប្រយោជន៍​រវាង​អ្នកធំ និង​អ្នកតូច
04, Mar 2018 , 7:59 pm        
រូបភាព
រូបភាព៖ Google
រូបភាព៖ Google
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជាទូទៅ​យើង​សង្កេតឃើញថា នៅក្នុង​ស្ថាប័នរដ្ឋ មន្ត្រីធំៗមួយចំនួន​ទទួលបាន​ផលប្រយោជន៍​ច្រើន​ដែល​អាចឱ្យ​ពួកគេ​រស់នៅ​បាន​ស្រួល​និង​អាចមាន​ជីវភាព​ធូ​ធារ​ទៀតផង។ ឯ​មន្ត្រីតូចៗវិញ ផលប្រយោជន៍​ដែល​ពួកគេ​ទទួលបាន​ស្ទើរតែ​មិនអាច​ទ្រទ្រង់​ជីវភាព​បានឡើយ។



បើ​យោងតាម​ឋានានុក្រម មន្ត្រីធំៗដែលជា​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ស្ថាប័ន មាន​ប្រាក់ខែ​ខ្ពស់ជាង​មន្ត្រី​តូចតាច។ ប៉ុន្តែ ចំនួន​ប្រាក់​ដែល​លើស​នោះ​ហាក់ដូចជា​មិន​ច្រើន​ទេ​ប៉ុន្មាន​ទេ ប្រសិនបើ​យើង​ពិនិត្យមើល​ក្នុង​ង​តារាង​ប្រាក់ខែ សូម្បីតែ​ថ្នាក់​នាយករដ្ឋមន្ត្រី ប្រាក់ខែ​មាន​ត្រឹមតែ​ប្រមាណ​បួន​លាន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយខែ។ ដូច្នេះ ចំនួន​ប្រាក់​លើស​នេះ​ពិតជា​មិនអាច​ធ្វើឱ្យ​អ្នកធំ​ទាំងនោះ មាន​ជីវភាព​ធូ​ធារ​ឡើយ។ តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​អ្នកធំ​មាន​ជីវភាព​ធូ​ធារ?

ជាទូទៅ មហាជន​មើលឃើញថា មាន​កត្តា​រួមផ្សំ​ជាច្រើន ដូចជា ពួកគេ​មាន​រថយន្ត​របស់​រដ្ឋ​និង​ចាក់​ប្រេង​រដ្ឋ​សម្រាប់​ជិះ​មក​ធ្វើការ​ដោយ​មិនបាច់​ចំណាយ​ទ្រព្យ​ផ្ទាល់ខ្លួន ចំណែកឯ​មន្ត្រី​តូចតាច​វិញ ត្រូវ​ប្រើ​មធ្យោបាយ​ផ្ទាល់​និង​ចំណាយ​ថ្លៃ​ប្រេង​ដោយ​ខ្លួនឯង។

ក្រៅពីនេះ អ្នកធំ​មាន​គម្រោង​ជាច្រើន ដែល​ទទួលបាន​ប្រាក់​សន្ធឹក​សន្ធប់ ក្នុងនោះ​មាន​ទាំង​ប្រាក់​ស្របច្បាប់​ដែល​បាន​ពី​គម្រោង និង​ប្រាក់​កិបកេង​ពី​គម្រោង​ផងដែរ។ ក្នុង​ករណីខ្លះ អ្នកធំ​គ្រាន់តែ​មានឈ្មោះ​ក្នុង​គម្រោង​មិនបាច់​ធ្វើការ​ក៏​ទទួលបាន​លុយ​ដែរ។ ចំណែកឯ​អ្នកតូច​វិញ មិនសូវមាន​គម្រោង​ទេ ប្រសិនបើ​មាន​គម្រោង​វិញ​ក៏​ទទួលបាន​ប្រាក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

លើសពីនេះ​ទៀត នៅពេល​ចុះ​បេសកកម្ម​វិញ អ្នកធំ​ដែលមាន​ប្រាក់ខែ​ច្រើន​ស្រាប់ ត្រូវ​ទទួលបាន​លុយ​បេសកកម្ម​ច្រើន​បន្ថែមទៀត។ ចំណែក​មន្ត្រី​តូចតាច​វិញ ដែលមាន​ប្រាក់ខែ​តិច​ស្រាប់​ហើយ​នោះ ពេល​ចុះ​បេសកកម្ម​ក៏​នៅតែ​ទទួលបាន​លុយ​បេសកកម្ម​តិច​បន្ថែមទៀត។

ចំណុច​មួយទៀត​ដែល​គួរឱ្យកត់សម្គាល់​ផងដែរ​នោះ គឺថា អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ស្ថាប័នរដ្ឋ​មួយចំនួន​ត្រូវគេ​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​កិបកេង​ចំណូល​ចំណាយ​របស់​ស្ថាប័ន និង ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់​ស្ថាប័ន​ដើម្បី​ស្វែងរក​ផលប្រយោជន៍ផ្សេងៗដូចជា ក្នុងការ​តម្លើង​ឋានៈ ការដោះស្រាយ​រឿងក្ដី ការធ្វើជា​ខ្នងបង្អែក​ឱ្យ​អ្នករកស៊ី​ទូទៅ​ឬ​សាច់ញាតិ​របស់ខ្លួន និង ការងារ​ពាក់ព័ន្ធផ្សេងៗទៀត។

ឆ្លងតាម​អ្វីដែល​បាន​រៀបរាប់​ខាងលើនេះ យើង​អាច​សន្និដ្ឋានថា អ្នកធំ​មួយ​ដែល​កាន់អំណាច​បាន​កាន់តែ​យូរ ធ្វើឱ្យ​ពួកគេ​កាន់តែ​ធូរធា​មិន​ចាញ់​អ្នករកស៊ីធំៗប៉ុន្មាន​ទេ។ យើង​អាច​និយាយបានថា មុខតំណែង​របស់​ពួកគេ​កាន់តែ​ធំ​ឱកាស​ទទួល​ប្រាក់​កាន់តែច្រើន ម្ល៉ោះហើយ​ទើប​មហាជន​បាន​មើលឃើញថា ក្រៅពី​ការ​មាន​រថយន្ត​រដ្ឋ​ប្រើប្រាស់ អ្នកធំ​នៅមាន​រថយន្តទំនើបៗជាច្រើន​គ្រឿង​ទៀត រួមជាមួយ​ផ្ទះ​វីឡា​ស្កឹមស្កៃ​មាន​របង​មិន​ចាញ់​វាំង​ស្ដេច មាន​របស់​ប្រើប្រាស់​ដេ​ល​មានតម្លៃ​ខ្ពស់ មាន​សាល​រៀន​ដែលមាន​តម្លៃ​ខ្ពស់​នៅក្នុង​ស្រុក​ឬ​ក្រៅប្រទេស​ឱ្យ​កូន​របស់​ពួកគេ​រៀន និង ពេល​ពួកគេ​មាន​ជំងឺ តែងតែ​ទៅរក​សេវា​ព្យាបាល​នៅ​បរទេស ជាដើម។

ទិដ្ឋភាព​បែបនេះហើយ ដែល​ត្រូវបាន​អ្នកវិភាគ​ខ្លះ​លើកឡើងថា ជាដើម​ចម​ដែល​ធ្វើឱ្យ​អ្នកធំ​មិនសូវ​គិតគូរ​អំពី​កំណែ​ទ្រង់​សេវា​អប់រំ និង​សុខាភិបាល​នាពេល​កន្លងមក ពីព្រោះ​អ្នកធំ​មាន​សេវា​ទាំងនេះ​នៅក្រៅ​ប្រទេស។ លើសពីនេះ​ទៀត នៅពេលដែល​អ្នកធំ​មួយចំនួន​ប្រព្រឹត្ត​អំពើអាក្រក់​វិញ ក៏​ពួកគេ​ស្ទើរតែ​មិនដែល​ទទួលរង​ការចោទប្រកាន់​ខាង​ផ្លូវច្បាប់​ដែរ។

ប្រព័ន្ធគ្រប់គ្រង​និង​របៀប​បែងចែក​ផលប្រយោជន៍​បែបនេះ បានធ្វើឱ្យ​អ្នកធំ​កាន់តែ​មានឡើងៗ និង​រស់នៅ​កាន់តែ​ស្រួលឡើង។ ចំណែក​អ្នកតូច​វិញ កាន់តែ​ក្រីក្រទៅៗ និង ការរស់នៅ​កាន់តែលំបាកទៅ។ សភាព​បែបនេះ បាន​រុញច្រាន​ឱ្យ​អ្នកធំ​និង​អ្នកតូច​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា ខ្វះ​ការយោគយល់​គ្នា លែង​ស្គាល់​សុខទុក្ខ​គ្នា មើលមុខ​គ្នា​លែង​ចំ ដែល​ពួកគេ​ញញឹម​ដាក់គ្នា​ដោយ​មិន​ផុស​ចេញពី​បេះដូង។ ក្នុងស្ថានភាព​បែបនេះ សុខដុម​នីយកម្ម​ក្នុង​ស្ថាប័ន​ពិតជា​មិនអាច​កើតមាន​បានឡើយ។

ហេតុនេះ កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​អាច​រស់​នៅមាន​ជីវភាព​សមស្រប មាន​សុខុមាលភាព និង សេចក្ដីថ្លៃថ្នូរ​ប្រហាក់ប្រហែលគ្នា។ បើ​មិន​ដូច្នោះ​ទេ ភាព​ប្រេះស្រាំ និង​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័នរដ្ឋ ពិតជា​មិនអាច​ជៀសផុត​បានឡើយ៕  





© រក្សាសិទ្ធិដោយ thmeythmey.com