កីឡាជាតិ
ជាតិ
កម្ពុជា​ប៉ះក្រុម​ខ្លាំង​​មីយ៉ាន់ម៉ា​នារ​សៀល​ម៉ោង​៣ និង​៣០នាទី​រសៀ​ល​ថ្ងៃសៅរ៍​នេះ​
18, Oct 2014 , 9:00 am        
រូបភាព
ក្រុម​កីឡាបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ជួប​ជាមួយ​មីយ៉ាន់ម៉ា​ដែល​ជាក្រុម​ខ្លាំងនា​រសៀលថ្ងៃ​សៅរ៍​ នេះក្នុងការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤ ។ សម្រាប់​ជំនួប​នៅ​ទីក្រុង​វៀងចន្ទន៍ ​ប្រទេសឡាវនេះ ក្រុម​កម្ពុជា​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​ដាច់​ខាត​ដើម្បី​ដណ្តើម​កៅអី​ទៅកាន់វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន។ នាការ​​ប្រកួត​ពីរលើក​កន្លង កម្ពុជា​បាន​ចាញ់​ម្ចាស់​ផ្ទះឡាវក្នុងលទ្ធផល ៣-២ នៅ​ថ្ងៃបើក​ឆាក ប៉ុន្តែ​បាន​យក​ឈ្នះ​ទីម័រ​ខាងកើតវិញ​ក្នុងលទ្ធផល ៣-២ ដូចគ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍។



លទ្ធ​ផល​នៃ​ការ​ប្រកួតពីរ​លើកកន្លងមក​របស់​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជានៅវគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤ បាន​ផ្តល់​នូវអារ​ម្មណ៍​​ពីរ​ដែល​ខុស​គ្នា​ទាំងស្រុង។ នា​ជំនួប​បើក​ឆាក​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ កម្ពុជា​បាន​រង​នូវការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ខ្សែប្រយុទ្ធ Khampheng Sayavutthi បាន​ស៊ុត​បាល់​បញ្ចូលទី​នៅ​រយៈពេល​៩នាទី​មុន​បញ្ចប់​ការប្រកួត ដើម្បី​នាំឲ្យឡាវ​ទទួល​បាន​៣ពិន្ទុ ជាមួយ​នឹងលទ្ធផល ៣-២  ។

ប៉ុន្តែ​នាជំនួប​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែតុលា ក្តី​រំភើប​បាន​កើត​ឡើង​ដោយមិន​នឹក​ស្មាន​ដល់​សម្រាប់​ក្រុម​កម្ពុជា។ ដូច​ជា​ការ​ប្រកួត​ជាមួយ​ឡាវ​ផង​ដែរ ទីម័រ​ខាងកើត​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​ប្រកបអាជីព​នៅក្រៅប្រទេស និង​ជាកូន​កាត់​ប្រេស៊ីលនោះ បាន​នាំមុខ​កម្ពុជា​មុន​ក្នុងលទ្ធផល ២-០ ។ ប៉ុន្តែរឿង​អាក្រក់​បានក្លាយ​ជាល្អវិញ បន្ទាប់ពី​ខ្សែប្រយុទ្ធ សុក ចាន់រស្មី បាន​ចូល​លេង​ក្រោយ​ការ​ប្រកួត​ដំណើរ​បាន​មួយម៉ោង។  ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំដែល​លេងឲ្យក្លិបភ្នំពេញ​ត្រាយ​អាស៊ី​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូលទី​គ្រាប់ទីមួយក្រោយ​វត្តមាន​៤នាទីនៅ​លើទីលាន ហើយ​រក​បាន​ពីរគ្រាប់​បន្ថែមទៀត​នៅ​ក្នុងនាទី ទី​៧៨ និង​៨២ ។

សុក ចាន់​រស្មី បាន​ក្លាយជា​កីឡា​ករទី​ពីរ​របស់​កម្ពុជា​បន្ទាប់​ពី​ខ្សែប្រយុទ្ធ ឃឹម បូរី ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៣គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍​វគ្គ​ជម្រុះ AFF Suzuki Cup ។ 

ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង ​Lee Tae Hoon ដដែល ឃឹម បូរី បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៣គ្រាប់​ផងដែរ​នា​ជ័យជម្នះ ៤-២ លើ​ទី​ម័​រ​ខាងកើត​កាលពី​ឆ្នាំ២០១០ ។ នៅមុន​ ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ រស្មី​ ក៏​ជា​កីឡាករ​ដែល​កំពុង​នាំមុខគេ​ផង​ដែរ​លើ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដោយ​សម្រេចបាន៤គ្រាប់​ពីការ​​ប្រកួតចំនួន​ពីរ​លើក​។

សម្រាប់​ជំនួប​ជាមួយមីយ៉ាន់ម៉ា​នៅ​រសៀលថ្ងៃ​សៅរ៍ ទី ១៨ ខែតុលា នា​វេលាម៉ោង​៣ និង​៣០​នាទី កម្ពុជា​ត្រូវ​ការ​ជ័យ​ជម្នះ​ជាដាច់​ខាត​ដើម្បី​ចាប់​ឱកាស​ឈាន​ទៅ​កាន់​វគ្គ​បន្តដែល​ក្រុម​ចំនួន​៦ទៀតនៅ​រង់ចាំ​រួច​ជាស្រេច។ វា​ជាភ្នំ​មួយ​ដែល​ពិបាក​ឡើង​សម្រាប់​ក្រុម​កម្ពុជា បើ​ផ្អែក​តាម​លទ្ធផល​នៃ​ជំនួប​៤លើ​កកន្លង​នៅ​ក្នុងព្រឹ​ត្តិការណ៍​ប្រចាំ​តំបន់​នេះ មីយ៉ាន់ម៉ា​តែង​តែ​ដណ្តើម​បាន​បីពិន្ទុជានិច្ចពីកម្ពុជា ដោយ​ជំនួប​ចុងក្រោ​យ​កាលពី​ឆ្នាំ​២០១២ ពួក​គេ​បានយក​ឈ្នះក្នុងលទ្ធផល ៣-០ ។

អ្វី​ដែល​កាន់តែពិបាក​ទ្វេរដងនោះ បច្ចុ​ប្បន្ន​មីយ៉ាន់ម៉ា​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំរបស់​គ្រូបង្វឹក​ជន​ជាតិសែប៊ី លោក Radojko Avramovic។ គ្រូបង្វឹក​វ័យ​៦៤​ឆ្នាំ​រូបនេះ បានឆ្លង​កាត់​អាជីពជាកីឡាករ​អស់​រយៈពេល​១៦​ឆ្នាំ​ក្នុង​តំណែងជាអ្នក​ចាំទី​នៅ​ក្លិប​មួយ​ចំនួន​នៃអតីត​ប្រទេសយូហ្គោ​ស្លាវី អង់គ្លេស និង​ស៊ែប៊ី។ លោក Avramovic ចាប់​ផ្តើម​អាជីព​ជាគ្រូបង្វឹក​តាំងពី​ឆ្នាំ​១៩៩៣ មក ដោយ​បាន​ដឹកនាំ​ក្រុម​ជម្រើសអាយុក្រោម​២៣​ឆ្នាំអូម៉ង់ ជម្រើស​ជាតិគូវែត និង​សង្ហបុរី នៅមុនទទួល​បាននូវ​​តែង​តាំងជាគ្រូបង្វឹក​មីយ៉ាន់ម៉ា ចាប់​តាំងពី​ខែកុម្ភៈ កន្លងមក។

ក្នុងរយៈពេល​៩​ឆ្នាំ​នៃការ​ដឹកនាំក្រុម​ជម្រើស​ជាតិសិង្ហបុរីកន្លងមក លោក Avramovic បាន​ឈ្នះពានរ​ង្វាន់​ជើងឯក​អាស៊ាន ឬ AFF Suzuki Cup នេះ​រហូត​ដល់​ទៅ​បីលើក និង​បានឈ្នះ​​មេដាយ​សំរិទ្ធ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​កាលពី​ឆ្នាំ​២០០៧ ។ កាដូ​ដំបូង​របស់​លោក Avramovic សម្រាប់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា គឺ​លោក​បាន​ជួយ​ឲ្យ​ក្រុម​មួយនេះ ឈ្នះពាន​មិត្តភាពមួយនៅ​ក្នុង​ប្រទេសហ្វីលីពីន «Philippine Peace Cup» ដែល​មាន​ក្រុម​ជម្រើស​ជាតិ​ចំនួន៧​បាន​ចូល​រួម​ប្រកួត​ប្រជែង។​

ទោះបី​ជាយ៉ាងណាក៏​ដោយ គ្រូបង្វឹក​កូរ៉េខាងត្បូង លោក​ Lee Tae Hoon មាន​ជំនឿ​ថា កីឡាករ​កម្ពុជា​របស់​លោកនឹង​រក្សា​ស្មារតីជា​​ក្រុម រួម​ទាំងឆន្ទះ​ដើម្បី​នាំជ័យ​ជម្នះ​ជូន​ជាតិដូច​អ្វីដែល​ពួក​​គេ​បាន​ធ្វើ​កន្លងមក​។ លោក​ទទួល​ស្គាល់ថា ក្រុម​កម្ពុជា​ទាំងមូល​មាន​បញ្ហា​បន្តិច​បន្តួចនៅ​តំបន់​ការពារ ប៉ុន្តែ​វា​ចំណុច​ដែល​ត្រូវ​ពង្រឹងនៅមុន​ជំនួប​នៅ​ថ្ងៃសៅរ៍នេះ​

ក្នុង​ចំណោម​ប្រទេស​ដែល​ចូល​ប្រកួត​ជម្រុះ​ចំនួន​៥ ប្រ៊ុយណេគឺ​ជាក្រុម​ដែល​បានហាលអាវមុន​គេ ក្រោយ​បរាជ័យ​៣ប្រកួត​ជាប់​ៗគ្នា។ ម្ចាស់​ផ្ទះ​ឡាវ​កំពុងនាំមុខគេ​លើ​តារាង​ដោយ​មាន​៦ពិន្ទុ មីយ៉ាន់ម៉ា​ស្ថិតនៅលេខ​២ដោយមាន​៤ពិន្ទុ ស្មើ​ទីម័រ​ខាងកើត​ដែលនៅ​សល់​តែមួយ​ប្រកួត​ទៀត​។ ជ័យ​ជម្នះ ៣-២ របស់​កម្ពុជាលើទីម័រខាងកើតនាំឲ្យ​កម្ពុជា​នៅ​មានឱកាស​ប្រជែងយក​កៅអី​ទៅ​កាន់​វគ្គ​បន្ត៕

កម្ម​វិធីប្រកួតនៅថ្ងៃសៅរ៍នេះនៅ New Laos National Stadium៖
-កម្ពុជា ជួប មីយ៉ាន់ម៉ា៖ ម៉ោង​៣និង​៣០​នាទី
- ឡាវ ជួប ទីម័រ​ខាងកើត៖ ម៉ោង​៦ និង​៣០នាទី

© រក្សាសិទ្ធិដោយ thmeythmey.com