ជាតិ
បទវិភាគ
តើ​ការដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​អាច​ដោះស្រាយ​បញ្ហាដីធ្លី​បាន​ឬទេ?
13, Dec 2014 , 2:45 pm        
រូបភាព
ដោយ:
ក្រសួងបរិស្ថាន​បានប្រកាស​ដកហូត​ដី​ពី​ក្រុមហ៊ុន​យ៉ាងហោចណាស់​ចំនួន​ជិត២០ដោយសារ​ការប៉ះពាល់​ដ​ល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អភិវឌ្ឍ​របស់ខ្លួន។  បញ្ហា​ដែល​បង្កក្តី​បារម្ភ​ជា​យូរ​មកហើយ​ដល់​សង្គម​ស៊ីវិល រហូតដល់​អ្នករាយការណ៍​ពិសេស​សហ​ប្រជា​តិ លោក សុរិយា ស៊ូ​ប៊ែ​ឌី ផង​នោះ ឥឡូវនេះ​ហាក់​មាន​ដំណោះស្រាយ​ជា​បណ្តើ​រហើយ។ តើ​ការដកហូត​ដី​សម្បទាន​ទាំងនោះ​អាចជា​ដំណោះស្រាយ​បញ្ហាដីធ្លី​ដែរឬទេ?



បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បញ្ហា​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងចំណោម​បញ្ហាធំៗដែល​កើតមានឡើង​យ៉ាង​ក្តៅគគុក។ មាន​ប្រជាពលរដ្ឋ​ច្រើនណាស់​ដែល​រងគ្រោះ​ព្រោះ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។ និយាយ​តាមបែប​ផ្សេង​គឺ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្លាចរអា​ការអភិវឌ្ឍ។

ជាទូទៅ ទីណា​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន ទីនោះ​ច្រើនតែ​ផ្ទុះ​បញ្ហា​ដោយសារតែ​វិវាទ​ដីធ្លី និង​ការបំពាន​សិទ្ធិ​ប្រជា​សហគមន៍។ បញ្ហាដីធ្លី​កើតឡើង​ដោយសារ តែ​ផ្ទៃដី​រាប់ម៉ឺន​ហិកតា​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​នោះ​តែង​ប៉ះពារ​ដល់​ដី​លំនៅដ្ឋាន ឬ​ដីស្រែ​ចម្ការ​របស់​អ្នកស្រុក។ ម្យ៉ាងទៀត នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ហើយ ម្ចាស់​ក្រុមហ៊ុន​តែង​បិទ​សិទ្ធិ​មិន​ឲ្យ​អ្នកស្រុក​ប្រកប​របរ​ចិញ្ចឹមជីវិត​ដូច​ពីមុន​បាន​ទៀតឡើយ ពោលគឺ​ការ​អាស្រ័យ​ផល​ពី​ព្រៃឈើ​ដូចជា ការរក​ជ័រ បោច​វ​ល្លិ៍ ឬ​អនុផល​ព្រៃឈើ​ផ្សេងទៀត ត្រូវបាន​ហាមឃាត់។

ងាក​ទៅ​មើល​ម្ចាស់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​វិញ ពួកគេ​ច្រើនតែ​ផ្តើម​សកម្មភាព​ដោយ​ការកាប់​ឈើ​លក់។ នៅ​កន្លែង​ខ្លះ ការកាប់​ឈើ​លក់បាន​ចំណូល​យ៉ាង​ស្រួល​និង​ក្រាស់ក្រែល​រួចស្រេច​ទៅហើយ​ដោយ​មិនចាំបាច់​អភិវឌ្ឍន៍​អ្វី​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជាមាន​ក្រុមហ៊ុន​មួយចំនួន គ្មាន​បានធ្វើ​អ្វី​ទាំងអស់​ក្រោយពី​កាប់​ឈើ​លក់​ពីព្រោះ​វា​គ្រប់ទឹក​បាត់ទៅហើយ។ នេះ​ជា​ចំណុច​គ្រោះថ្នាក់​មួយ​ដ៏​ធំ​ក្នុង​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច។ គ្រោះថ្នាក់​ដោយសារ ទី១ ប្រជាពលរដ្ឋ​អស់​ដី និង​បាត់បង់​ផលប្រយោជន៍ ទី២ ព្រៃឈើ​ត្រូវបាន​កាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ក្រោម​ស្លាក​អភិវឌ្ឍន៍ និង​ទី៣ លទ្ធផល​ដែល​ទទួលបាន​ពី​ការអភិវឌ្ឍ​មាន​តិចតួច​ខុសពី​ការរំពឹងទុក។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានទទួល​ស្គាល់​បញ្ហា​នេះ ហើយ​បានចេញ​បទបញ្ជា​ជាច្រើនលើក​ឲ្យ​រឹបអូស​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ណា​ដែល«ធ្វើ​នំ​ឥត​ម្យ៉ៅ» មកវិញ។ តាមរយៈ​បទបញ្ជា​នេះ មាន​ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​រដ្ឋ​ដកហូត​អាជ្ញាប័ណ្ណ​ជា​បណ្តើរ​រួចមកហើយ។ ក្រោយពេល​លោក សាយ សំ​អាល់ ឡើងកាន់តំណែង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន វិធានការ​រឹបអូស​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​កំពុង​បន្តធ្វើ​បន្ថែមទៀត។ វិធានការ​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​រឹតបន្តឹង​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ វា​មិនមែនជា​ទណ្ឌកម្ម​ទេ​សម្រាប់​ក្រុមហ៊ុន​ខ្លះ​ដែល«គ្រប់ទឹក»ដោយសារតែ​ការលក់​ឈើ​រួច​ទៅហើយនោះ។

ការគ្រប់គ្រង​មិនបាន​ល្អ​ទៅលើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវគេ​មើលឃើញ​ជាទូទៅ​ថា មាន​ប្រភព​ចេញពី​ការឃុបឃិត​របស់​ក្រសួង​ស្ថាប័ន​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។ មន្ត្រី«ពុករលួយ»មួយចំនួន​នោះបាន​ព្យាយាម​ជួយ​សម្រួល​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ជា​ថ្នូរ​នឹង​កម្រៃជើងសារ​យ៉ាង​សន្ធឹកសន្ធាប់។ តើ​គេ​អាច​ដោះស្រាយ​បញ្ហា​ម្តេច​បាន​បើ​មានការ​ឃុបឃិត​បែបនេះ? នៅពេលដែល​គ្មាន​ដំណោះស្រាយ បញ្ហា​ក៏បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ចេញពី​អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ​សហគមន៍​នេះឯង។

ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច រដ្ឋាភិបាល​គួរតែ​ផ្តើម​ពី​ការ​គាស់​រំលើង​បណ្តាញ​ឃុបឃិត​ក្នុង​រឿងនេះ​ឲ្យ​បាន​ពីព្រោះ បណ្តាញ​នោះ​ហើយ​ដែលជា​ប្រភព​នៃ​បញ្ហា​ពិបាក​ដោះស្រាយ។ ក្រៅពីនោះ រដ្ឋាភិបាល​ត្រូវ​សិក្សា​អំពី​ផលប៉ះពាល់​ឲ្យ​បានច្បាស់លាស់​ទៅលើ​មនុស្ស​និង​ទៅលើ​បរិស្ថាន​មុននឹង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពីព្រោះ​ក្រោមរូបភាព​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មួញ​ជាច្រើន​បាន​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​និង​បាន​ប្រមូលប្រាក់​ពី​ធនធានធម្មជាតិ​ក្នុង​ដែនដី​របស់ខ្លួន​យ៉ាង​ក្រាស់ក្រែល។

អ្វីដែល​គួរ​ឲ្យ​កត់​ស​ម្គ​ល់​ម្យ៉ាងទៀត​គឺ នៅ​កម្ពុជា​រដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់ម៉ឺន​ហិកតា​ដល់​ក្រុមហ៊ុននីមួយៗ ខណៈដែល​ពលរដ្ឋ​ជាច្រើន​ខ្វះ​ដី​សម្រាប់​ស្នាក់នៅ​និង​បង្កបង្កើនផល។ ដូច្នេះ ទន្ទឹមនឹង​ការដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន ដី​ទាំងនោះ មួយចំនួន​គួរតែ​ក្លាយជា​ដី​សម្បទាន​សង្គមកិច្ច​ស​ម្រា​ប់​ផ្តល់ជូន​ពលរដ្ឋ​ដែល​ខ្វះ​ដីធ្លី។ ប្រសិនបើ​អាច​ធ្វើដូច្នេះបាន និង​ប្រសិនបើ​គ្មាន​គម្រោង​អភិវឌ្ឍ​ថ្មី​ណា​បំពាន​លើដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ទៀត​ទេនោះ បញ្ហាដីធ្លី​ទំនងជា​អាចឈាន​ដល់ទី​បញ្ចប់​បាន៕



© រក្សាសិទ្ធិដោយ thmeythmey.com