ជាតិ
បទវិភាគ
គំនិត​បក្សពួក និង​គ្រួសារនិយម​មិនអាក្រក់​ពេក​ទេ តែ​បុណ្យ​ត្រូវ​ឡើង​តាម​សមត្ថភាព!
13, Oct 2015 , 9:30 am        
រូបភាព
ភ្នំពេញ៖ នៅក្នុង​សង្គម​ខ្លះ គំនិត​បក្សពួកនិយម និង​គ្រួសារនិយម​ត្រូវបាន​រឹតត្បិត​ដោយ​ច្បាប់ និង​សតិសម្បជញ្ញៈ។ ប៉ុន្តែ​នៅក្នុង​សង្គម​ខ្លះទៀត គំនិត​បក្សពួកនិយម និង​គ្រួសារនិយម មាន​វត្តមាន​គ្រប់​ទីកន្លែង។ តើ​អ្វីខ្លះ​ជា​គ្រោះថ្នាក់​នៃ​គំនិត​បក្សពួក និង​គ្រួសារនិយម?


លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាប់បាន​អត្ថាធិប្បាយ​ថា គំនិត​បក្សពួកនិយម និង​គ្រួសារនិយម​កើតឡើង​យ៉ាង​ពេញទំហឹង​នៅក្នុង​សង្គម​ខ្មែរ ពោលគឺ​មាន​ទាំង​នៅក្នុង​ស្ថាប័នរដ្ឋ ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល និង​នៅក្នុង​គណបក្សនយោបាយ​នីមួយ។ លោក​បានបញ្ជាក់​បន្ថែម​ថា៖«នៅតាម​ក្រសួង​ខ្លះ រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​មួយចំនួន ចែក​កូតា​គ្នា​ដាក់​សាច់ញាតិ​បងប្អូន ប្រពន្ធ​កូន កូនប្រសា។ល។ នៅតាម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ​ក៏​ដូចគ្នា​ដែរ»។

បើ​យោងតាម​លោក កែម ឡី ការបង្កើត​បក្សពួក និង​គ្រួសារនិយម​នៅក្នុង​ស្ថាប័ន​មួយ ប៉ះពាល់​ដល់​សង្គម​ច្រើនណាស់ ក្នុងនោះ​មាន ទី១ ធ្វើអោយ​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​ពិបាក​ទទួលបាន​តំណែង​ធំដុំ​ក្នុង​ស្ថាប័ន។ ទី២ គណបក្សនយោបាយ​បាត់បង់​ប្រជាប្រិយភាព​ដោយសារ​រូបភាព​បក្សពួកនិយម។ ទី៣ ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័ន និង​ទី៤ បង្កើត​វប្បធម៌​និ​ទណ្ឌ​ភាព​ក្នុង​ស្ថាប័ន ពីព្រោះ បក្សពួក ពិបាក​ដាក់​ទោសទណ្ឌ​បក្សពួក​គ្នាឯង។ លោក កែម ឡី បាន​បន្តទៀតថា ក្នុងសម័យ​កុំ​ម្មុយ​នី​ស​ជំនាន់​ឆ្នាំ៨០ បុគ្គលនីមួយៗមិនសូវមាន​គំនិត​ប​ក្ស​ពួក និង​គ្រួសារនិយម​ទេ។ តែ​ក្រោយមក នៅពេលដែល​ច្បាប់​ធូររលុង​ខ្លាំងពេក គំនិត​បក្សពួកនិយម និង​គ្រួសារនិយម​កើតឡើង​វិញ។

តើ​គេ​អាច​គេច​ចេញពី​គំនិត​បក្សពួក ឬ​គ្រួសារនិយម​បាន​ឬទេ?

វា​ជាការ​លំបាក​ណាស់​ក្នុងនាម​ជាម​នុស្ស ពីព្រោះ គំនិត​បក្សពួក និង​គ្រួសារនិយម​វា​បាន​កើតឡើង​ភ្លាម​ក្រោយ​ពេលដែល​មនុស្ស​ចាប់កំណើត។ ប្រសិនបើ​គេ​មើល​មួយ​ភ្លែត គំនិត​បក្សពួក ឬ​គ្រួសារនិយម គឺ​អាក្រក់​ណាស់ ពីព្រោះ វា​ជាការ​តែង​តាំងតែ​គ្នាឯង គ្រួសារ​ឯង​នៅក្នុង​ស្ថាប័ន​មួយ។ តែ​ពេលខ្លះ គេ​មិនអាច​បិទ​សិទ្ធិ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​មិនអោយ​ទទួលបាន​តំណែង​ក្នុង​ស្ថាប័ន​ជាមួយគ្នា​ណាស់ ប្រសិនបើ​សាច់ញាតិ​បងប្អូន​នោះ មាន​សមត្ថភាព និង​អាចបំពេញ​កាតព្វកិច្ច​កា​រងារ​បានល្អ។

អ្នកវិភាគ​ផ្សេងទៀត បាន​អត្ថាធិប្បាយ​ថា គេ​មិនគួរ​ហាមឃាត់​គ្រួសារ ឬ​បក្សពួក​ខ្លាំងពេក​ទេ ប្រសិនបើ​គ្រួសារ ឬ​បក្សពួក​នោះ ទទួលបាន​បុណ្យស័ក្តិ​ដោយ​ស្របច្បាប់ និង​ស្មោះត្រង់ មានន័យថា ចូលធ្វើការ​មុនដំបូង ជា​បុគ្គលិក​ធម្មតា ហើយ​ក្រោយមក ដោយសារ​ចំណេះដឹង​ខ្ពស់ និង​ការព្យាយាម​ការងារ​ល្អ គេ​ក៏​អាច​បាន​ក្លាយទៅជា​មន្ត្រីជាន់ខ្ពស់​ដែរ។ និយាយ​អោយ​ខ្លី មានន័យថា កុំ​ឡើងបុណ្យស័ក្តិ​តាម«ជើងខោ»។

ផ្ទុយទៅវិញ ប្រសិនបើ​បុណ្យស័ក្តិ​ឡើង​តាម«ខ្នង» ហើយ«លោត​ផ្លោះ»ពី​តំណែង​តូច​ឡើងកាន់តំណែង​ធំ​ភ្លាម​តែម្តង ពេលនោះ គំនិត​បក្សពួក និង​គ្រួសារនិយម​វា​អាច​នឹង​បំផ្លាញ​ផលិតភាព និង​សុខដុម​រម​នីយកម្ម​ក្នុង​ស្ថាប័ន​នោះ​ជាក់​ជាពុំខាន៕


© រក្សាសិទ្ធិដោយ thmeythmey.com