កីឡាជាតិ
ជាតិ
ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​ឡើង​ចំណា​ត់ថ្នាក់ FIFA ពី​លេខ​១៩៩ មក​លេខ​១៨៥
23, Oct 2014 , 4:26 pm        
រូបភាព
ដោយ: រួបរួម
ក្រុម​កីឡា​បា​ល់ទាត់​ជម្រើស​ជាតិក​ម្ពុជា ក្រោមកា​រដឹកនាំ​របស់​លោក Lee Tae Hoon បាន​រំកិល​ចំណាត់​ថ្នាក់ FIFA Ranking ពី​លេខ​១៩៩ មក​លេខ​១៨៥​វិញ ក្នុង​ក្របខ័ណ្ឌពិភពលោក និងរំកិល​ពី​លេខ​៤៥ មក​លេខ​៤២វិញ​ក្នុងក្របខ័ណ្ឌ​ទ្វីបអាស៊ី។ នេះ​បើ​យោ​ង​តាម​ការ​ចេញផ្សាយ​លទ្ធ​ផល​ចំណាត់​ថ្នាក់​ក្រុម​ជម្រើស​ជាតិ​របស់​សហព័ន្ធកីឡា​បាល់ទាត់ពិភពលោកនាថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤ ។



បើគិត​ចាប់​តាំងពី​ថ្ងៃទី​២០ ខែកញ្ញា ដល់​ថ្ងៃទី​២០ ខែតុលា កម្ពុជា​មាន​ការ​ប្រកួត​ជាអន្តរជាតិ​សរុប​ចំនួន​៧​លើក​ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធកីឡា​បាល់ទាត់ពិភពលោក ក្នុងនោះមាន​ឈ្នះ​បី​លើក និង​ចាញ់​បីលើក។

សម្រាប់​ការ​ប្រកួត​មិត្ត​ភាព កម្ពុជា​បានចាញ់​ម៉ាឡេស៊ី ៤-១ ចាញ់​ឥណ្ឌូនេស៊ី ១-០ និង​ឈ្នះ​ចិន-តៃប៉ិ ២-០ ។ សម្រាប់​ការប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤ ក្រុម​របស់គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បាន​ចាញ់​ម្ចាស់​ផ្ទះ​ឡាវ ៣-២ ចាញ់​មីយ៉ាន់ម៉ា ១-០ ប៉ុន្តែ​ឈ្នះ ទីម័រ​ខាងកើត ៣-២ និង​ឈ្នះប្រ៊ុយណេ ១-០ ។

ចំណាត់​ថ្នាក់​លេខ​១៨៥នេះ បាននាំ​ឲ្យ​កម្ពុជាមានពិន្ទុ​លើស​ក្រុមជម្រើស​ជាតិ​ចំនួន​២៣​នៅទូទាំងពិភពលោកដែ​លមា​នសរុប២០៨ និង​នាំមុខ​ក្រុម​ជម្រើស​ជាតិចំនួន​៤នៅ​ក្នុងទ្វីបអាស៊ី ដែល​ក្នុងនោះមាន ចិន-តៃប៉ិ ម៉ុ​ងហ្គោលី ប្រ៊ុយណេ និង​ប៊ូតង់។

អាល្លឺម៉ង់​ អាហ្ស​ង់ទីន និងកូឡុំប៊ី រក្សា​នាំមុន​គេ​លើកំពូលតារាង ខណៈ​បែលហ្ស៊ិក​ឡើង​លេខ​៤ ដោយ​ផ្លាស់​តំណែងលេខ​៥ជាមួយ​ហូឡង់។  ប្រេស៊ីល​រក្សា​ចំណាត់​ថ្នាក់​លេខ​៦ បារាំងឡើង​លេខ​៧  អេស្ប៉ាញ​ធ្លាក់ទៅ​លេខ​១០ អ៊ីតាលីឡើង​លេខ​១១ ខណៈអង់គ្លេសធ្លាក់ទៅ​លេខ​២០ ។

នៅ​ក្នុងទ្វីបអាស៊ី ក្រោម​សហព័ន្ធកីឡា​បាល់​ទាត់ទ្វី​បអាស៊ី (AFC) គេ​មិនសូវឃើញមាន​ការប្រែប្រួល​ឡើង ដោយអ៊ីរ៉ង់ ជប៉ុន អ៊ូបេគីស្ថាន កូរ៉េខាងត្បូង និងហ្ស៊ក​ដង់ ជាដើម រក្សា​ឈរនៅ​លើកំពូលតារាង រីឯ​ហ្វីលីពីននៅ​តែមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ប្រចាំ​តំបន់អា​ស៊ាន៕



© រក្សាសិទ្ធិដោយ thmeythmey.com