កីឡាជាតិ
ជាតិ
វ៉ូ​វី​ណា​ម​កម្ពុជា​ឈ្នះ​មេដាយមាស៣ ប្រាក់៣ និង​សំរឹទ្ធ៩ ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍
24, Oct 2014 , 10:51 pm        
រូបភាព
ដោយ: រួបរួម
ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជម្រើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​បី (3rd Southeast Asian Vovinam Championship) នៅក្នុង​ទីក្រុង​ណៃ​ពី​ដរ ប្រទេស​មី​យ៉ាម៉ា ដែល​ដំណើរការ​ចាប់ពី​ថ្ងៃទី១៩ ខែតុលា កន្លងមក​នោះ បានបញ្ចប់​ហើយ​នៅ​ថ្ងៃ​សុក្រ ដោយ​កីឡាករ-កីឡាការិនី វ៉ូ​វី​ណា​ម​កម្ពុជា ដណ្តើមបាន​មេដាយមាស៣ ប្រាក់៣ និង​សំរិទ្ធ៩។ នេះ​បើតាម​ការជូនដំណឹងរ​បស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ប៉ុន្តែ​មិនមាន​ការ​ផ្តល់ព័ត៌មាន​លម្អិត​ណាមួយ​ឡើយ។



ព្រឹត្តិការណ៍ វ៉ូ​វី​ណា​ម​ប្រចាំ​តំបន់​នេះ មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​នៃ​បណ្តា​ប្រទេស​ចំនួន៧ ដែល​ក្នុងនោះ​រួមមាន ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា កម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ថៃ។ កម្ពុជា​បាន​បញ្ចូល​អត្ត​ព​លិ​ក​ចំនួន១៦ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

បើ​គេហទំព័រ​ព័ត៌មាន​កីឡា​របស់​វៀតណាម កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​លេខ​បី ចំពោះ​ការ​ទទួល​បាន​មេដាយ​មាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​៩ ។ វៀតណាម​ស្ថិតក្នុងចំណាត់​ថ្នាក់​លេខ​១ ដោយ​ឈ្នះមេដាយមាស៩ ប្រាក់​១៣ និង​សំរិទ្ធ២ ខណៈ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ស្ថិតនៅ​លេខ២ ដោយ​ឈ្នះមេដាយមាស​៧ ប្រាក់​៤ និង​សំរឹទ្ធ​៩។

នា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជម្រើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី២កាលពី ឆ្នាំ២០១៣ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បានឈ្នះ​មេដាយមាស៤ ប្រាក់២ និង​សំរិទ្ធ ៩ និង​មាន​ចំណាត់ថ្នាក់​លេខ២ ខណៈ​វៀតណាម​ស្ថិតនៅ​លេខ២ ដោយ​បានឈ្នះ​មេដាយមាស១១ និង​ប្រាក់១១ ។ ឥណ្ឌូនេស៊ី​ស្ថិតនៅ​លេខ៣ តាមរយៈ​ការទទួលបាន​មេដាយមាស៣ ប្រាក់៣ និង​សំរិទ្ធ៩ ៕

រូបថត៖ សហព័ន្ធកីឡា​វ៉ូវីណាមមីយ៉ាន់ម៉ា





© រក្សាសិទ្ធិដោយ thmeythmey.com