កីឡាជាតិ
លោក Sam ​S​c​h​w​e​i​n​g​r​u​b​e​r​ប​ន្ត​​​កិ​ច្ច​ស​ន្យា​២​ឆ្នាំ​​​ប​ន្ថែ​ម​ទៀត​​​ជា​មួ​យ​​ភ្នំ​ពេ​ញ​​ក្រោ​​​ន​
28, Oct 2014 , 3:02 pm        
រូបភាព
ដោយ: រួបរួម
ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន បានប្រកាស​នៅ​ថ្ងៃ​អង្គារ ទី២៨ ខែតុលា ឆ្នាំ២០១៤ នេះ ថា ពួកគេ​សម្រេច​បន្ត​កិច្ចសន្យា​រយៈពេល២ឆ្នាំ​បន្ថែមទៀត​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​ស លោក Sam Schweingruber ដែល​បាន​ដឹកនាំ​ក្លិប​ទទួលបាន​តំណែង​ជើងឯក​កាលពី​រដូវ​កាល​មុន។



លោក Sam Schweingruberដែល​បាន​ចូល​ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន ចាប់តាំងពី​ខែតុលា ឆ្នាំ២០១២ មក បាន​និយាយ​ពី​អារម្មណ៍​របស់ខ្លួន​ថា៖ «នៅពេលដែល​ខ្ញុំ​បានមក​ដល់ទី​នេះ ក្លិប​ស្ថិតក្នុង​ពេលវេលា​ដ៏​ពិបាក ហើយ​មាន​ការងារ​ដ៏​មមាញឹក​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ដ៏​ត្រឹមត្រូវ​មួយ។ យើង​បន្ត​វិ​វត្ត​ទៅមុខ ហើយ​ទទួលបាន​តំណែង​កាលពី​រដូវ​កាល​មុន»។

គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​សរូប​នេះ បាន​បន្ថែមថា៖ «ជាមួយនឹង​ការដឹកនាំ និង​ការគាំទ្រ​របស់លោក រិទ្ធី សំណាង ដែលជា​ប្រធាន​ក្លិប ការងារ​ខ្លាំងក្លា​របស់​បុគ្គលិក និង​កីឡាករ​ទាំងអស់ ធ្វើ​ឲ្យ​ខ្ញុំ​មានជំនឿថា ក្លិប​ភ្នំពេញ​ក្រោ​ន មាន​អនាគត​ដ៏​ប្រសើរ​នៅ​ចំពោះមុខ។ ខ្ញុំ​រីករាយ​ណាស់​ដែល​បានសម្រេច​បន្ត​ដឹកនាំ​ក្លិប​ដើម្បី​ឈានទៅរក​ជ័យជម្នះ​បន្ថែមទៀត»។

សមាជិក​គ្រូបង្វឹក៖

ស្របពេល​ជាមួយគ្នានេះ ផងដែរ តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​មិញ ក្លិប​ភ្នំពេញ​ក្រោ​ន បានបង្ហាញ​មុខ លោក Jonny Carter ដែល​ត្រូវបំពេញ​តួនាទី​ជា​ជំនួយការ​របស់លោក Sam។ បុរស​សញ្ជាតិ​វេ​លស៍ វ័យ៣៩ឆ្នាំ ដែលមាន​ដើមកំណើត​នៅ​ទីក្រុង Cardiff រូបនេះ  មានបទពិសោធន៍​លើ​ការដឹកនាំ​បង្វឹក​អស់​រយៈពេល​ជាង១៥ឆ្នាំ នៅក្នុង​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ហុងកុង។

លោក Tom Legg ជនជាតិ​អង់គ្លេស បាន​ក្លាយជា​នាយក​បច្ចេក​ទេស​ថ្មី​នៃ​កម្មវិធី​ថ្នាល​របស់​ក្លិប។ លោក Tom វ័យ២៧ឆ្នាំ មានបទពិសោធន៍​បង្វឹក​នៅ​សហរដ្ឋអាមេរិក ឥណ្ឌា និង​ចក្រភព​អង់​គ្លេ ហើយ​បាន​នាំ​កម្មវិធី​បង្វឹក​មួយចំនួន​នៅ​កេ​ន​យ៉ា និង​សេ​រ៉ា​ឡេ​អូន ផងដែរ។

កីឡាករ​ចំណូល​ថ្មី៖

ក្លិប​ភ្នំពេញ​ក្រោ​ន​ក៏​បង្ហាញ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី​បី​រូប​ផងដែរ ក្នុងនោះ​មាន​ខ្សែបម្រើ​ហូ​ឡង់ KoenBosmaខ្សែបម្រើ​ខ្មែរ-បារាំង វ៉ា សុខ​ថន និង​អតីត​ខ្សែបម្រើ​ក្លិប​អាស៊ី​អឺរ៉ុប សារី ម៉ាត់​រូ​ទីន។ កីឡាករ​ទាំងបី មាន​កិច្ចសន្យា​រយៈពេល១ឆ្នាំ​ជាមួយ​ក្លិប៕




© រក្សាសិទ្ធិដោយ thmeythmey.com