កីឡាជាតិ
ជាតិ
លោក ថោង ខុន៖ ​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​នៅ​អង្គរវត្ត​​នឹង​រៀបចំ​ឲ្យ​ធំជាង​រាល់​លើក​
30, Oct 2014 , 3:06 pm        
រូបភាព
ដោយ:
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី ៣០ តុលា នេះ​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថា ទិវា​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ នឹង​រៀបចំ​ឱ្យ​ធំ​ជាង​លើក​មុន នៅ​ឆ្នាំ ២០១៥ ខាង​មុខ។



ការ​រៀបចំ​ឱ្យ​ធំ​ជា​លើក​មុនៗ នេះ​ត្រូវ​បាន​លោក​បក​ស្រាយ​ថា គឺ​ដើម្បី​អបអរ​សាទរ​ខួប​ទី ២០ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​កីឡា​ជា​លក្ខណៈ​ទេសចរណ៍​មួយ​នេះ។ លោក​ថា​កាល​ពី​ឆ្នាំ ១៩៩៦ រាជរដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ​ក្រសួងទេសចរណ៍ រួម​ដៃ​គ្នា​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​តែ ៤០០ នាក់​ប៉ុណ្ណោះ។

ចំណែក​ឯ​ការ​រៀបចំ​នៅ​ឆ្នាំ​នេះ​មាន​​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៧ ធ្នូ ឆ្នាំ ២០១៤ ខាង​មុខ ស្រប​ពេល​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​ជា​បណ្ដោះអាសន្ន​មាន​ចំនួន​ជាង ៥ ០០០ នាក់ ក្នុង​នោះ​ជន​បរទេស​ប្រមាណ​ជាង ៤ ០០០ នាក់​មក​ពី​៥២ ប្រទេស។

លោក ហាស់ ផល្លារ តំណាង​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ចូលរួម​នឹង​កើន​ឡើង​ជា​ឆ្នាំ​មុន ព្រោះ​ឆ្នាំ​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​ខាង​ក្រៅ​ប្រទេស​បាន​ច្រើន ហើយ​ចំពេល​ជិត​បុណ្យ​ចូល​ឆ្នាំ​សាកល​ផង។

ការ​​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចូលរួម​នឹង​បញ្ចប់​នៅ​​ថ្ងៃ​ទី ១៥ វិច្ឆិកា សម្រាប់​ជន​បរទេស​ដែល​ចុះ​ឈ្មោះ​តាម​អនឡាញ។ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​ ៣ ប្រភេទ​វិញ្ញាសា​​រួម​មាន ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ (ពាក់​កណ្ដាល​ម៉ារ៉ាតុន)។

ជន​បរទេស​ត្រូវ​បង់ ៥៥ ដុល្លារ​ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​វិញ្ញាសា ២១ គីឡូម៉ែត្រ ចំណែក​ជនជាតិ​ខ្មែរ​បង់​តែ​ ១៥ ដុល្លារ​នោះ​ទេ។ សម្រាប់​វិញ្ញាសា ១០ គីឡូម៉ែត្រ ជន​បរទេស​ត្រូវ​ ៥០ ដុល្លារ ចំណែក​ខ្មែរ​តែ ១២ ដុល្លារ និង វិញ្ញាសា ៣ គីឡូម៉ែត្រ បរទេស​បង់ ៣០ ដុល្លារ ហើយ​ខ្មែរ​បង់ ៥ ដុល្លារ។ ចំពោះ​ប្រិយមិត្ត​ចង់​ចុះ​ឈ្មោះ​ចូលរួម​សូម​ចូល​ទៅ​កាន់​គេហទំព័រ www.angkormarathon.org ឬ លេខ​ទូរស័ព្ទ ០១៦ ៣៥៥ ០០៥ សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ និង​លេខ​មួយ​ខ្សែ​ទៀត ០៩៨ ៥៧៣ ១៣៦ ចំពោះ​អ្នក​នៅ​ខេត្ត​សៀមរាប៕




© រក្សាសិទ្ធិដោយ thmeythmey.com