កីឡាជាតិ
ជាតិ
លោក​ Yoshioka Daisuke គ្រូ​បង្វឹក​ក្លិប​ត្រាយអាស៊ី លា​ឈប់​ពី​តំណែង
24, Nov 2014 , 1:15 pm        
រូបភាព
ដោយ:
បុរស​ជនជាតិ​ជប៉ុន​ដែល​ជា​គ្រូ​បង្វឹក និង ជា​អ្នក​ចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​ត្រាយអាស៊ី​ភ្នំពេញ (TriAsia Phnom Penh FC) ដែល​ជា​សមាជិក​នៅ​ក្នុង​លីក​បាល់ទាត់​កម្ពុជា​ គឺ​លោក Yoshioka Daisuke បាន​លារ​ឈប់​ពី​តំណែង ដោយ​ហេតុ​ផល​​បញ្ហា​សុខភាព។ នេះ​បើ​យោង​លើ​​សេចក្ដី​ជូន​ដំណឹង​របស់​ក្លិប​តាម​រយៈ​ទំព័រ ហ្វេសប៊ុក កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។



ស្រប​ពេល​នឹង​ការ​ចាកចេញ​របស់​គ្រូ​បង្វឹក​ស្ថាបនិ​​ក្រុម​​រូប​នេះ ក្លិប​នៅ​មិន​ទាន់​បង្ហាញ​មុខ​គ្រូ​បង្វឹក​ថ្មី​នៅ​ឡើយ​នោះ​ទេ ដោយ​បញ្ជាក់​ថា​នឹង​ជូន​ដំណឹង​ពេល​ក្រោយ។ ដំណាល​គ្នា​នេះ​ក្លិប​ក៏​​ថ្លែង​អំណរគុណ និង ជូន​ពរ​ឱ្យ​លោក Daisuke ឆាប់​មាន​សុខភាព​ប្រសើរ​ឡើង​វិញ។

លោក Yoshioka Daisuke គឺ​ជា​បុគ្គល​សំខាន់​មួយ​រូប​ដែល​ជម្រុញ​​បង្កើត​ឱ្យ​មាន​ក្លិប​នេះ​ឡើង ក្នុង​ចុង​ឆ្នាំ ២០១២។ កាល​ពី​ពាក់​កណ្ដាល​​ឆ្នាំ ២០១៣ លោក​បាន​ជួយ​ឱ្យ​ក្រុម​ដណ្ដើម​កៅអី​ឡើង​ចូល​លេង​លីក​កំពូល​កម្ពុជា​ រដូវកាល ២០១៤ បាន​សម្រេច។ បញ្ចប់​រដូវកាល ត្រាយអាស៊ី ប្រកួត​បាន ២២ លើក ឈ្នះ ១០ ស្មើ ៤ និង ចាញ់ ៨ មាន ៣៤ ពិន្ទុ​ក្នុង​ដៃ ឈរ​លេខ​រៀង​ទី ៥ ក្នុង​ចំណោម​ក្លិប​ចំនួន ១២។

នៅ​ក្នុង​យុគ្គសម័យ​ខ្លួន ប្រមាណ​ជា ២ ឆ្នាំ លោក Daisuke បាន​ទាក់ទង​ចង​សម្ព័ន្ធនិមិត្ត​ជាមួយ​ក្លិប​បាល់ទាត់​ក្នុង​លីក​កំពូល​​របស់​ប្រទេស​ជប៉ុន (J-League) Yokohama F. Marinos បាន​សម្រេច​កាល​ពី​ដើម​ឆ្នាំ ២០១៤។

តាម​ពិត​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ​មក​ប្រទេស​កម្ពុជា​តាំង​ពី​អំឡុង​ឆ្នាំ ២០១០ មក​ម៉្លេះ​ដោយ​ជា​បន្តបន្ទាប់​លោក​បាន​ចូល​ខ្លួន​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ​របស់​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​តាម​ពូល​នៃ​​ពាន​រង្វាន់​ AFC U16 Championship ថែម​ទាំង​បណ្ដុះ​កីឡាករ​ក្មេងៗមួយចំនួន​ទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com