ជាតិ
បទវិភាគ
កំណែទម្រង់របស់រដ្ឋាភិបាលនៃគណបក្សប្រជាជនចាប់ផ្តើមចេញលទ្ធផល!
× ភ្នំពេញ៖ បើគិតសរុបតាំងពីក្រោយឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានកាន់កាប់អំណាចប្រមាណជា៣៥ឆ្នាំហើយ។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ អ្នកខ្លះផ្តល់គុណសម្បត្តិមិនអាចកាត់ថ្លៃបានជូនគណបក្សប្រជាជនកម្ពុជាដែលបានសង្គ្រោះពលរដ្ឋខ្មែរអោយរួចជីវិតចេញពីរបបប្រល័យពូជសាសន៍។ អ្នកខ្លះទៀត ផ្តល់គុណសម្បត្តិតិចតួចបំផុតដល់គណបក្សប្រជាជនកម្ពុជា ដោយចោទប្រកាន់គណបក្សនេះថា មិនបានធ្វើកំណែងទម្រង់អ្វីទាល់តែសោះ ហើយពេលខ្លះ គណបក្សនេះ គិតតែពីពង្រឹងអំណាចបក្សពួក និងបំផ្លាញធនធនធម្មជាតិទៅវិញ។ បើផ្អែកលើការពិត តើគណបក្សប្រជាជនកម្ពុជាសម្រេចធ្វើកំណែទម្រង់ហើយឬនៅ? ហើយថា តើកំណែទម្រង់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានលទ្ធផលខ្លះហើយឬនៅ?
ដោយមិនអត្ថាធិប្បាយក្នុងអំឡុងឆ្នាំ១៩៧៩ និង១៩៩៣ ពីព្រោះវាជាពេលវេលាដែលកម្ពុជាស្ថិតក្នុងស្ថានការណ៍សន្តិភាពផង និងសង្គ្រាមផង ហើយក៏មិននិយាយផងដែរក្នុងអំឡុងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ពីព្រោះពេលនោះ វាគឺជាពេលវេលាដែលគណបក្សប្រជាជនកម្ពុជាជាប់រវល់ប្រជែងនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សលោក សម រង្ស៊ី គណបក្សលោកតា ស៊ឺន សាន និងជាប់រវល់បញ្ចប់រចនាសម្ព័ន្ធខ្មែរក្រហមចុងក្រោយនោះ អ្នកតាមដានស្ថានការណ៍នយោបាយនៅក្នុងប្រទេសតាំងពីច្រើនទសវត្សរ៍មកហើយបាន ចោទជាសំណួរថា តើពេលណាទៅទើបគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមធ្វើកំណែទម្រង់ពិតប្រាកដស៊ីជម្រៅដើម្បីជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន?
ពីឆ្នាំ១៩៩៨-២០០៣, ពី២០០៣ ដល់២០០៨, និង២០០៨ដល់២០១៣ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រកំណែទម្រង់ថ្មីៗសម្រាប់ជាតិ និងសម្រាប់ប្រជាពលរដ្ឋ។ ក្នុងតំណែងរបស់លោកជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែងតែសំណូមពរអោយមន្ត្រីថ្នាក់ក្រោមបង្គាប់ ធ្វើកិច្ចការគ្រប់យ៉ាងដើម្បីជាតិ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ វាជារឿងផ្សេងមួយទៀត។
បើទោះបីជាសកម្មភាពកំណែទម្រង់ពី១៩៩៨ ដល់ឆ្នាំ២០១៣ ហាក់បីដូចជាធ្វើដំណើរទៅមុខយឺតៗក៏ដោយក្តី ក៏ការតាំងចិត្ត និងសកម្មភាពកំណែទម្រង់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងធ្វើដំណើរលឿនទៅមុខគួរសមចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងមក។
ឆន្ទៈកំណែទម្រង់ចាប់ផ្តើមពិតប្រាកដក្រោយឆ្នាំ២០១៣កន្លងមកនេះ។ តែអ្នកមិនសប្បាយចិត្តនឹងគណបក្សប្រជាជនកម្ពុជានៅតែគិតថា គណបក្សកាន់អំណាចដ៏យូរលង់មួយនេះ គ្មានបានធ្វើកំណែទម្រង់អ្វីទាំងអស់។ ប៉ុន្តែ សម្រាប់មនុស្សដែលមានជំហរ«កណ្តាល»វិញ ក្រោយឆ្នាំ២០១៣ ពោលគឺក្រោយពេលដែលគណបក្សប្រជាជនកម្ពុជាធ្លាក់ចំនួនកៅអីពី៩០ មកនៅត្រឹមតែ៦៨កៅអី ពោលគឺគណបក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបាត់បងអាស្ននៈចំនួន២២ នៅក្នុងរដ្ឋសភាជាតិនោះ ល្បឿននៃកំណែទម្រង់បានធ្វើដំណើរទៅមុខគួរអោយកត់សម្គាល់។ និយាយបែបផ្សេង មានន័យថា គណបក្សប្រជាជនកម្ពុជាសម្រេចធ្វើកំណែទម្រង់ស៊ីជម្រៅ បន្ទាប់ពីគណបក្សកាន់អំណាចយូរមួយនេះ បរាជ័យជាចំនួនកៅអី កាលពីឆ្នាំ២០១៣កន្លងមក។ មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ធ្លាប់បានទទួលថា ប្រសិនបើគណបក្សមិនកែទម្រង់ គណបក្សនឹងស្លាប់ តែបើគណបក្សកែទម្រង់ គណបក្សនឹងបន្តរស់ទៅមុខទៀត។
តាមរយៈការទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន គណបក្សប្រជាជនកម្ពុជាដែលបន្តដឹកនាំរដ្ឋាភិបាល បានសម្រេចចិត្តកែទម្រង់ស៊ីជម្រៅសម្រាប់អាណត្តិទី៥នេះ។ កំណែទម្រង់ធំៗដែលរាស្ត្រខ្មែរមើលឃើញមុនគេ គឺគណបក្សប្រជាជនកម្ពុជាបានចាក់បញ្ចូលឈាមថ្មី(យុវជនបក្ស)ទៅក្នុងជួររដ្ឋាភិបាលចាស់ ដែលមន្ត្រីភាគច្រើនបានដឹកនាំប្រទេសតាំងពីក្រោយឆ្នាំ១៩៧៩មកម្ល៉េះ ។ នៅក្នុងជួររដ្ឋាភិបាលថ្មីអាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា គេសង្កេតឃើញមានរដ្ឋមន្ត្រីវ័យក្មេង និងវ័យកណ្តាលសម្រាប់ដឹកនាំក្រសួងមួយចំនួន ក្នុងនោះមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ល។ ក្រៅពីនោះ រដ្ឋមន្ត្រីមួយចំនួនធំស្ថិតក្នុងវ័យចំណាស់បន្តិចហើយ។ ដោយមិននិយាយពីធនធនមនុស្សក្នុងក្របខ័ណ្ឌតំណែងរដ្ឋមន្ត្រី គេក៏សង្កេតឃើញផងដែរ តំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា និងធនធានមនុស្សវ័យក្មេងមួយចំនួនផ្សេងទៀតត្រូវបានតែងតាំងនៅក្នុងតំណែងផ្សេងៗនៅក្នុងរដ្ឋបាលរបស់លោក ហ៊ុន សែន។
នៅក្នុងវិស័យអប់រំ កំណែទម្រង់ពេលប្រឡងបាក់ឌុបត្រូវបានមហាជនទូទាំងប្រទេសកម្ពុជាសាទរ និងគាំទ្រយ៉ាងពេញទំហឹង។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់បៀវត្សរ៍គ្រូបង្រៀន និងមន្ត្រីរាជការផ្សេងៗទៀតក៏ត្រូវបានរដ្ឋាភិបាលថ្មីសម្រួលដំឡើងអោយបានគួរសមផងដែរ។
នៅក្នុងសេវាសាធារណៈជាទូទៅវិញ មន្ត្រីរាជការថ្នាក់ក្រោមចាប់ផ្តើមបម្រើប្រជាពលរដ្ឋសកម្មជាងមុន ដោយទារកម្រៃជើងសារតិចជាងមុន បើទោះបីជាអំពើផ្តេសផ្តាសមួយចំនួននៅតែមានក្តី។ មន្ត្រីរាជការថ្នាក់ក្រោម ថ្នាក់កណ្តាល និងថា្នក់លើគោរពការងាររដ្ឋច្រើនជាងមុន។ មន្ត្រីចេះព្រួយបារម្ភពីការងាររដ្ឋ ពីព្រោះ ពួកគេខ្លាចទទួលទោសរដ្ឋបាលច្រើនជាងមុន។ មន្ត្រីរាជការខ្លះ ចាប់ផ្តើមចេះអៀនខ្មាសចំពោះមហាជន នៅពេលដែលពួកគេនៅបន្តមានវត្តមាននៅក្នុងហាងស្រស់ស្រូបអាហារពេលព្រឹក ក្នុងខណៈពេលដែលម៉ោងការងាររបស់រដ្ឋបានចាប់ផ្តើមហើយនោះ។ អំពើពុករលួយត្រូវបានកាត់បន្ថយខ្លះ និងលែងសូវសម្ញែងដូចមុន។
អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការដោយរលូន និងបានចាប់ខ្លួនជនពុករលួយមួយចំនួនចាប់តាំងពីការបង្កើតស្ថាប័ននេះនៅឆ្នាំ២០១០ កន្លងមក។
គណបក្សប្រឆាំងមានសិទ្ធិកោះហៅមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមកសាកសួរទៅតាមកាលវិភាគរបស់រដ្ឋសភាជាតិ។ រដ្ឋាភិបាលអនុញ្ញាតអោយបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានអោយចប់នៅមុនដំណាច់ឆ្នាំ២០១៨ ។ រដ្ឋាភិបាលបាន និងកំពុងបន្តតែងតាំងអ្នកនាំពាក្យតាមក្រសួងស្ថាប័នរដ្ឋអោយបានច្រើនជាងមុន។ លំហូរព័ត៌មានកាន់តែទំលំទូលាយជាងមុន។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលអនុញ្ញាតអោយមានវត្តមានទូរទស្សន៍កាន់កាប់ដោយបក្សប្រឆាំង។ លើសពីនេះទៅទៀត មេដឹកនាំគណបក្សប្រឆាំងត្រូវបានតែងតាំងអោយមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីក្នុងការចរចា ឬសន្ទនាពីកិច្ចការប្រទេសជាតិនានាជាមួយនាយករដ្ឋមន្ត្រីក្នុងតំណែង។
ចំពោះស្ថាប័នរៀបចំការបោះឆ្នោត តាមសំណើររបស់មហាជន សង្គមស៊ីវិល និងគណបក្សប្រឆាំង គណៈកម្មការជាតិរៀបចំការបោះឆ្នោតត្រូវបានធ្វើការកែទម្រង់ស៊ីជម្រៅដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។
ងាកមកនិយាយពីបញ្ហាសង្គមសេដ្ឋកិច្ចវិញ គេសង្កេតឃើញថា រដ្ឋាភិបាលបានសម្រេចបង្ខំអោយក្រុមហ៊ុនប្រេងបញ្ចុះតម្លៃប្រេងសាំង។ រដ្ឋាភិបាលព្យាយាមដោះស្រាយវិវាទដីធ្លី និងជំរុញការដកហូតអាជ្ញាប័ណ្ណមួយចំនួនពីក្រុមហ៊ុនណាដែលមិនបានធ្វើសកម្មភាព។
សរុបសេចក្តីមកវិញ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ កំណែទម្រង់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងទទួលបានលទ្ធផលជាបណ្តើរៗរួចហើយ។ ប៉ុន្តែគ្រាន់ថា លទ្ធផលទាំងនោះ មិនទាន់អាចបំពេញចិត្តមនុស្សគ្រប់គ្នាបាននៅឡើយទេ។
អ្នកវិភាគមួយចំនួនបានអត្ថាធិប្បាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានឆន្ទៈច្បាស់លាស់ក្នុងការកែទម្រង់ស៊ីជម្រៅមែន។ ប៉ុន្តែលោកមិនទាន់វះកាត់អោយខ្លាំងពេកនោះទេ ពីព្រោះ ធនធានមនុស្សក្នុងរដ្ឋាភិបាលនៅមានកម្រិត ជារឿងម្យ៉ាង និងម្យ៉ាងទៀត លោកនាយករដ្ឋមន្ត្រីមាន«បំណង»ចង់អោយល្បឿនកំណែទម្រង់នេះធ្វើដំណើរទៅមុខដោយសន្សឹមៗប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទុកពេលអោយមន្ត្រីមិនល្អ ចេះកែខ្លួនឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com