ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី​ចក់ សុភាព សោកស្តាយ​ចំពោះ​ការចាកចេញ​របស់លោក អ៊ូ វីរៈ
08, Jan 2015 , 5:31 pm        
រូបភាព
នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHRអ្នកស្រី ចក់ សុភាព បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការលាលែង​ពី​តំណែង​របស់លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ល្ងាច​នេះ​អ្នកស្រី​ចក់ សុភាព អះអាងថា លោក អ៊ូ វីរៈ​គឺជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ មានបទពិសោធន៍​ច្រើន ដែល​បាន​ជួយ​ជ្រោមជ្រែង​កិច្ចការងារ​បាន​យ៉ាង​ល្អ​នៅក្នុង​មជ្ឈមណ្ឌល​CCHRកន្លងមកនេះ។



អ្នកស្រី​ពន្យល់​យ៉ាងនេះ​ថា៖«ខ្ញុំ​មានការ​សោកស្ដាយ​ចំពោះ​ការចាកចេញ​របស់លោក អ៊ូ វីរៈ​ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ព្រោះ​គាត់​មានបទពិសោធន៍​ច្រើន និង​មាន​សមត្ថភាព​ខ្ពស់។ ប៉ុន្ដែ​ការចាកចេញ​នេះ​គឺជា​ការសម្រេចចិត្ត​រប​ស់គា​ត់ ដូចនេះ​ខ្ញុំ​ក៏​មិនអាច​ហាមឃាត់​បានដែរ»។បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ចក់ សុភាព ការចាកចេញ​ពី​តំណែង​របស់លោក អ៊ូ វីរៈ គឺ​ដោយសារ​លោក​ត្រូវ​បញ្ចប់​អន្តរកាល​ការងារ​ពី​តួនាទី (កំណត់​រយៈ១ឆ្នាំ)។

អ្នកស្រី​នាយិការ​បន្ថែមថា៖«គាត់​បញ្ចប់​អន្តរកាល​តាម​គោលការណ៍​ការងារ​ពី​តួនាទី​ខ្លួន(ចុះ​កុងត្រា១ឆ្នាំ) ដោយ​គាត់​សូម​មិន​បន្តការងារ។ ណាមួយ​គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​កន្លែង​ស្រាវជ្រាវ​ផ្ទាល់ខ្លួន ដែលមាន​ការងារ​ច្រើន​ត្រូវធ្វើ ដូចនេះ​គាត់​ត្រូវបំពេញ​ការងារ​ខ្លួន​សិន។ ណាមួយ​គាត់​ថា ស្ថាប័ន​CCHRពេលនេះ​រឹងមាំ​ហើយ ។ តែ​យ៉ាងណា​គាត់​នៅតែ​ឆ្លៀត​ជួយ​ជ្រោមជ្រែង​ការងារ​នៅ​ទី​ខ្លះ​ដែរ បើ​គេ​ត្រូវការ»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៨មករា​ថា ពី​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ នៅក្នុង​ស្ថាប័ន​របស់​ខ្លូន ក្នុងនោះ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ពីររូប គឺ​លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​លោក កែម ឡី សមាជិក​ប្រឹក្សា ត្រូវបាន​បញ្ចប់​តួនាទី និង​បាន​លាឈប់ ដោយ​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៤មក​នោះ។ ជាមួយគ្នានេះ​លោកស្រី យុន ម៉ា​ណេ និង​លោកស្រី ប្រុក វ​ណ្ណី ត្រូវបាន​កាន់កាប់​តំណែង​ជា​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា ជំនួស​តំណែង​លោក​ទាំងពីរ៕


© រក្សាសិទ្ធិដោយ thmeythmey.com