ជាតិ
បទវិភាគ
សេដ្ឋកិច្ច
ហេតុអ្វី​បានជា​ពលរដ្ឋ​មិនសូវ​សប្បាយ​ចិត្តនឹង​ការបង់ពន្ធ?
10, Oct 2015 , 3:20 pm        
រូបភាព
ភ្នំពេញ៖ ថ្មីៗកន្លងមកនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធលើប្រាក់បៀវត្ស​ដែល​បាន​កែប្រែ​សម្រាប់​ឆ្នាំ២០១៥នេះ ។ ពន្ធ​លើ​ប្រាក់ខែ​មាន​កម្រិត​ក្នុង​ចន្លោះ​ពី៥ទៅ២០ ភាគរយ។ ក្រៅពី​ពន្ធ​លើ​ប្រាក់ខែ ពលរដ្ឋ​ត្រូវ​បង់ពន្ធ​យានជំនិះ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធដទៃៗទៀត។  ការប្រកាស​ដកព​ន្ធ ពី​ប្រជាពលរដ្ឋ គឺជា​គោលនយោបាយ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ពលរដ្ឋ​ដែល​ត្រូវបាន​រដ្ឋ​បង្ខំ​អោយ​បង់ពន្ធ​វិញ បាន​ចោទ​ជា​សំណួរ​ថា តើ​ពួកគេ​ទទួលបាន​ផល​អ្វី​មកវិញ ពី​ការបង់ពន្ធ​នោះ។ ពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​យកពន្ធផ្សេងៗនិង​ជាពិសេស ពន្ធ​លើ​ប្រាក់ខែ។



ស្តាប់សំឡេង


ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​បង់ពន្ធ​បន្តិច​ម្តង។ ជាក់ស្តែង ឥឡូវនេះ រដ្ឋាភិបាល បាន​ជំរុញ​បន្ថែមទៀត​អោយ​ប្រជាពលរដ្ឋ​បង់ពន្ធ​លើ​ប្រាក់ខែ។ អ្នក​ដែល ទទួលបាន​ប្រាក់ខែ​ក្នុង​ចន្លោះ​ពី២០០ដុល្លារ​ដល់​ជាង៣ពាន់​ដុល្លារ​អាមេរិក​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ក្នុង​ចន្លោះ​ពី៥ទៅ២០ភាគរយ។ តែ​អ្នក​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ក្រោម​ពី២០០ដុល្លារ​អាមេរិក មិន​តម្រូវអោយ​បង់ពន្ធ​ឡើយ។

ក្រៅពី​ការបង់ពន្ធ​លើ​ប្រាក់ខែ ប្រជាពលរដ្ឋ​ត្រូវ​បង់ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើ​យាន្ត​ជំនិះ ពន្ធលើប្រាក់ចំណេញ និង​ពន្ធដារផ្សេងៗទៀត។ ការបង់ពន្ធ គឺជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ជឿនលឿន ប៉ុន្តែ សម្រាប់​ប្រទេស​ក្រីក្រ​កម្ពុជា​វិញ ការបង់ពន្ធ​ហាក់បីដូចជា​រឿង​ថ្មី ហើយ​ពួកគេ​មិន​ចង់​ចូលរួម​បង់ពន្ធ​ទេ។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី?

កាលពី​ពេលមុន រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រាក់ចំណូល​បាន​ពី ពន្ធគយ​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ ប៉ុន្តែ​ដោយសារ​ពន្ធគយ​ត្រូវបាន ប្រទេស​ក្នុង​តំបន់​អាស៊ាន​ព្រមព្រៀងគ្នា​កាត់បន្ថយ​បន្តិចម្តងៗក្នុងចំណោម​សមាជិក​បស់​ខ្លួន​នោះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​សម្លឹងមើល​ប្រភព​ចំណូល​ផ្សេង ក្រៅពី​ប្រាក់ចំណូល​ពន្ធគយ។

ប្រាក់ចំណូល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​សម្លឹងមើល​សម្រាប់ បំពេញ​ថវិកាជាតិ​នាពេលខាងមុខ​នោះ គឺ​ប្រាក់ចំណូល​ពន្ធដារ។ ចំណូល​ពន្ធដារ​គឺជា​ប្រាក់ចំណូល​ដែល​រដ្ឋាភិបាល ប្រមែប្រមូល​ក្នុង ប្រទេស ដូចជា៖ពន្ធ​លើ​ប្រាក់ខែ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ពន្ធលើប្រាក់ចំណេញ​និង​ពន្ធ​លើ​សេវាកម្ម​មួយចំនួន​ផ្សេងទៀត។
 
អ្វីដែល​ជាការ​កត់សម្គាល់ គឺថា នៅ​គ្រា​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ដីធ្លី​ផ្ទះសម្បែង ពន្ធ​លើ​យាន្ត​ជំនិះ និង​ពន្ធ​លើ​ប្រាក់ខែ។ ប្រភេទ​ពន្ធ​ទាំងនេះ​មិន​ថ្មី​ទេ​សម្រាប់​ប្រទេស​ជឿនលឿន​គោរព​ច្បាប់​ប៉ុន្តែ សម្រាប់​ប្រទេស​ក្រីក្រ​កម្ពុជា ទើប​ងើប​ចេញពី​សង្គ្រាម ប្រភេទ​ពន្ធ​នេះ​ហាក់បីដូចជា​អំ​រែក​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន។ ហើយ​ពន្ធលើប្រាក់បៀវត្ស​រ៍​ក៏​ជាការ​ដាក់​សម្ពាធ​បន្ថែមទៀត​សម្រាប់​បុគ្គលិក កម្មករ និង​មន្ត្រីរាជការ។
 
នៅក្នុង​ប្រទេស​គោរព​ច្បាប់ ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​មិនអាច​គេចវេះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ កាតព្វកិច្ច​បង់ពន្ធ មិន​ថា​ពន្ធគយ​ឬ​ពន្ធដារ​ទេ​នៅមាន​ភាព​ធូររលុង។ ឈ្មួញ​មួយចំនួន​ព្យាយាម​មិន​បង់ពន្ធ​ក្នុងខណៈ​ពេលដែល​ឈ្មួញ​មួយចំនួន​ផ្សេងទៀត​សុខចិត្ត​បង់ពន្ធ​តាម​ការទាមទារ​របស់​រដ្ឋ។
 
ចំពោះ​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​អចលនទ្រព្យ​ដីធ្លី​ផ្ទះសម្បែង គេ​សង្កេតឃើញថា ប្រជាជន​មួយចំនួន​ចាប់ផ្តើម​យល់ដឹង​ពី​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ។ ពួកគេ​ខ្នះខ្នែង​បំពេញ​ក្រដាស​ស្នាម​ខ្លួនឯង ហើយ​យកប្រាក់​ទៅ​បង់ពន្ធ​ជូន​រដ្ឋ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្លះទៀត​នៅ​ធ្វើ​ព្រងើយកន្តើយ​នឹង​រឿងនេះ​នៅឡើយ។ ភាព​ព្រងើយកន្តើយ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​មិនមែន​កើតឡើង​ដោយសារ​ពួកគេ​នោះទេ។

 តាមពិត គឺ​ដោយសារ​ប្រជាជន​មួយចំនួន​នៅ​ចោទ​ជា​សំណួរ​ថា តើ​ប្រាក់​ដែល​បង់ពន្ធ​ជូន​រដ្ឋ​នេះ​វា​ទៅ​ទីណា? ហើយ​គេ​យកទៅ​ធ្វើ​អ្វី​ពិតប្រាកដ? តើ​ការប្រមែប្រមូល​ពន្ធ​មាន​តម្លាភាព​ដែរឬទេ? 
 
ជាធម្មតា ការប្រមូល​ពន្ធ​មិន​ថា នៅ​ប្រទេស​ជឿនលឿន​គោរព​ច្បាប់​ឬ​នៅ​កម្ពុជា​ទេ ជាគោលការណ៍​គឺ​សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​រដ្ឋ មានន័យថា ជាមួយនឹង​ទឹកប្រាក់​ពន្ធ​នេះ រដ្ឋាភិបាល​ត្រូវ​យកទៅ​ចំណាយ​សម្រាប់​កសាង​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ​និង​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត។ ម្យ៉ាងវិញទៀត ទឹកប្រាក់​មួយចំណែក​ត្រូវ​រក្សាទុក​សម្រាប់​ប្រាក់​ចូលនិវត្តន៍​នៃ​ប្រជាពលរដ្ឋ​របស់ខ្លួន។
 
សម្រាប់​ប្រទេស​កម្ពុជា ដោយសារតែ​ការបង់ពន្ធ​ជា​វប្បធម៌​ថ្មី និង​ដោយសារតែ​ការមិនទុកចិត្ត​លើ​សេវា​របស់​រដ្ឋ​នោះ ប្រជាពលរដ្ឋ​នៅ​អល់អែក និង​ចោទ​ជា​សំណួរ​មិនចេះចប់​មិនចេះហើយ​ជុំវិញ​បញ្ហា​បង់ពន្ធ​នេះ។ អ្នកខ្លះ​បន្ត​សំណួរ​ថា ប្រសិនបើ​គេ​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ប្រភេទ​ពន្ធ​ទាំងអស់ តើ​ពួកគេ​អាច​ទទួលបាន​អ្វី​ពី​រដ្ឋ​វិញ​នៅពេលដែល​ពួកគេ​ចូលនិវត្តន៍​នោះ? ពន្ធ​ចេះ តែ​បង់​តែ​ពេល​ចាស់​ទៅ​រដ្ឋាភិបាល​គ្មាន​បានគិត​គូរ​អ្វី​ទាំងអស់។ សម្រាប់​មន្ត្រីរាជការ​រ​ដ្ឋ ពួកគេ​អាច​ទទួលបាន​ប្រាក់​ចូលនិវត្តន៍​ខ្លះ តែ​ចំពោះ​បុគ្គលិក​អង្គការ ក្រុមហ៊ុន​ឯកជន​វិញ តើ​ពួកគេ​រំពឹង​បាន​អ្វី​ពី​រដ្ឋាភិបាល?
 
សរុបសេចក្តី​មកវិញ ដើម្បីអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ហើយ​ចូលរួម​បង់ពន្ធ​ដើម្បី​កសាង​ប្រទេសជាតិ យន្តការ​នៃ​ការប្រមូល​ពន្ធ​ត្រូវធ្វើឡើង​ដោយ​តម្លាភាព ពន្ធ​ត្រូវ​បម្រើ​ផលប្រយោជន៍​ជាតិ និង​របស់​ប្រជាជន។ ប្រាក់ចំណូល​បានមកពី​ពន្ធដារ​ឬ​ពន្ធគយ​ត្រូវតែ​ចូលទៅក្នុង​បេឡា​របស់​រដ្ឋ​ពោលគឺ​មិនមែន​ចូលក្នុង​ហោប៉ៅ​របស់​បុគ្គល៕


© រក្សាសិទ្ធិដោយ thmeythmey.com