អន្តរជាតិ
ក្រុមហ៊ុន​មួយ​នៅ​ចិន​ពិន័យ​បុគ្គលិក​ឲ្យ​លុតជង្គង់​ព្រោះ​មិន​បញ្ចប់​ការងារ​តាម​ការកំណត់
21, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

ប្រជាជន​ចិន​ដែល​ធ្វើដំណើរ​តាមផ្លូវ​មួយ នៅក្នុង​ទីក្រុង​Xiamen ខេត្ត Fujian ប្រទេស​ចិន បាន​សម្ដែង​នូវ​ការងឿងឆ្ងល់​ជាខ្លាំង នៅពេលដែល​ពួកគេ​បាន​លុតជង្គង់​លើ​ស្ពាន​ឆ្លងផ្លូវ ជាមួយនឹង​សម្លៀកបំពាក់​អាវធំ ដែល​មិន​ទៅ​គឺ​មិនមែនជា​អ្នកសុំទាន ឬ​ជន​មិន​គ្រប់​សតិ​នោះទេ ប៉ុន្តែ​គឺជា បុគ្គលិក​ក្រុមហ៊ុន​ដែល​ត្រូវគេ​ដាក់ពិន័យ ព្រោះ​ធ្វើ​ការមិន​ចប់​តាម​ការកំណត់។



យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍ CCTV មនុស្ស​ប្រុស​ដែល​កំពុង​លុតជង្គង់​ដែលមាន​ពាក់​អាវធំ​នោះ គឺជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ដែលមាន​ទីតាំងនៅ​ជិត​ផ្លូវ​នេះ ដែល​ពួកគេ​ត្រូវបាន​ប្រធាន​ក្រុមហ៊ុន​បញ្ជា​ឲ្យ​លុតជង្គង់​នៅលើ​ស្ពាន​មួយ​ក្បែរ​នោះ រយៈពេល ១ ម៉ោង ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​មួយ ទៅលើ​អ្នក​ដែល​មិនអាច​បញ្ចប់​ការងារ​តាម​ការកំណត់។
បុគ្គលិក​ដែល​លុតជង្គង់ម្នាក់ៗ តម្រូវ​ឲ្យ​មាន​ក្រដាស​មួយ​នៅខាងមុខ​ពួកគេ ដែលមាន​សរសេរ​ឈ្មោះ និង​ថ្ងៃខែ​ឆ្នាំ ហើយ​មាន​ពាក្យ​មួយ​ឃ្លា​ថា៖« លុតជង្គង់​ស្ម័គ្រចិត្ត​នៅលើ​ស្ពាន​មួយ​ម៉ោង​ជាការ​ដាក់ទណ្ឌកម្ម​សម្រាប់​ការមិន​បញ្ចប់​ភារកិច្ច​តាម​ការកំណត់»។

លោកស្រី JuDonghongជា​គ្រូបង្រៀន​ផ្នែក​ច្បាប់​ម្នាក់ បានឱ្យដឹងថា​ក្រុមហ៊ុន​នេះ​អាចនឹងទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​ចំពោះ​ការផ្តន្ទាទោស​បែបនេះ​ប្រសិនបើ​គេ​រកឃើញថា​ក្រុមហ៊ុន​បាន​បង្ខំ​បុគ្គលិក​របស់ខ្លួន​ធ្វើ​ទង្វើ​បែបនេះ។លោកស្រី​បាន​បន្ថែមថា ប្រសិនបើ​វា​មិនមែនជា​ការស្ម័គ្រចិត្ត​នោះទេ គឺ​វា​ជាការ​រំលោភ​លើ​សិទ្ធិមនុស្ស៕




© រក្សាសិទ្ធិដោយ thmeythmey.com