ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ការធ្វើ​បាតុកម្ម បញ្ហា​និទណ្ឌភាព ត្រូវ​លោក ស៊ូប៊ែរឌី ចោទសួរលោក ស ខេង
21, Jan 2015 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ លោក សូរិយា ​ប្រាសាទ ស៊ូប៊ែរឌី បានលើកជាសំណួរចំនួន ៣ ចំណុច​សំខាន់​ៗឲ្យលោកនាយករដ្ឋ​មន្រ្តី​ស្តី​ទី​ ស ខេង បកស្រាយ​។ ​សំណួរ​របស់លោក​ ស៊ូប៊ែរឌី  ធ្វើឡើងនៅក្នុង​ជំនួបរវាង​រូ​បលោក​ និងលោក ស ខេង នៅ​ទី​ស្តីការ​ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ ​ពុធ នេះ។



សំណួរទាំង ៣ សំខាន់ៗ​របស់លោក ស៊ូប៊ែរឌី ចោទសួរ​ទៅ​លោក​ ស ខេង នោះ គឺពាក់ព័ន្ធបញ្ហានិទណ្ឌភាព បញ្ហាកែទម្រង់ការបោះ​ឆ្នោត និង បញ្ហាសិទ្ធិសេរី​ភាពនៃការ​ធ្វើ​បាតុកម្មរបស់​ប្រជាពលរដ្ឋ​ ។

ឆ្លើយតបនឹង​សំណួរ​របស់​អ្នករាយការណ៍​រូ​បនេះ លោក ​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានអះអាងថា បញ្ហាទាំងអស់នេះ កន្លង​មករដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុង​ការដោះ​ស្រាយ ។ « បញ្ហានិទណ្ឌភាព កន្លង​មករដ្ឋាភិបា​ល បាន​ចាប់ជន​ល្មើស​មកផ្តន្ទាទោសច្រើន ហើយបញ្ហាកែទម្រង់​ការបោះឆ្នោត​ គណបក្ស​ទាំងពីរ​ក៏​កំពុងសហការគ្នាធ្វើកិច្ចការនេះដែរ ។ ឯបញ្ហាសិទ្ធិ​សេរី​ភាព​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ​ រដ្ឋាភិបាល​យើង​មិនដែល​ហាម​ឃាត់នោះឡើយ ​តែបាតុកម្ម​ ត្រូវតែ​សុំច្បាប់​ និងមានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន​សិន » ។ នេះជាចម្លើយរបស់លោក ស ខេង ដែលស្រង់សម្តីបន្ត ដោយ លោក សាអែម សាវុធ មន្រ្តីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ។

យ៉ាងណា​​ក៏ដោយ​នៅក្នុង​ជំនួប​នោះ​ លោកនាយករដ្ឋ​មន្រ្តី​ស្តី​ទី ​ក៏បានអរគុណ​ចំពោះអនុសាសន៍ល្អៗរបស់លោក ស៊ូប៊ែរឌី  កន្លងមក​ ក្នុងការ​រួម​ចំណែកអភិវឌ្ឍ​ប្រទេស​កម្ពុជា​ ឲ្យ​ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យផង​ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com