ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្ញៀវចិនឈរនៅកំពូលតារាងដែលមកទស្សនាខេត្តសៀមរាបច្រើនជាងគេ
× សៀមរាប៖ របាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរចិន គឺឈរនៅលំបាប់លេខរៀងទីមួយ ដែលមកទស្សនាខេត្តមួយនេះច្រើនជាងគេ។ នៅក្នុងឆ្នាំ២០១៤កន្លងទៅ មានភ្ញៀវទេសចរចិនជាង៣សែននាក់ ដែលធ្វើដំណើរ និងស្នាក់នៅខេត្តសៀមរាបរវាងចន្លោះពី៣ថ្ងៃទៅ៥ថ្ងៃ។
មិនថាជាខែខ្សត់ភ្ញៀវ ឫសម្បូរនោះទេ ទេសចរចិនតែងបង្ហាញវត្តមានច្រើនជាងគេនៅតាមប្រាសាទ និងកន្លែងកម្សាន្តនានា ក្នុងខេត្តសៀមរាប។ ខុសពីទេសចរដទៃ ទេសចរចិនគឺជាទេសចរដែលដើរកម្សាន្តរយៈពេលយូរជាងគេ មានពី៣ថ្ងៃ ៥ថ្ងៃ ឫមួយសប្តាហ៍ក៏មានដែរ។ នេះបើតាមប្រភពពីមគ្គុទ្ទេសក៍ទេសចរណ៍។
ប្រភពដដែលបានបន្តថា នៅក្នុងខែមករានេះ មគ្គុទ្ទេសក៍ភាសាចិន មិនសូវមានពេលសម្រាកច្រើននោះទេ។ ភ្ញៀវច្រើន តែមគ្គុទ្ទេសក៍ភាសាចិន មានតិច។ នេះបើតាមការបញ្ជាក់របស់ក្រុមមគ្គុទ្ទេសក៍។ តម្រូវការទីផ្សារមានច្រើន សម្រាប់អ្នកចេះភាសាចិន ដែលមានចំនួនតិចនៅឡើយ នៅក្នុងខេត្តសៀមរាប។ មន្ទីរទេសចរណ៍ខេត្តកន្លងមកធ្លាប់ប្រាប់តួលេខមគ្គុទ្ទេសក៍នៅសៀមរាប ថាមានចំនួនជិត៥ពាន់ ក្នុងចំណោមមគ្គុទ្ទេសក៍ទាំង១២ភាសា តែមិនបានបញ្ជាក់ពីភាសាមួយៗ មានប៉ុន្មាននាក់នោះទេ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៤កន្លងទៅ បង្ហាញថា មានភ្ញៀវទេសចរចិនចំនួន៣៤៣,៤៥០នាក់ស្មើនឹង១៤,៦៨% កើនឡើងចំនួន ២៦,៦៥% បើធៀបនឹងឆ្នាំ២០១៣ ។ ក្រៅពីទេសចរចិន មានជនជាតិកូរ៉េឈរនៅលេខ២ ជប៉ុនលេខ៣ វៀតណាមលេខ៤ ថៃលេខ៥ អាមេរិកលេខ៦ រុស្ស៊ីលេខ៧ អង់គ្លេសលេខ៨ ឡាវលេខ៩ និងបារាំងនៅលេខរៀងទី១០ ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com