ជាតិ
សេដ្ឋកិច្ច
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់ឃើញ​ចិន និង​ឥណ្ឌា​ប្រកួតប្រជែង​គ្នា​ខ្លាំង
23, Jan 2015 , 2:16 pm        
រូបភាព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកាសេដ្ឋកិច្ចអន្តរជាតិ។ រូបថតហ្វេសប៊ុក Kem Gunawadh
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកាសេដ្ឋកិច្ចអន្តរជាតិ។ រូបថតហ្វេសប៊ុក Kem Gunawadh
ដោយ:
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​អំពាវនាវ ប្រទេស​ចិន និង​ឥណ្ឌា​មិនគួរ​មានការ​ប្រកួតប្រជែង​គ្នា​នៅក្នុង​តំបន់​អាស៊ី ព្រោះ​ការប្រឈមមុខ​ដាក់គ្នា​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ។ លោក​បាន​បញ្ជាក់ថា «ប្រទេស​ដែល​បាន​ត្រៀមលក្ខណៈ​រួចរាល់​ចំពោះ​បញ្ហា​នេះ នឹង​ទទួលបាន​ផលប្រយោជន៍  ក៏ប៉ុន្តែ ប្រទេស​ដែល​ដែល​កំពុង​ជាប់គាំង​នយោបាយ និង​មាន​បញ្ហា​នៅក្នុង​ស្រុក នឹងមិន​ទទួលបាន​អ្វី​ទាំងអស់»។



យោងតាម​សេចក្តីប្រកាស​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថ្ងៃទី២៣ មករា​នេះ  ដែល​បាន​ដកស្រង់​សុន្ទរកថា​របស់​មេដឹកនាំ ប្រទេសនីមួយៗដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​ចិន និង​ឥណ្ឌា​មិនគួរ​ប្រកួតប្រជែង​គ្នា​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី​ឡើយ ព្រោះ​សកម្មភាព​នេះ​វា​នឹង​ផ្តល់​ផលប្រយោជន៍​តែ​ប្រទេស​ដែល​ត្រៀមលក្ខណៈ​រួចរាល់​ប៉ុណ្ណោះ​ពោលគឺ​ប្រទេស​ដែល​មិនមាន វិបត្តិ​នៅក្នុង​ស្រុក។ ចំណែក​ប្រទេស​ដែល កំពុងតែ​ជាប់ផុង​ក្នុង​បញ្ហា​រចនាសម្ព័ន្ធ និង​មាន​វិបត្តិ​ក្នុងស្រុក នឹងមិន​ទទួលបាន​អ្វី​សោះ​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​សេដ្ឋកិច្ច​នេះ។

ក្រោម​ប្រធានបទ «អាស៊ី​ត្រូវការ​អភិបាលកិច្ច​កាន់តែ​ប្រសើរ» នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន  ក៏បាន​បន្ថែមទៀតថា ទោះបីជា​ធនាគារជាតិ​កំពុងដំណើរការ​គោលនយោបាយ​រូបិយវត្ថុ អោយមាន​លក្ខណៈ​ធម្មតា​ក៏ដោយ ការដកចេញ​នូវ​រង្វាស់​សារពើពន្ធ​នៅក្នុង​អាស៊ី​មិនមែនជា​ជម្រើស​ល្អ​នោះទេ។

លោក​ក៏បាន​បញ្ជាក់ទៀតថា « ការវិនិយោគ​វិស័យ​ឯកជន មិនទាន់បាន​វិល​ត្រលប់​ដើម្បី​ជា​ក្បាល ម៉​ស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​នោះទេ ហើយ​ប្រទេស​ក្រីក្រ គឺ​នៅតែ​ទទួលរង​គ្រោះ»។ ដើម្បី​ឆ្លើយតប​នឹង​ភាពទន់ខ្សោយ​នៃ​វិស័យ​ឯកជន​របស់​ប្រទេស​ក្រីក្រ ឬ​កំពុង​អភិ​វ​ឌ្ឈ​ន៍​ដូចជា​កម្ពុជា លោក​ស្នើរ​អោយ​រដ្ឋផ្សេងៗទៀត ចាប់​ដៃគូ​ក្នុងការ វិនិយោគ វិស័យ​ឯកជន ដើម្បី​ជា​ស្តារ និង​ធ្វើអោយមាន​លូតលាស់​លើ​វិស័យសេដ្ឋកិច្ច​ឡើងវិញ។

គួរបញ្ជាក់​ផងដែរ វេទិកា​សេដ្ឋកិច្ចពិភពលោក គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើអោយ មាន​ភាពល្អប្រសើរ​ក្នុង​កិច្ចសហប្រតិបត្តិការ ការវិនិយោគ លើ​វិស័យ​សាធារណៈ និង​ឯកជន​រវាង​រដ្ឋ​ជា​ដៃគូ។ ដោយឡែក វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​វេទិការ​សេដ្ឋកិច្ចពិភពលោក​នេះ គឺអាច​នឹង​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែមទៀត​មក​កម្ពុជា ជាពិសេស​នោះ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ៕





© រក្សាសិទ្ធិដោយ thmeythmey.com