អន្តរជាតិ
នយោបាយអន្តរជាតិ
ចំណាប់ខ្មាំងជប៉ុនបន្ទោស លោក អាបេ ដែលបណ្តោយឲ្យក្រុមរដ្ឋឥស្លាមសម្លាប់មិត្តរួមជាតិ
× ក្រោយសម្លាប់ចំណាប់ខ្មាំងជប៉ុនម្នាក់ដោយកាត់កកាលពីម្សិលមិញ ក្រុមភេរវជនរដ្ឋឥស្លាមបានប្រកាសទុកផ្លូវអោយរដ្ឋាភិបាលជប៉ុនដើរ ដើម្បីលោះចំណាប់ខ្មាំងម្នាកទៀតដែលនៅសល់។ ប្រសិនបើមិនមានការបង់លុយលោះទេ ចំណាប់ខ្មាំងម្នាក់ទៀតនៅសល់ប្រហែលជាមានវាសនាមិនខុសពីចំណាប់ខ្មាំងមុនឡើយ ប៉ុន្តែគេឃើញចំណាប់ខ្មាំងដែលនៅរស់បានបន្ទោសរដ្ឋាភិបាលលោកអាបេ ដែលបណ្តែតបណ្តោយអោយក្រុមភេរវជនរដ្ឋឥស្លាមសម្លាប់ចំណាប់ខ្មាំងម្នាក់។
កាលពីម្សិលមិញនេះក្រុមភេរវជនរដ្ឋឥស្លាមបានសម្រេចបង្ហោះវីដេអូមួយដែលបង្ហាញរូបភាពចំណាប់ខ្មាំងជនជាតិជប៉ុនម្នាក់ដែលត្រូវគេកាត់កក្នុងចំណោមជនជាតិជប៉ុនពីរនាក់ដែលខ្លួនចាប់ខ្លួនបាននោះ។ រដ្ឋាភិបាលជប៉ុនបានអះអាងថា វីដេអូដែលគេបង្ហាញចេញមកនេះភាគរយច្រើនអាចជឿទុកចិត្តបាន និងបញ្ជាក់ថាក្រុមភេរវជនរដ្ឋឥស្លាមនោះបានសម្លាប់ចំណាប់ខ្មាំងប្រាកដមែន។
ក្នុងវីដេអូនោះមាន ចំណាប់ខ្មាំងម្នាក់ដែលនៅរស់បានកាន់រូបភាពចំណាប់ខ្មាំងដែលត្រូវគេសម្លាប់ ហើយក្នុងវីដេអូដដែលនោះ ចំណាប់ខ្មាំងដែលនៅមានជីវិតKenji Gotoបានបន្ទោសលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ចំពោះការធ្វើអោយចំណាប់ខ្មាំងម្នាក់ទៀតដែលមានឈ្មោះ Yukawa ត្រូវក្រុមភេរវជនសម្លាប់។ យ៉ាងណាក៏ដោយក្រុមភេរវជនរដ្ឋឥស្លាមនេះ បានបើកផ្លូវអោយរដ្ឋាភិបាលជប៉ុនដោះដូរជនជាតិជប៉ុនដែលជាចំណាប់ខ្មាំងជាមួយនឹងការដោះលែងភេរវជនស្ត្រីម្នាក់ដែលគេចាប់ខ្លួនបាននៅក្នុងប្រទេសហ្សកដង់តាំងពីឆ្នាំ ២០០៥។
ស្ត្រីម្នាក់នោះមានឈ្មោះថា Sajida al-Rishawi ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ ហ្សកដង់ ក្រោយពេលដែលស្ត្រីនេះប៉ុនបងបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែមិនផ្ទុះ ហើយស្ត្រីរូបនេះត្រូវបានតុលាការកាត់ទោសប្រហារជីវិត តាំងពីឆ្នាំ ២០០៦ ប៉ុន្តែបច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលតវ៉ានៅឡើយ។ យ៉ាងណាក៏ដោយទាក់ទិននឹងចំណាប់ខ្មាំងម្នាក់ដែលនៅសល់នេះ រដ្ឋាភិបាលជប៉ុនមិនបានបង្ហើបអោយដឹងថាខ្លួននឹងធ្វើអ្វីបន្តដើម្បីអោយក្រុមភេរវជនដោះលែងចំណាប់ខ្មាំងឡើយ ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសហើយថាខ្លួនមិនបង់លុយលោះអោយក្រុមភេរវជនឡើយ។ ប៉ុន្តែលោកបញ្ជាក់ថារដ្ឋាភិបាលលោកព្យាយាមប្រើប្រាស់រាល់វិធានការការទូត និងវិធានការចាំបាច់នានាផ្សេងទៀតដើម្បីអោយក្រុមភេរវជនដោះលែងចំំណាប់ខ្មាំង។
លោក អាបេ បានទាមទារអោយក្រុមភេរវជនប្រញាប់ដោះលែងចំណាប់ខ្មាំងម្នាក់ទៀតដែលនៅសល់ ព្រមទាំងថ្កោលទោសក្រុមនេះខ្លាំងៗផងដែរ។ គេមិនរំពឹងថា ក្រុមភេរវជនរដ្ឋឥស្លាមទាំងនោះព្រមដោះលែងជនជាចំណាប់ខ្មាំងជប៉ុនតាមការទាមទាររបស់រដ្ឋាភិបាល លោក អាបេ ឡើយ លើកលែងតែរដ្ឋាភិបាលសម្រេចបង់ប្រាក់លោះទើបមានសង្ឃឹម។
កាលពីថ្ងៃអង្គារក្រុមភេរវជនរដ្ឋឥស្លាមបានបង្ហាញវីដេអូមួយ ដែលក្នុងនោះមាន ជនម្នាក់ជាសមាជិករដ្ឋឥស្លាមស្លៀកសម្លៀកបំពាក់ឈុតខ្មៅ ដោយដៃកាន់កាំបិត បាននិយាយនៅក្នុងវីដេអូទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ិនហ្សូ អាបេ ថា «អ្នកមានរយៈពេល៧២ម៉ោងប៉ុណ្ណោះ ដើម្បី សម្រេចចិត្តបង់ប្រាក់លោះចំនួន ២០០លានដុលា្លរសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជិវិតប្រជាជនរបស់អ្នកពីរនាក់»។ ក្រោយមករដ្ឋាភិបាលជប៉ុនបានប្រកាសមិនបង់លុយលោះដល់ក្រុមភេរវជនឡើយ ដូច្នេះហើយទើបបានជាផុតពេលបីថ្ងៃក្រុមភេរវជនសម្រេចសម្លាប់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងពីរនេះតែម្តង៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ
© រក្សាសិទ្ធិដោយ thmeythmey.com