ជាតិ
រូប​ស្រី​ថត​អាក្រាត​នៅ​តំបន់​អង្គរ​មិនមែនជា​ករណី​ទីមួយ​នោះឡើយ
25, Jan 2015 , 12:38 pm        
រូបភាព
ដោយ: រួបរួម
អាជ្ញាធរ​អប្សរា ហាក់ដូចជា​ដុតដៃដុតជើង​យ៉ាងខ្លាំង​ក្នុងការ​ចាត់វិធានការ និង​ថ្កោលទោស​ចំពោះ​រូបភាព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ស្ត្រី​ម្នាក់​ឈរ​នៅមុខ​ប្រាសាទ​អង្គរ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនា​រយៈពេល​ចុងក្រោយ​នេះ។ ប៉ុន្តែ​តាមពិតទៅ រូបថត​អាក្រាត​បែបនេះ មិនមែនជា​លើកទីមួយ​នោះឡើយ។



កាលពី​អំឡុង​ឆ្នាំ២០១៣ កន្លងមក នារី​បង្ហាញ​ម៉ូត​រុស្ស៊ី​ម្នាក់​ឈ្មោះ Nadezhda Svitalskaya ក៏​ធ្លាប់​ថតរូប​ដ៏​អាសអាភាស​បែបនេះ នៅ​បរិវេណ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​ផងដែរ។ បើតាម​ការបកប្រែ​ក្រៅផ្លូវការ​ពី​ភាសា​រុស្ស៊ី តាមរយៈ Google Translation រូបថត​អាក្រាត​របស់​នាង Svitalskaya នៅ​តំបន់​អង្គរ បាន​នាំ​ឲ្យ​នាង​ជាប់​ជាតា​រា​ឆ្នើម​របស់​ទស្សនា​វ​ដ្តី Playboy សម្រាប់​ខ្មែរ​មិថុនា ឆ្នាំ២០១៣ (Russian Playboy Girl of the Month in June 2013) ។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍ ទី២៤ ខែមករា អាជ្ញាធរ​ដែល​ទទួលបន្ទុក​អភិរក្ស​តំបន់​អង្គរ បាន​លើកឡើងថា ការថត​បង្ហាញ​កាយ​អាក្រាត​របស់​ស្ត្រី​នោះ ជា​អំពើ​ដែល​ប្រាសចាក​ផ្ទុយ​ទាំងស្រុង​ពី​សីលធម៌ និង​វប្បធម៌​ខ្មែរ ព្រមទាំង​នាំ​ឲ្យ​មានការ​អាប់ឱន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ និង​កិត្តិយស​នារី​ភេទ។

ករណី​រូបថតថ្មីៗនេះ ដែលមាន​ភ្ជាប់​ឈ្មោះ «WANIMAL» មិនទាន់​រកឃើញ​ប្រភព​ច្បាស់លាស់​ឡើយ។ ប៉ុន្តែ​សម្រាប់​អ្នក​និយម​អាន​ទស្សនា​វ​ដ្តី Playboy ឬ​ស្គាល់​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី Svitalskaya ពួកគេ​អាច​ឃើញ​រូបអាក្រាត​របស់​នាង​នៅ​តំបន់​អង្គរ ដោយ​គ្រាន់តែ​វាយ​ឈ្មោះ​របស់​នាង «Nadezhda Svitalskaya» ហើយ​រុករក​តាមរយៈ google។

អាជ្ញាធរ​អប្សរា​ស្នើសុំ​កិច្ចសហការ​ណាមួយ​ជាមួយ​រដ្ឋបាល​លោក វ្លា​ឌី​មៀ ពូ​ទីន ដែរឬទេ? រូបនាង Svitalskaya ក៏​កំពុង​ចរាចរណ៍​ពេញ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com