ជាតិ
បទវិភាគ
ការធានា​សុវត្ថិភាព​ចំណីអាហារ​ជា​កិច្ចការ​ចាំបាច់​និង​បន្ទាន់!
25, Jan 2015 , 4:02 pm        
រូបភាព
ដោយ:
កាលពី​មុននេះ​បន្តិច គេ​បាន​រកឃើញ​ទឹក​ស៊ុប​នាំចូល​ពី​ប្រទេស​វៀតណាម ឥឡូវនេះ គេ​បាន​រកឃើញ​កាហ្វេ​ដែល​ផលិត​ដោយ​ប្រើ​សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់។ រីឯ​ត្រី​សាច់ បន្លែ ផ្លែឈើ​ក៏​សុទ្ធតែ​ប្រើ​សារធាតុ​គីមី​ពុល​ដែរ។ តើ​នៅមាន​អ្វី​ទៀត​ដែល​កំពុង​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ? នេះ​ជា​សំណួរ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​បង្កើន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​ឲ្យ​បាន។បើ​មិន​ដូច្នេះ​ទេ វា​បង្ក​គ្រោះថ្នាក់​ធំធេង​ណាស់​ដល់​សុខភាព​សាធារណៈ។


អ្នក​ចូលចិត្ត​ពិសារ​កាហ្វេ​ប្រហែលជា​ភ្ញាក់ខ្លួន​ក្រោយពី​បានដឹងថា មានការ​លួច​ផលិត​កាហ្វេ​ដែល​ប្រើ​សារធាតុ​គីមី​ពុល​យ៉ាង​សម្បើម​ដើម្បី​ចែកចាយ។ នេះ​ជា​របកគំហើញ​ថ្មី​មួយទៀត​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ចុះ​នៅសល់​ផលិតផល​អ្វី​ទៀត​ដែល​គ្មាន​សុវត្ថិភាព​ហើយ​ដែល​អ្នកប្រើប្រាស់​មិនដឹង?

នៅ​បណ្តា​ប្រទេសផ្សេងៗ អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​សុខភាព​របស់​ពលរដ្ឋ។ រាល់​ចំណីអាហារ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​ជាពិសេស​ទំនិញ​នាំចូល​ពី​បរទេស​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​ធានាថា​ទំនិញ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។ បើ​មាន​បញ្ហា​តែ​បន្តិច ពួកគេ​ក៏​ចាត់វិធានការ​ភ្លាម។

ចុះ​នៅ​កម្ពុជា តើមួយថ្ងៃៗមាន​ទំនិញ​អ្វីខ្លះ​នាំចូល​ពី​វៀតណាម​និង​ថៃ? តើ​ទំនិញ​ទាំងនោះ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​អ្នកប្រើប្រាស់​ដែរឬទេ? យូរៗម្តង​គេ​តែង​សង្កេតឃើញ​សមត្ថកិច្ច​កាំកុងត្រូល​ហៅ​ទូរទស្សន៍​ទៅ​ថត​ការដុត​បំផ្លាញ​ទំនិញ​ខូចគុណភាព​នាំចូល​ពី​ប្រទេសជិតខាង។ ប៉ុន្តែ តើ​មាន​ទំនិញ​ប៉ុន្មាន​មុខ​ទៀត​ដែល​ត្រូវបាន​នាំចូល​ដោយ​ស្ងៀមស្ងាត់​ដែល​សមត្ថកិច្ច​មិនដឹង​ឬក៏​ដឹង​ដែរ​តែ​ស្រវាំងភ្នែក​មើលមិនឃើញ​ដោយសារតែ​ចំណាំង​កាំរស្មី​ប្រាក់​ដុល្លារ។

កុំថាឡើយ​តែ​ទំនិញ​នាំចូល សូម្បី​ទំនិញ​ក្នុងស្រុក​ក៏​ពោរពេញ​ដោយសារ​ធាតុគីមី​ដែរ។ ហេតុនេះហើយ​បានជា​បច្ចុប្បន្ន មនុស្ស​មាន​បញ្ហា​សុខភាព​កាន់តែខ្លាំង​ឡើង។ អ្នកខ្លះ​មាន​ជំងឺ​មួយ​មុខ អ្នកខ្លះ​ពីរ​ឬ​បី​មុខ​ដំណាលគ្នា។ ជំងឺ​ទាំងនេះ​កើតឡើង​មិន​ចំពោះតែ​អ្នកមាន អ្នកក្រ ឬក៏​នាម៉ឺន​មន្ត្រី​អ្វី​នោះឡើយ តែ​វា​កំពុង​វាយលុក​ទៅលើ​មនុស្ស​ដោយ​ឥត​រើសមុខ។ មូលហេតុ​សំខាន់​ជាងគេ​គឺ​ចំណីអាហារ​គ្មាន​សុ​វត្តិភាព និង​បរិស្ថាន​កខ្វក់​ដែល​កំពុងមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​របស់​មនុស្ស។

សារធាតុ​គីមី​ដែលជា​សត្រូវ​របស់​សុខ​ភាព​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ចំណីអាហារ​ស្ទើរតែ​គ្រប់មុខ រាប់​តាំងពី​ត្រី​សាច់ បន្លែ ផ្លែឈើ ដែល​មនុស្ស​បរិភោគ​ជា​រៀង រាល់ថ្ងៃ។ នៅពេលដែល​សារធាតុពុល​ទាំងអស់​នោះបាន​វាយលុក​ដោយ​ស្ងៀមស្ងាត់​ពី​ខាងក្នុង​ខ្លួន បរិយាកាស​ខាងក្រៅ​ក៏បាន​ចូលរួមចំណែក​បំផ្លាញ​សុខភាព​មនុស្ស​ដែរ​តាមរយៈ​ខ្យល់​ដកដង្ហើម។ ជាតិពុល​ក៏​កំពុង​ហ៊ុម​ព​ទ្ធ័​បរិយាកាស​ជុំវិញខ្លួន​មនុស្ស​កាន់តែខ្លាំងឡើងៗដោយសារតែ​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។

បន្ថែម​ពីលើ​នេះ អាកប្បកិរិយា​របស់​ម​នុស្ស​សម័យថ្មី​ក៏​ជា​កត្តា​អំណោយផល​មួយ​យ៉ាងខ្លាំង​ដែរ​ដល់​ភាព​ទ្រុម​ទ្រោម​នៃ​សុខភាព។ នៅពេលដែល​មនុស្ស​ស្រូបយក​ជាតិពុល គ្រប់ បែបយ៉ាង​ចូលក្នុង​ខ្លួន មនុស្ស​មួយចំនួន​បែរជា​មិន​បញ្ចេញ​ពលកម្ម​រាងកាយ​ទាល់តែសោះ។ អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​មួយទៀត​របស់​ម​នុស្ស​សម័យ​បច្ចុប្បន្ន​គឺ​ការនិយម​ពិសារ​គ្រឿង​ស្រវឹង​ដ៏​លើសលប់។ គ្រឿង​ស្រវឹង​ក៏​កំពុង​វាយលុក​យ៉ាងខ្លាំង​ផងដែរ​ទៅលើ​ស្រទាប់​យុវវ័យ។

ងាក​ទៅ​មើល​ប្រព​ន្ធ័​សុខាភិបាល​វិញ កម្ពុជា​ក៏​មិនទាន់មាន​សេវា​សុខាភិបាល​គួរ​ឲ្យ​ទុកចិត្ត​នៅឡើយ។ ការចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅឯ​បរទេស​របស់​ពល​រដ្ឋ​ខ្មែរ​ជាច្រើន គឺជា​ភស្តុតាង​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។ ក្រៅពី​ប្រព​ន្ធ័​សុខាភិបាល​ទន់ខ្សោយ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​គ្មាន​ទទួល​បានការ​ធា​បា​រ៉ាប់រង​សុខភាព​អ្វី​ទាំងអស់។

ដូច្នេះ ដើម្បី​ឲ្យ​គ្រួសារ និង​សង្គម​ទាំងមូល​ចៀសវាង​បាន​នូវ​គ្រោះថ្នាក់ ចាំបាច់​ណាស់​ដែល​ពលរ​ដ្ឋ​គ្រប់គ្នា​មាន​សុខភាព​ល្អ។ ដំណោះស្រាយ​ជាបឋម​គឺ ក្រសួង​មាន​សមត្ថកិច្ច​នានា​ត្រូវតែ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​លក់​នៅលើ​ទីផ្សារ។ រាល់​គ្រឿង​ឧបភោគបរិភោគ​ដែល​ដាក់លក់​លើ​ទីផ្សារ​ត្រូវតែមាន​សុវត្ថិភាព​ចំពោះ​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ធុងសំរាម​ផ្ទុក​របស់​ខូចគុណភាព​មកពី​ប្រទេសជិតខាង។

ទន្ទឹមនឹងនោះ ការពង្រឹង​គុណភាព​សុខាភិបាល​ក៏​ជា​កាតព្វកិច្ច​មិនអាច​មើលរំលង​បានដែរ​ពី​សំណាក់​រដ្ឋាភិបាល។ ចំណែកឯ​មនុស្ស​ទូទៅ​ក៏ត្រូវ​ប្តូរ​ទម្លាប់​មិនល្អ​មួយចំនួន​ជា​ចាំបាច់។ ការងារ​ដែល​ប្រើ​កម្លាំងកាយ​ពិតជា​មាន​សារប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព។ ដូច្នេះ អំណឹះតទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការធានា​សុវត្ថិភាព​ចំណីអាហារ​ពីព្រោះ​នេះ​ជា​គ្រោះថ្នាក់​ធំធេង​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ៕







© រក្សាសិទ្ធិដោយ thmeythmey.com