កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ឲ្យ​ប្រេ​ស៊ី​ល១០០លាន​ដុល្លារ ក្រោយ​រៀបចំ World Cup អស់១៥ពាន់​លាន​ដុល្លារ
26, Jan 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បានប្រកាស​ផ្ដល់​មូលនិធិ​ជា​ទឹកប្រាក់​ប្រមាណ​ជា ១០០ លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​ប្រេ​ស៊ី​ល​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ កីឡាបាល់ទាត់​ពិភពលោក World Cupកាលពី​ឆ្នាំ២០១៤ កន្លងទៅនេះ។ ខណៈពេលដែល​ប្រទេស​នេះ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ១៥ ពាន់​លាន​ដុល្លារ​សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដ៏​ធំ​មួយ​នេះ។



យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP ការផ្ដល់​មូលនិធិ​ខាងលើនេះ គឺ​ត្រូវបាន លោក SeppBlatterប្រធាន FIFAបាន​សន្យា​កាលពី ២ ឆ្នាំមុន ដើម្បី​ផ្តល់នូវ​មូលនិធិ​មួយផ្នែក​នៃ​ប្រាក់ចំណូល​ដែល​បានមកពី​ការប្រកួត World Cup ឆ្នាំ ២០១៤ ។ស្របពេល​ជាមួយគ្នានេះដែរ ប្រទេស​ប្រេ​ស៊ី​ល ក៏​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦ នៅ​ទីក្រុង Rio de Janeiro ផងដែរ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ១៥ពាន់​លាន​ដុល្លារ​បន្ថែមទៀត។

សហព័ន្ធ FIFA ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស បានប្រកាសថា​ខ្លួន​រកចំណូលបាន​ជាង ៤ពាន់​លាន​ដុល្លារ​ពី​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៥ នៅ​ប្រទេស​ប្រេ​ស៊ី​លហើយ​ស្ថាប័ន​នេះ​រំពឹងថា ប្រាក់ចំណូល​នេះ​នឹង​កើន​ឡើងដល់ ៥ពាន់​លាន​ដុល្លារ​សម្រាប់​ការប្រកួត World Cup នៅ​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ ២០១៨ខាងមុខនេះ។

ក្រុមអ្នកវិភាគ​បានឱ្យដឹងថា​ប្រទេស​ប្រេ​ស៊ី​ល​បាន​ចំណាយ​ប្រាក់​ប្រហែល៣ពាន់​លាន​ដុល្លារ​សម្រាប់​ការតុបតែង​កីឡដ្ឋាន​ថ្មី​ហើយ ៩០ ភាគរយ​នៃ​ទឹកប្រាក់​ទាំងនោះ​គឺជា​ការចំណាយ​សាធារណៈ​របស់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល។ ប៉ុន្តែ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក LuizInacio Lula da Silva បាន​សន្យាថា កីឡដ្ឋាន​ទាំងអស់នេះ​គឺ​ទទួលបាន​ពី​ការផ្តល់​ហិរញ្ញប្បទាន​ឯកជន។

ក្រោយពី​ការចំណាយ​ប្រាក់​ដ៏​ច្រើន​ក្នុង​ការសាងសង់ កីឡាដ្ឋាន​ទាំងនោះ​រួចមក​មាន​កីឡាដ្ឋាន ៤ ក្នុងចំណោម ១២ ត្រូវបាន​គេ​ដាក់​ជួ​លស​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​កា​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​នានា​ផ្សេងទៀត ដើម្បី​រកប្រាក់​ចំណូល ខ្លះ​មកវិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com