សង្គមអន្តរជាតិ
អន្តរជាតិ
អាថ៌កំបាំងដែលធ្វើឲ្យ Alibabaជោគជ័យគឺក្រុមហ៊ុននេះមានបុគ្គលិកភាគច្រើនជាស្ត្រី
×
លោក Jack Maមហាសេដ្ឋីលំដាប់ទីមួយរបស់ប្រទេសចិន និងជាស្ថាបនិកផ្សារលក់ទំនិញអនឡាញ Alibaba បានប្រាប់ពីអាថ៌កំបាំងមួយ ដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកសម្រេចបានជោគជ័យដូចបច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុនរបស់លោក ជួលបុគ្គលិកភាគច្រើនជាស្ត្រីមកធ្វើការ។ នេះបើយោងតាមការផ្សាយរបស់ CNBC ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ដែលធ្វើឡើងកាលពីសប្ដាហ៍មុន នៅទីក្រុង Davos ប្រទេសស្វ៊ីស លោក Ma បានឲ្យដឹងថា រឿងសម្ងាត់មួយដែលធ្វើឲ្យ ផ្សារអនឡាញAlibaba ទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុននេះ មានបុគ្គលិកភាគច្រើនជាស្ត្រី។
នាយកប្រតិបត្តិ Alibaba រូបនេះ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុននេះ មានបុគ្គលិកជាស្ត្រីមានប្រមាណជា ៤៧ ភាគរយ នៃចំនួនបុគ្គលិកសរុប ដែលក្នុងនោះមានបុគ្គលិកជាស្ត្រី ចំនួន ៣៣ ភាគរយ កំពុងកាន់តំណែងជាបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុននេះ។
មូលហេតុដែលនាំឲ្យក្រុមហ៊ុននេះ ជួលបុគ្គលិកភាគច្រើនជាស្ត្រីមកធ្វើការនោះ គឺត្រូវបានលោក Jack Ma ពន្យល់ថា៖ «ស្ត្រីគិតអំពីអ្នកដទៃច្រើនជាងខ្លួនឯង» ដូច្នេះហើយវាជាគន្លឹះដ៏សំខាន់បំផុតនិងជាសមត្ថភាពរបស់ក្រុមហ៊ុនAlibaba ក្នុងការបម្រើអតិថិជនរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com