ជាតិ
សង្គមជាតិ
លោក ព្រាប កុល ជំរុញ​ឲ្យ​មានច្បាប់​សែស្រឡាយ​និយម
27, Jan 2015 , 11:04 am        
រូបភាព
ថ្លែង​នៅក្នុង​ពិធី​បណ្ដុះបណ្ដាល​អ្នកការ​សែត​ស្តីពី​តួនាទី​អ្នកកាសែត​ក្នុងការ​រួមចំណែក​លើក​ស្ទួយ​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល មានប្រសាសន៍ថា​បញ្ហា​សែស្រឡាយ​នៅក្នុង​ស្ថាប័នរដ្ឋ និង​តាម​ក្រសួង​នានា គឺជា​បញ្ហា​ដែល​បង្ក​ឲ្យ​កើតមាន​ទំនាស់​ផល​ប្រ​យោ​ជ​ន៏ និង​អំពើពុករលួយ​នៅក្នុង​អង្គភាព។ ជាមួយគ្នានេះ លោក​ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ អនុវត្ត​បង្កើត​ច្បាប់​ទាក់​នឹង​ក្រុម​គ្រួសារនិយម ឬ​បក្សពួកនិយម ដើម្បី​បញ្ចៀស​ទំនាស់​ផល​ប្រ​យោ​ជ​ន៏ និង​អំពើពុករលួយ។



លោក ព្រាប កុល បញ្ជាក់​ដូច្នេះ​ថា ៖«មាន២ចំណុច  គឺ​ទី១វិសោធនកម្ម បន្ថែម​ច្បាប់​លើ​មាត្រា​អង្គភាព​ប្រឆាំង​អំពើពុករលួយ  និង​ទី២បង្កើត​ច្បាប់​ដោយឡែក​មួយ ដោយ​ចែង​ឲ្យ​បានច្បាស់លាស់ អំពី​ក្រុម​គ្រួសារនិយម និង​បក្សនិយម​ដើម្បី​ជៀសវាង​ពី​ទំនាស់​ផល​ប្រ​យោ​ជ​ន៏។ គឺអាច​ធ្វើបាន​បើសិនជា​ស្ថាប័ន​នីតិបញ្ញត្តិ តំណាងរាស្ត្រ​ក្នុង​សភា ចង់​ឲ្យ​មានច្បាប់​នេះ កើតឡើង​គឺ​ធ្វើបាន»។

កន្លងមក​អនុប្រធាន​គណកម្មាការ​ទី២ នៃ​រដ្ឋសភា លោក សុន ឆ័យ ក៏​ធ្លាប់​ទាមទា​ឲ្យ​មានការ​បង្កើត​ច្បាប់​ទាក់ទង​នឹង​គ្រួសារនិយម និង​បក្សពួកនិយម​នេះដែរ បន្ទាប់ពី​រូបលោក​បាន​ស៊ើប​ដឹងថា នៅក្នុង​រដ្ឋសភា​មាន​សែស្រឡាយ​និយម​បម្រើការ​នៅ​ទីនោះ ដែលជា​មួល​ហេតុ​បង្ក​ឲ្យ​មាន​អំពើពុករលួយ ។ ប៉ុន្ដែ​ការលើកឡើង​របស់លោក សុន ឆ័យ ត្រូវបាន​លោក ឈាន វុន ប្រធាន​គណកម្មាការ​ទី​រដ្ឋសភា បដិសេធ ដោយបាន​លើកឡើងថា គ្មាន​ច្បាប់​ចែង​ពី​គ្រួសារនិយម បក្សពួកនិយម​នេះ​ទេ។ ហើយ​លោក​ថា​ច្បាប់​នេះ​ក៏​មិន​អាចមាន​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com