ខ្មែរក្រហម
ជាតិ
រាជរដ្ឋាភិបាលផ្តល់ប្រាក់៤,១លានដុល្លារដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម
× រដ្ឋាភិបាលកម្ពុជាបានបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយមិនមែនហិរញ្ញវត្ថុចំនួន៤,១លានដុល្លារសហរដ្ឋអាមេរិកដល់ភាគីជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលក្នុងនោះថវិកាចំនួន ១,៦ លានដុល្លារសម្រាប់ទ្រទ្រង់ការចំណាយលើសេវាប្រតិបត្តិការរបស់តុលាការ និង ២,៥លាន ដុល្លារសម្រាប់ចំណាយលើប្រាក់បៀវត្សរ៍របស់មន្ត្រីបុគ្គលិកភាគីជាតិ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា។
ការសន្យារបស់រដ្ឋាភិបាលផ្តល់ជំនួយថវិកា ប្រមាណ ៤,១លានដុល្លារនេះគឺស្មើនឹង ៦២ភាគរយនៃគម្រោងថវិកាចំណាយសរុបប្រចាំឆ្នាំ២០១៥ របស់ ភាគីជាតិកម្ពុជា។ នៅឆ្នាំ ២០១៥ នេះ ភាគីជាតិគ្រោងនឹងចំណាយថវិកាប្រមាណ ៦,៦ លានដុល្លារ។ បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហមបាននិងកំពុងធ្វើការផ្នែកនីតិវិធីជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីទទួលបានថវិកានេះឱ្យបានទាន់ពេលវេលា។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានលើកឡើងថា ការសន្យាផ្តល់ជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជាចំពោះភាគីជាតិនៃសាលាក្តីខ្មែរក្រហមគឺដូច អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាក្នុងជំនួបកំពូល ជាមួយលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិនៅប្រទេសភូមាកាលពីចុងឆ្នាំ ២០១៤ កន្លងទៅក្នុងការជួយដោះស្រាយបញ្ហាថវិកាសម្រាប់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម។
លោក បានបន្តថា ការសន្យាផ្តល់ជំនួយថវិកាបន្ថែមនេះគឺជាការបន្តការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះដំណើរការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ជនរងគ្រោះដោយរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានឱ្យដឹងផងដែរថា នៅឆ្នាំ ២០១៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយថវិកាវត្ថុ និងជំនួយមិនមែនហិរញ្ញវត្ថុចំនួន ៣,៩៥ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះ ១,៧ លានដុល្លារសហរដ្ឋសម្រាប់ចំណាយលើសេវាប្រត្តិបត្តិការទូទៅរបស់តុលាការ និងថវិកាចំនួន ២,២៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រាក់បៀវត្សរ៍របស់មន្ត្រីបុគ្គលិកជាតិរយៈពេល ៦ ខែ (១,១លានដុល្លារសម្រាប់ត្រីមាសទី១ និង ១,១៥លានដុល្លារសម្រាប់ត្រីមាសទី៤)។ ការផ្តល់វិភាគទាន ចំនួន ៣,៩៥ លានដុល្លារអាមេរិកនេះស្មើប្រមាណ ៦២%នៃគម្រោងថវិកាភាគីជាតិឆ្នាំ ២០១៤ ដែល ត្រូវបានអនុម័តឱ្យចំណាយចំនួន ៦,៤ លានដុល្លារសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ ២០១៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាដល់ សាលាក្តីខ្មែរក្រហមទាំងជំនួយហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុចំនួន ២៥,២ លានដុល្លារក្នុងនោះជំនួយមិនមែនហិរញ្ញវត្ថុចំនួន ១០,៨ លានដុល្លារ និង១៤,៤២ លានដុល្លារជាជំនួយថវិកា។ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាជាប្រទេសម្ចាស់ជំនួយធំទី២ របស់សាលាក្តីខ្មែរក្រហមបន្ទាប់ពីប្រទេសប៉ុនដែលបានផ្តល់ជំនួយថវិកាចំនួនប្រមាណ ៨២ លានដុល្លារ ប្រទេសអូស្ត្រាលីចំនួន ២៣, ២០ លានដុល្លារ សហរដ្ឋអាមេរិកចំនួន ២០,៨០លានដុល្លារ អាល្លឺម៉ង់ ចំនួន ១៣,៥៨ លាន អង់គ្លេសចំនួន ១១,៥២លាន សហភាពអឺរ៉ុបចំនួន ៨,៨៦លាន បារាំងចំនួន ៨,២៥លាន ស៊ុយអែតចំនួន ៨,២លាន និងប្រទេសន័រវេសចំនួន ៧លានដុល្លារសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com