ជាតិ
សង្គមជាតិ
លោក ជា ច័ន្ទ​បរិបូរណ៍ ប្រើ​ភាសា​ភ្លេង​អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួម
27, Jan 2015 , 3:04 pm        
រូបភាព
ជម្លោះ​នយោបាយ​ក្រោយពេល​បោះឆ្នោត​នៅ​កម្ពុជា ជនជាតិខ្មែរ​ណា​ម្នាក់​ក៏​ដឹង។ បរទេស​ក៏​ដឹង។ វា​អាចជា​ចំនុច​ពិសេស​របស់​កម្ពុជា ប៉ុន្តែ​បណ្ឌិត​ផ្នែក​តន្ត្រី លោក ជា ច័ន្ទ​បរិបូរណ៍ មិនដែល​សប្បាយ​ចិត្តនឹង​ជម្លោះ​នយោបាយ​ទាំង​នោះឡើយ។ បើទោះជា​ធ្លាប់ជាអតីត​​អ្នកនយោបាយ​មួយរូប​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចក្នុងពេល​កន្លងមក​ គេពុំ​សូវ​ឮ​ លោក ជា ច័ន្ទ​បរិបូរណ៍ ធ្វើ​សេចក្តី​ថ្លែងការណ៍​​នយោបាយ​ច្រើន​នោះទេ។



ប៉ុន្តែ​តាមពិត តាំងពី​ឆ្នាំ២០០៨ មក លោក ជា ច័ន្ទ​បរិបូរណ៍ ដែល​សព្វ​ថ្ងៃជា​រដ្ឋលេខា​ធិ​ការ​ក្រសួង​ព័ត៌មាន ធ្លាប់បាន​សរសេរ​បទ​ភ្លេង​ថ្មី​មួយ អំពាវនាវ​មិន​ឲ្យ​ខ្មែរ​ប្រកាន់​បក្សពួក ស្តាប់​បញ្ជា​បរទេស និង​ឈ្លោះប្រកែក​ក្នុងចំណោម​ខ្មែរ​គ្នាឯង។ បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា «បណ្តាំ​ថ្ម​កេរ» ដែល​មិនសូវមាន​មនុស្ស​ចាប់អារម្មណ៍ ឬ​ស្គាល់​ឡើយ។ ហើយវាក៏​ទំនងជា​នៅ​​ឆ្ងាយ​ពី​ត្រចៀក​របស់​អ្នកនយោបាយ​ទៅទៀត​ផង។

លោក ជា ច័ន្ទ​បរិបូរណ៍ បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ឃើញ​អ្នកនយោបាយ​ខ្មែរ​យើង​ឈ្លោះ​គ្នា​ពេក នៅក្រោយពេល​បោះឆ្នោតម្តងៗ ។ អ៊ីចឹង​ហើយ​ខ្ញុំ​មិនដឹង​និយាយ​យ៉ាងម៉េច ខ្ញុំ​ក៏​ធ្វើជា​បទ​ភ្លេង។ ចំណងជើង​ដែល​ខ្ញុំ​ដាក់ថា បណ្តាំ​​ថ្ម​កេរ នេះ គឺ​បានន័យថា ជា​បណ្តាំ​របស់​ដូនតា​ខ្មែរ»។

«បណ្តាំ​ថ្ម​កេរ» មិនមែនជា​ចម្រៀង​ន័យ​នយោបាយ​តែមួយ​របស់លោក ជា ច័ន្ទ​បរិបូរណ៍​ឡើយ។ «រដ្ឋ​មនុញ្ញ​ឆ្នាំ១៩៩៣» បន្ទាប់មក «កម្ពុជា និង​រាជានិយម» ជាដើម គឺជា​ស្នាដៃ​បទ​ភ្លេង​ផ្សេងទៀត ដែលមាន​បង្កប់​ទស្សនៈ ឬ​មតិ ឬ​ការយល់ឃើញ​របស់លោក​បណ្ឌិត​តន្ត្រី ជា ច័ន្ទ​បរិបូរណ៍៕

ខាងក្រោម​នេះ​គឺជា​ចម្រៀង​បទ «បណ្តាំ​ថ្ម​កេរ»​ របស់លោក ជា ច័ន្ទ​បរិបូរណ៍៖
https://www.youtube.com/watch?v=euT7OSpShDM






© រក្សាសិទ្ធិដោយ thmeythmey.com