អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា-អាមេរិក៖ នយោបាយ​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ជា​រឿង​អាទិភាព​សម្រាប់​ឥណ្ឌា
27, Jan 2015 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​របស់លោក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់​អូ​បា​ម៉ា ត្រូវ​បញ្ចា​ប់​នៅ​ថ្ងៃ​អង្គារ​នេះ ប្រកបដោយ​ផ្លែផ្កា​ច្រើន​ជាពិសេស​ពង្រឹង​ចំណង​ទំនាក់ទំនង​ទ្វេភាគី។ ចំណង​ការទូត​ស្អិតល្មួត​រវាង​រដ្ឋ​មហា​យក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​ទាំង​ផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​នោះ​កំពុង​ធ្វើអោយ​មហាអំណាច​ចិន​ព្រួយបារម្ភ ជាពិសេស​ការសម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​រួម​រវាង​ឥណ្ឌា​និង​អាមេរិក។



ចិន​មិន​សប្បាយចិត្ត​ដោយ​ឃើញ​ចំណងមិត្តភាព​ឥណ្ឌា​និង​អាមេរិក​កាន់តែ​ប្រសើរ​ឡើយ ព្រោះ​ចិន​មិន​ត្រឹម​ជា​ប្រទេសជិតខាង​របស់​ឥណ្ឌា​ទេ តែ​វា​ក៏​ជាស​ត្រូវ​ឥណ្ឌា​ផង​ព្រោះ​ឥណ្ឌា-ចិន​កំពុងមាន​ជម្លោះព្រំដែន​រួមគ្នា​និង​ធ្លាប់​ប្រយុទ្ធ​គ្នា​ផង​កាល​ឆ្នាំ ១៩៦២ ។ ឆ្លើយតប​ការពង្រឹង​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង អាមេរិក ស្រាប់តែ​គេ​ឃើញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់ផ្តើម​ពង្រឹង​ការសហការ​ជាមួយ​សត្រូវ​ឥណ្ឌា​គឺ​ប៉ា​គី​ស្ថាន ក្រោម​លែស​ដើម្បី​ប្រឆាំង​ភេរវកម្ម​ថែម​ទៀតផង។ យ៉ាងណាក៏ដោយ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក​កាន់តែ​ខិតជិត​គ្នា​ប្រហែល​មិន​មានន័យថា​ឥណ្ឌា​ដើរ​ឆ្ងាយ​ចេញពី​គោលនយោបាយ​មិន​ចូលបក្ស​សម្ព័ន្ធ​និង​អ​ព្យា​ក្រឹត្យ​របស់ខ្លួន​ឡើយ ប៉ុន្តែ​ឥណ្ឌា​ចង់បាន​ប្រយោជន៍​ពី​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​អាមេរិក ហើយ​ឥណ្ឌា​និង​អាមេរិក​មិន​ចង់ឃើញ​ឥទ្ធិពល​របស់​ចិន​គ្រប់​ដណ្តប់​តំបន់​អាស៊ី​ទាំងមូល​ឡើយ។   

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ



ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​សា​ធារ​រដ្ឋ​ឥណ្ឌា​ជា​លើក​ទី២ ក្នុង​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​បានក្លាយ​ជា​ព្រឹ​ត្ត​ការណ៍​សំខាន់​មួយ​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​ពិភពលោក​ទាំងមូល។ ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខរដ្ឋ​អាមេរិក​បាន​ស្តែង​អោយឃើញថា​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ដើរ​ដល់​ចំណុច​ប្រសើរ​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុន​ឡើយ។ ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​មានការ​វិវត្តន៍​ទៅមុខ​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ។ ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​នេះដែរ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​តែ​ម្នាក់​ប៉ុណ្ណោះ​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ញូ​ដេលី អញ្ជើញ​ចូលរួម​ក្នុង​ថ្ងៃ​ខួប​នៃ​ការអនុម័ត​រដ្ឋធម្មនុញ្ញ​ធម្មនុញ្ញ​ឥណ្ឌា​បង្កើត​សាធារណរដ្ឋ​ឥណ្ឌា​ក្រោយ​បាន​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អង់គ្លេស​ផង។ 

ប្រធានាធិបតី​អាមេរិក​មិនសូវ​រីករាយ​ដោយ​សព្វាវុធ​នៅ​ឥណ្ឌា​ជា​របស់​រុស្ស៊ី
កាលពី​ថ្ងៃអាទិត្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​សហការ​និង​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយគ្នា ដោយ​ភាគី​ទាំងពីរ​គ្រោង​នឹង​ផលិត​សព្វាវុធ​មួយចំនួន​រួមគ្នា​ផងដែរ ដោយ​ឥណ្ឌា​ពឹងផ្អែក​លើ​ការ​នាំចូល​សព្វាវុធ​ពី​ក្រៅ​អស់​រាប់​ឆ្នាំ​មកហើយ។  ប៉ុន្តែ​អ្វីដែល​គួរ​ភ្ងា​ក់​ផ្អើល ព្យុះ​ហយា​ត្រា​យោធា​កាលពី​ម្សិលមិញ​នៅ​ឥណ្ឌា គេ​ឃើញ​សព្វាវុធ​ភាគច្រើន​ដែល​បង្ហាញ​អោយ​អ្នកចូលរួម​ទស្សនា​ជា​សព្វាវុធ​របស់​រុស្ស៊ី។ គេ​ឃើញ​មាន​រថក្រោះ​រុស្ស៊ី T-90 រត់​លើ​ថ្នល់ ខណៈពេល​យន្តហោះ​ចម្បាំង​ប្រភេទ Mig-29 និង Sukhoi Su-30MKI របស់​រុស្ស៊ី​ជាច្រើន​គ្រឿង​ហោះ​បង្អួត​ភ្ងៀ​វ​កិត្តិយស​ដែល​ចូលរួម​ផង  ក្នុងចំណោម​មេដឹកនាំ​នោះ​ក៏មាន​លោក អូ​បា​ម៉ា​ម្នាក់​ផងដែរ។ គេ​មើលឃើញថា លោក​អូ​បា​ម៉ា ប្រហែលជា​មិនសូវ​រីករាយ​ប៉ុន្មាន​ទេ​នៅពេលដែល​សព្វាវុធ​ប្រើប្រាស់​ដោយ​កងទ័ព​ឥណ្ឌា​ជា​សព្វាវុធ​នាំចូល​ពី​រុស្ស៊ី ប៉ុន្តែ​វា​គ្មានអ្វី​ចម្លែក​ទេ ព្រោះ​ទំនាក់ទំនង​វិស័យ​ការពារជាតិ​រវាង​ឥណ្ឌា​និង​រុស្ស៊ី​កើតមានឡើង​យូរអង្វែង​មកហើយ ហើយ​ឥណ្ឌា​ជាទី​ផ្សារ​សព្វាវុធ​ដ៏​ធំ​របស់​រុស្ស៊ី​តាំងពី​យូរយារ​មកហើយ។

ចំណង​ស្អិតល្មួត និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​ឥណ្ឌា-អាមេរិក​ធ្វើអោយ​មហា​យក្ស​ចិន​មិន​សប្បាយចិត្ត
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ញូ​ដែ​លី​បាន​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​អស់​ពេល​ជាច្រើន​ឆ្នាំ ហើយ​អាមេរិក​នឹង​ក្លាយជា​ប្រទេស​ជួយ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​សម្រាប់​ផលិត​ថាមពលនុយក្លេអ៊ែរ​ស៊ី​រី​ល​ឥណ្ឌា។ ក្រៅពីនេះ​អាមេរិក​ប្រកាស​ជួយ​ជ្រោមជ្រែង​ឥណ្ឌា​ដើម្បី​ក្លាយជា​សមាជិក​ក្រុម​ប្រទេស​ផ្គត់ផ្គង់​និង​គ្រប់គ្រង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដែល​បច្ចុប្បន្ន​មាន​សមាជិក ៤៨ប្រទេស។ ប៉ុន្តែ​ដំណឹង​នេះ​ពិតជា​ធ្វើអោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនសូវ​សប្បាយចិត្ត​ឡើយ ។

កាលពី​ម្សិលមិញ​នេះ​រដ្ឋាភិបាល​ចិន​បានបង្ហាញ​ជំហរ​គាំទ្រ​ឥណ្ឌា​ទាំង​ទើសទាល់ ដោយ​លើកឡើងថា​ខ្លួន​គាំទ្រ​សមាជិកភាព​របស់​ឥណ្ឌា​ប៉ុន្តែ​ស្នើសុំ​អោយ​ក្រុម​ប្រទេស​ទាំងនោះ​ពិភាក្សា​និង​សម្រេច​ជា​ឯក​ច្ឆ័​ន​លើ​បញ្ហា​នេះ​ជាមុនសិន។ ឥណ្ឌា​និង ចិន បើ​និយាយ​ទៅ​អាចជា​មិត្ត​ភូមិ​ផង​របង​ជាមួយ​ផង និង​ជាស​ត្រូវ​ជាមួយគ្នា​ផង ព្រោះ​ប្រទេស​ទាំងពីរ​មាន​ជម្លោះ​ដែនដី​ជាមួយគ្នា​នៅ​តំបន់​កា​ស្មៀ​រ​មិនទាន់​ដោះស្រាយ​ចេញ​ឡើយ ហើយ​ម្យ៉ាង​កាលពី​ឆ្នាំ ១៩៦២ ភាគី​ទាំង​ពីរបាន​ឈានដល់​ការធ្វើ​សង្គ្រាម​ជាមួយគ្នា​មួយ​ប្រ៉ា​វ​ទៀត។

ក្នុង​ក្រសែ​ភ្នែក​ក្រុង​ប៉េកាំង ការរីក​ធំធាត់​នៃ​មហា​យក្ស​អាស៊ី​ខាងត្បូង និង​ការពង្រឹង​ចំណងមិត្តភាព​ជាពិសេស​សហប្រតិបត្តិការ​យោធា​រវាង​មហាអំណាច​ប្រជាធិបតេយ្យ អាមេរិក​និង​ឥណ្ឌា សុទ្ធតែជា​គ្រោះ​ថា្នក់​សម្រាប់​ការពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ី។ ទាំង​អាមេរិក និង​ឥណ្ឌា មិន​ប្រា​ថា្ន​ចង់ឃើញ​ចិន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន និង​កាន់កាប់​ឬ​គ្រប់គ្រង​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល​ឡើយ។  ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​មិន​រំពឹងថា ឥណ្ឌា​នឹង​បោះបង់ចោល​គោលនយោបាយ​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ​ដែល​ខ្លួន​ធ្លាប់​អនុវត្ត​រាប់​ទសវត្ស​មកហើយ ដោយ​ស្រ​វ៉ា​ចាប់​អាមេរិក​ដើម្បី​ប្រឆាំង​សត្រូវ​ក្បែរ​ខាង​ឡើយ ឥណ្ឌា​គ្រាន់តែ​ចង់​មាន​មិត្ត និង​អាច​ទទួល​ប្រយោជន៍​ពី​ការបង្កើត​ចំណងមិត្តភាព​តែប៉ុណ្ណោះ។

ចិន​ងាក​រក​សត្រូវ​ឥណ្ឌា ប៉ា​គី​ស្ថាន ឆ្លើយតប​ទំនាក់ទំនង​ពិសេស​រវាង​អាមេរិក​និង​ឥណ្ឌា
ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក​កំពុងស្ថិត​ក្នុងប្រទេស​ឥណ្ឌា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​កំពុងទ​ទូល​ស្វាគមន៍​ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន Raheel Sharif ដូចគ្នា​ដែរ។ ដំណើរ​ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន​ទៅកាន់​ប្រទេស​ចិន មិនមែនជា​រឿង​សាមញ្ញ​ប៉ុន្មាន​ទេ បើទោះជា​ប៉ា​គី​ស្ថាន​និង​ចិន​ធ្លាប់មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ក៏ដោយ។ តាមពិតទៅ​ប៉ា​គី​ស្ថាន​ជាស​ត្រូវ​របស់​ឥណ្ឌា តាំងពី​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ផ្តាច់​ចេញពី​ឥណ្ឌា​កាលពី​ឆ្នាំ ១៩៤៧មកម្ល៉េះ។

ទាក់ទិន​ការពិភាក្សាគ្នា​រវាង​មេដឹកនាំ​ចិន​និង​ប៉ា​គី​ស្ថាន​ដែលជា​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ខាងត្បូង​មួយ​ដែរនោះ ត្រូវបាន​គេ​លួច​បង្ហើប​ថា​ជាការ​ពិភាក្សា​លើ​ការប្រឆាំង​ក្រុម​ភេរវជន​ប៉ុណ្ណោះ​មិនមាន​ទាក់ទិន​អី្វ​នឹង​ការពង្រឹង​ចំណង​ទំនាក់ទំនង​អាមេរិក​និង​ឥណ្ឌា​ឡើយ។ ប៉ា​គី​ស្ថាន​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​តា​លី​បង់ និង​ក្រុម​ឧទ្ទាម​ផ្សេងទៀត​តែប៉ុណ្ណោះ ព្រោះ​ប៉ា​គី​ស្ថាន​រងគ្រោះ​ដោយសារ​ការកើនឡើង​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ច្រើនលើកច្រើនសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕  



© រក្សាសិទ្ធិដោយ thmeythmey.com