អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​រដ្ឋ​ឥស្លាម​បរាជ័យ​ធ្ងន់ធ្ងរ បាត់បង់​ទីក្រុង​យុទ្ធសាស្ត្រ​កូ​បាន​ទៅ​កងកម្លាំង​ឃឺ​ត
27, Jan 2015 , 4:02 pm        
រូបភាព

កងកម្លាំង​ឃឺ​ត​បានទទួល​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ដណ្តើម​ទឹកដី​នៃ​ខេត្ត​Diyalaដែល​កាន់កាប់​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាលពី​ម្សិលមិញ​នេះ។ ទម្រាំ​យកជ័យ​ជំនះ​ដណ្តើម​ក្រុម​កង​ម្លាំ​ង​ឃឺ​ត​ចំណាយពេល​ប្រមាណ ៤ខែ​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ភេរវជន ហើយ​គេ​ប៉ាន់​ស្មានថា​ចំនួន​មនុស្ស​ស្លាប់​ក្នុង​សមរភូមិ​មាន​រហូតដល់​ជិត២ពាន់​ឯណោះ។ សហរដ្ឋអាមេរិក​បាន​ប្រកាស​អបអរសាទរ​ចំពោះ​ជ័យជម្នះ​នេះ​នេះ​ផងដែរ។


លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ



ទីបញ្ជាការ​កណ្តាល​យោធា​សហរដ្ឋអាមេរិក​បានប្រកាស​អបអរសាទរ​កង​ម្លាំ​ង​ឃឺ​ត​ដែល​បាន​យកជ័យ​ជម្នះ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​កាលពី​ម្សិលមិញ​នេះ​តំបន់​ដែល​ធ្លាប់​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវបាន​គេ​ដោត​ទង់ជ័យ​របស់​ក្រុម​កម្លាំង​ឃឺ​ត។

កាលពី​ម្សិលមិញ​កងកម្លាំង​ឃឺ​ត​បាន​វាយ​ដណ្តើមយក​តំបន់ កូ​បាន ហើយ​បាន​បង្ហូត​ទង់ជ័យ​រប​ស់​ពួកគេ​ឡើង​ដើម្បី​បញ្ជាក់​ពី​ជ័យជម្នះ​ក្នុងការ​ប្រយុទ្ធ​នេះ។
នៅក្នុង​ប្រទេស​ស៊ី​រី កងទ័ព​ឃឺ​ត​បាន​វាយ​បណ្តេញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចេញពី​ទីក្រុង​កូ​បាន រហូតដល់​ព្រំប្រទល់​ប្រទេស​តួ​ក​គី ចំណែក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឯណោះ​វិញ​កងកម្លាំង​ពួកគេ​បានចាប់ផ្តើម​រំដោះ​បាន​ខេត្ត Diyalaពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​រួចហើយ។

ជ័យជម្នះ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជ័យជម្នះ​យ៉ាង​ធំធេង​បំផុត​មួយ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្រុម​ឃឺ​ត​បាន​ចំណាយពេល​ប្រមាណ ៤ខែ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ក្នុង​សមរភូមិ​ខាងលើ ហើយ​មនុស្ស​ស្លាប់​ក្នុង​សមរភូមិ​នេះ​មាន​រហូតដល់​ជិត ២ពាន់​នាក់​ឯណោះ។ បើតាម​ការ​អោយដឹងពី​សំណាក់​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី អង្គភាព​ការពារ​ប្រជាជន​ឃឺ​ត​ពិតជា​បាន​វាយ​បណ្តេញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចេញពី​ក្រុង​កូ​បាន​ពិតមែន ហើយ​ពេលនេះ​កង​ម្លាំ​ង​ទាំងនោះ​ក៏បាន​កាន់កាប់​និង​គ្រប់គ្រង​ទីក្រុង​ទាំងស្រុង​ផងដែរ។

ស្ថាប័ន​ខាងលើ​បាន​បន្តទៀតថា កងកម្លាំង​ខ្លះ​កំពុង​បន្ត​ល្បាត​នៅ​ភាគ​ខាងកើត​ខេត្ត​កូ​បាន ប៉ុន្តែ​ជារួម​មិនមាន​ការប្រយុទ្ធ​គ្នា​បន្ត​ទៀតឡើយ។ ដោយឡែក​ខាង​ទីបញ្ជាការ​យោធា​អាមេរិក​បាន​ថ្លែងថា ក្រុម​ឃឺ​ត​បាន​ដណ្តើម​ទីក្រុង​រហូតដល់៩០ភាគរយ​ហើយ​នាបច្ចុប្បន្ន​នេះ ។

ចំណែក​អ្នកនាំពាក្យ​អង្គភាព​ការពារ​ប្រជាជន​ឃឹ​ត​លោក Polat Jan បាន​ហៅ ការ​សាទរ​ចំពោះ​ជ័យជម្នះ​នេះ​ថា ជា​ជ័យជម្នះ​របស់​កងកម្លាំង​ឃឺ​ត និង​ជ័យជម្នះ​របស់​មនុស្សជាតិ ហើយ​វា​ក៏​ជា​ជ័យជម្នះ​ធំធេង​ដែរ ដែល​ទីក្រុង​កូ​បាន​ត្រូវបាន​រំដោះ​ចេញពី​កណ្តាប់ដៃ​ក្រុម​ភេរវជន​ដ៏​ព្រៃផ្សៃ​នេះ។ យ៉ាងណាក៏ដោយ​មន្ត្រី​មន្ទីរ​ប៉ង់​តា​ហ្កូ​ន​បាន​បញ្ជាក់ថា មុននឹង​ឈានដល់​វាយ​ផ្តាច់​ដណ្តើម​កាន់កាប់​ទីក្រុង​ខាងលើ កង​ម្លាំ​ង​សម្ព័ន្ធ​អន្តរជាតិ​បាន​បើក​ការវាយប្រហារ​ចំនួន ១៧លើក​ក្នុង​រយៈពេល ២៤ម៉ោង ដោយ​គោលដៅ​នៃ​ការវាយប្រហារ​គឺ​សម្ភារៈ និង​សព្វាវុធ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។

 ការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​បាត់បង់​ទីក្រុង​កូ​បាន​នេះ ជា​រឿង​សំខាន់​មួយ​សម្រាប់​សហ​គន៍​អន្តរជាតិ ហើយ​តាំងពី​ក្រុម​នេះ​ចាប់ផ្តើម​ប្រយុទ្ធ​ដណ្តើមបាន​ទីក្រុង​កាលពី​ខែកញ្ញា​ឆ្នាំមុន ក្រុម​នេះ​បាន​បាត់បង់​សមាជិក​សរុប ១១៩៦នាក់​ហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com