ជាតិ
លោក ថង ខាំ ជា​កសិករ​ជនជាតិ​ទំពួន​ដែលមាន​គំនិត​ធ្វើ​កសិកម្ម​បែប​ទំនើប​មុនគេ
27, Jan 2015 , 7:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ថង ខាំ ជា​កសិករ​ជនជាតិភាគតិច​ទំពួន​ប្រចាំខេត្ត​រតនគិរី ដែល​ទទួលជោគជ័យ​លើ​ការធ្វើ​កសិកម្ម​បែប​បច្ចេកទេស​ទំនើប​មុនគេ។ លោក​បាន​បង្កើត​សួន​បន្លែ ផ្លែឈើ ជីក​ស្រះ​ចិញ្ចឹម​ត្រី ចិញ្ចឹមសត្វ​មាន់ ទា និង​មាន​កន្លែង​ស​ម្ងួ​ត​ចំណីអាហារ​ស្រូប​ពន្លឺព្រះអាទិត្យ ប្រចាំ​គ្រួសារ​ថែម​ទៀតផង។



ជនជាតិភាគតិច​ខេត្តរតនគិរី​ភាគច្រើន​នៅតែមាន​ទម្លាប់​រក​អនុ​ប្ប​ផល​ធម្មជាតិ​តាម​ព្រៃភ្នំ​ក្នុង តំបន់ ដើម្បី​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។ ផ្ទុយ​ពី​ទម្លាប់​រស់នៅ​បែប​បុរាណ​របស់​ជន ជាតិ​ភាគតិច​ទាំងនោះ លោក ថង ខាំ បាន​ងាក​មក​ស្វែងយល់ និង​ទទួលយក​របៀប​ធ្វើ​កសិកម្ម និង ចិញ្ចឹមសត្វ​តាមបែប​បច្ចេកទេស​ទំនើ​ប​វិញ​ម្តង។

បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ជនជាតិភាគតិច​ខេត្តរតនគិរី​ក្នុង គម្រោង​អាណា​ឌី​យ៉ា នៅក្នុង​អំឡុង​ឆ្នាំ ២០១៣រួចមក លោក ថង ខាំ បាន​ប្តូរ​ផ្នត់គំនិត​បុរាណ​ចោល​ដោយសារ​ទម្លាប់​ចិញ្ចឹមជីវិត​បែប​បុរាណ​មិនអាច​ចិញ្ចឹមជីវិត​យូរអង្វែង​បាន។លោក​ប្រាប់ថា៖«ឥឡូវ​សត្វព្រៃ និង​ព្រៃឈើ​ក្នុង​តំបន់​អត់​សំបូរ​ដូច​មុន...យើង​មិនអាច​រស់នៅ តាម​សម័យបុរាណ​ទេ»។

និយាយ​មិន​លាក់លៀម លោក​រម្លឹក​អតីតកាល​ជាង ៥ឆ្នាំមុន​ថា លោក​ក៏​នៅតែ​ជា​កសិករ​ជនជាតិភាគតិច​ម្នាក់ ដែល​ប្រកប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ដោយ​ការដើរ​បេះ​បន្លែ ផ្លែឈើ និង​បរបាញ់​សត្វ​ក្នុង​ព្រៃភ្នំ​ផងដែរ។

ប៉ុន្តែ​បច្ចុប្បន្ននេះ កសិករ​ជនជាតិ​ទំពួន​វ័យ៣៧ឆ្នាំ​រូបនេះ បាន​ក្លាយជា​កសិករ​គំរូ​ប្រចាំខេត្ត​ភូមិ ភាគ​ឦសាន​ប្រទេស​កម្ពុជា។ លោក​បាន​បង្កើតជា​សួន​បន្លែ ជីក​ស្រះ​ចិញ្ចឹម​ត្រី និង​សត្វ​ចិញ្ចឹម ផ្សេងទៀត​ដូចជា មាន់ ទា​និង​ជ្រូក​ជាដើម។ ជាពិសេស​នោះ​គឺ បង្កើត​កន្លែង​ស​ម្ងួ​តប​ន្លែ ផ្លែឈើ ដែល​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ស្រូប​ពន្លឺព្រះអាទិត្យ​ថែម​ទៀតផង។

បុរស​សម្បុរ​ស​ខ្មៅ​ស្រអែម​រូបនេះ បាន​លើកឡើងថា ការប្រើប្រាស់​បច្ចេកទេស ធ្វើ​កសិកម្ម និង​ការចិញ្ចឹម​បែប​សម័យ​ទំនើប​នេះ គឺ​បាន​លើកស្ទួយ​ជីវភាព​គ្រួសារ​លោក​ច្រើន។
លោក​ថា៖«ខ្ញុំ​អាច​ផ្គត់ផ្គង់​ចិញ្ចឹម​គ្រួសារ​គ្រប់គ្រាន់ មាន​ត្រី បន្លែ​សម្រាប់​ហូប​គ្រប់​រដូវ គឺ​មិន​ដូច ពីមុន​ទេ ត្រូវ​ដើរចូល​ព្រៃភ្នំ...និង​ចាំតែ​ដើរ​សុំ​បន្លែ​ពី​អ្នកដទៃ»។

បន្ទាប់ពី​គម្រោង​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ២០១៥នេះ កសិករ​ជនជាតិ​ទំពួន​បង្គោល​ខេត្តរតនគិរី លោក ថង ខាំ ក៏បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​ដល់​កសិករ​ក្នុង​តំបន់​ឲ្យ​យល់ដឹង ពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​កសិកម្ម​បែប​សម័យ​ទំនើប​នេះ​ផងដែរ៕









© រក្សាសិទ្ធិដោយ thmeythmey.com