ជាតិ
សង្គមជាតិ
សំណល់​អេ​ឡិច​ត្រូ​និ​ច ត្រូវគេ​បោះចោល​ដោយ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ
27, Jan 2015 , 4:24 pm        
រូបភាព
កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់​ព​ន្ធ័ បានរៀបចំ​សិក្ខា​លា​លា​មួយ​ស្តីពី ការគ្រប់គ្រង​សំណល់​អេ​ឡិច​ត្រូ​និ​ច និង​ការកាត់បន្ថយ​ផលប៉ះពាល់​របស់​វា ចំពោះ​សុខភាព និង​បរិស្ថាន ។ សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ខៀវ មុត និង​មានការ​ចូលរួម ពី​តំណាង​អង្គការ​ឧស្សាហកម្ម អង្គការសហប្រជាជាតិ​UNIDO អង្គការ KOICA របស់​កូរ៉េ​ក្រុមហ៊ុន Samsung អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផងដែរ។



សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​បំណង​បញ្ជ្រាប​ការយល់ដឹង អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន នៃ​សំណល់​អគ្គិសនី និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដល់​ស្ថាប័ន​សាធារណៈ និង​ឯកជន​នានា ដែល​កំពុងធ្វើការ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​សំណល់​ទាំងនោះ។ សំណល់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដូចជា​ម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ​ជាដើម នឹងធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស និង​កត្តាបរិស្ថាន​ជាច្រើន ប្រសិនបើ​អ្នកប្រើប្រាស់​មិនបាន​ទុកដាក់ វា​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ។

លោក ខៀវ មុត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែង​នៅក្នុង​សិក្ខា​សាល​នោះ​ថា សំណល់​បរិក្ខា​អេ​ឡិច​ត្រូ​និ​ច បានផ្ដល់​ហានិភ័យ និង​គ្រោះថ្នាក់​ដល់​បរិស្ថាន សុខភាព​សាធារណៈ   ហើយ​សំណល់​ទាំងនោះ ត្រូវបាន​គេ​បោះចោល​ដោយ​គ្មាន​ការគ្រប់គ្រង ត្រឹមត្រូវ​តាម​គោលការណ៍​បរិស្ថាន។ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏បាន​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ នឹង​សាធារណជន ចូលរួម​ក្នុងការ​គ្រប់គ្រង​សំណល់​ទាំងនោះ ទៅតាម​តួនាទីរៀងៗខ្លួន និង​ត្រូវ​ចេះ​ទាញ​ផលប្រយោជន៍ ដល់​ឈរលើ​ទស្សនៈ សំណល់​ជា មាស ប្រាក់ ក៍​ដូចជា​បង្កើន​ការងារ​ដល់​យុវជន ក្នុងការ​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com