អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹទ្ធសមាជិក​អាមេរិក​ប្រឆាំង​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ
27, Jan 2015 , 4:26 pm        
រូបភាព

មហាអំណាច៥ បូក​អាល្លឺម៉ង់ កំពុង​បន្តការងារ​របស់​ពួកគេ​ដោយ​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​លើ​កម្មវិធី​នុយក្លេអ៊ែរ បើទោះជា​ផ្លែផ្កា​មាន​តិចតួច​ក៏ដោយ។ ដោយសារ​ការជាប់គាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ  លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក​ប៉ង​ដាក់ទណ្ឌកម្ម​បន្ថែម ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​ទៀត  ប​ន្តែ​គេ​ឃើញ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខ្លះ បានបង្ហាញ​ជំហរ​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ថ្មី។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



សមាជិកសភា​អាមេរិក​ជាច្រើន​នាក់ បានបង្ហាញ​ជំហរ​ប្រឆាំង​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្រោយ​សហរដ្ឋអាមេរិក ចង់​ដាក់ទណ្ឌកម្ម​បន្ថែម ដោយសារតែ​ការចរចា​គ្នា​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅជាប់​គាំង​មិនមាន​ផ្លែផ្កា​ទៅមុខ​នោះ។

ទាក់ទិន​នឹង​ការប្រឆាំង​ការដាក់ទណ្ឌកម្ម​ជាថ្មី​នេះ កាលពី​ម្សិលមិញ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រហែល១០នាក់  និង​សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ​ម្នាក​ផង​នោះ បាន​បញ្ចេញ​ដំណោះស្រាយ​របស់​ពួកគេ ដែល​ប្រឆាំង​ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់។ ក្នុង​ដំណោះស្រាយ​នោះ គេ​ឃើញ​មានការ​លើកឡើងថា ការអនុម័ត​ដាក់ទណ្ឌកម្ម​បន្ថែម​មុនពេល​ដល់​ថ្ងៃ​កំណ​ត់នៃ​ការចរចា​នោះ នឹង​ធ្វើអោយ​ខូចប្រយោជន៍ ជាពិសេស​ប៉ះពាល់​ដល់​ការប្រឹងប្រែង​របស់​គូភាគី ក្នុងការ​សម្រេច​អោយបាន​កិច្ចព្រមព្រៀង​មួយ​គ្រប់​ជ្រុងជ្រោយ។

ព្រឹទ្ធសមាជិក​លោកស្រី Dianne Feinstein បានបង្ហាញ​ពី​ការជំទាស់​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​អ៊ីរ៉ង់​ដោយ​លោកស្រី​លើកឡើង​ពី​ផល​អវិជ្ជមាន នៃ​ការដាក់ទណ្ឌកម្ម​នេះ​ផងដែរ។

យ៉ាងណាក៏ដោយ​គណកម្មាធិកា​ធនាគារ​នៃ​ព្រឹទ្ធសភា​អាមេរិក គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ថ្មី​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ដែល​ច្បាប់​នេះ​មាន​គោលបំណង​រឹតបន្តឹង​ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់ ប្រសិនបើ​ការចរចា​លើ​បញ្ហា​នុយក្លេអ៊ែរ​បរាជ័យ។ សេចក្តីព្រាងច្បាប់​ដែល​នឹងត្រូវ​លើក​យកមក​បោះឆ្នោត​អនុម័ត​នេះ ត្រូវបាន​ស្នើឡើង​ក្នុង​ឆ្នាំ២០១៣ ប៉ុន្តែ​ច្បាប់​នេះ​មិនអាច​ត្រូវបាន​គេ​យកមក​អនុម័ត​ឡើយ ដ្បិត​កាលនោះ​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ ភាគច្រើន​កំពុងកាន់​កាប់​អាសនៈ​សភា​ទាំងពីរ ជាពិសេស​ព្រឹទ្ធសភា ហើយ​រដ្ឋាភិបាល​លោក អូ​បា​ម៉ា ក៏​មិន​ចង់អោយមាន​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​ដែរ។

កាលពីថ្មីៗកន្លងទៅនេះ ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា បានស្នើ​សុំ​សភា​ដែលមាន​អាសនៈ​ច្រើន​ស្ថិតក្រោម​ការកាន់កាប់ របស់​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ កុំ​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​អ៊ីរ៉ង់​ទៀត ហើយ​លោក​បញ្ជាក់ថា​លោក​នឹង​ប្រើ​សិទ្ធិ​ជំទាស់​ទាត់ចោល​ច្បាប់​នេះ ប្រសិនបើ​មានការ​អនុម័ត​មែន​នោះ។ 

ការចរចា​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុង​បន្ត​ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​មហាអំណាច ៥នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បួ​ក​រួមជាមួយ​អាល្លឺម៉ង់​ផងដែរ។ បច្ចុប្បន្ននេះ​បណ្តា​ប្រទេស ទាំងនេះ កំពុង​ស្វះស្វែង​ដើម្បី​សម្រេច​អោយបាន​នូវ​កិច្ចព្រមព្រៀង​នយោបាយ​រួមគ្នា​មួយ​អោយបាន​មុន​ថ្ងៃទី១ខែ​មិនា ហើយ​ធ្វើយ៉ាងណា​ត្រូវ​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​ផ្សេងទៀត ទាក់ទិន​បញ្ហា​បច្ចេកទេស​ផងដែរ។

យ៉ាងណាក៏ដោយ ចាប់តាំងពី​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ក្រុង​ហ្សឺ​ណែវ ត្រូវបាន​គេ​ឯកភាពគ្នា​កាលពី​ឆ្នាំ២០១៣ បណ្តា​រដ្ឋ​ជា​ភាគី​បាន​បរាជ័យ​ក្នុងការ​សម្រេច និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចុងក្រោយ២លើក​រួចមកហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com