ជាតិ
សង្គមជាតិ
តំបន់​អង្គ​របើក​សវនកម្ម​លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ជាថ្មី​ដោយ​ស្ថាប័ន​JQA
27, Jan 2015 , 4:32 pm        
រូបភាព
សៀមរាប៖ នៅ​ថ្ងៃទី២៦ ខែមករា ម្សិលមិញ ស្ថាប័ន​JQA របស់​ប្រទេស​ជប៉ុន បានប្រកាស​បើក​សវនកម្ម​វាយតម្លៃ​សាជាថ្មី លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ។



ការប្រកាស​បើក​ការចុះ​វាយតម្លៃ​ជាថ្មី​លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​នៅពេលនេះ ដើម្បី​ឲ្យ​ជឿជាក់ថា តើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ក្នុង​តំបន់​នេះ នៅ​រក្សា​ប្រសិទ្ធិភាព​របស់ខ្លួន​ជា​ស្ថិតស្ថេរ ដែរ​ឫ​យ៉ាងណា។ នេះ​ជា​លើក​ទី៤ហើយ ដែល​ស្ថាប័ន​របស់​ប្រទេស​ជប៉ុន ឈ្មោះថា JQA បាន​ចុះមក​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​គ្រប់គ្រង​បរិស្ថាន។ កាលពី​ឆ្នាំ២០០៦ អាជ្ញាធរ​អប្សរា បានទទួល​វិញ្ញាបនបត្រ​ដំបូង​កម្រិត ISO 14001 ដែល​ផ្តល់​ដោយ​ស្ថាប័ន JQA។ ហើយ​នៅ​ឆ្នាំនេះ​សោត អាជ្ញាធរ​អប្សរា រំពឹងថា JQA នឹង​ផ្តល់ជូន​វិញ្ញាបនបត្រ​ដូចគ្នា​ទៅនឹង​រយៈពេលមុនៗ ដែល​ខ្លួន​ចុះ​ត្រួតពិនិត្យ​ដូច្នោះ​ដែរ។

លោក ឈរ ថា​ណាត អគ្គនាយករង និង​ជា​តំណាង​គ្រប់គ្រង​បរិស្ថាន​នៃ​អាជ្ញាធរ​អប្សរា លើកឡើងថា នេះ​ជាការ​ត្រួតពិនិត្យ​រយៈពេល៣ឆ្នាំ​ម្តង​របស់​ស្ថាប័ន​JQA មកលើ​តំបន់​អង្គរ។ លោក ថា​ណាត​បន្ថែមថា ការធ្វើ​សវនកម្ម​នេះ នឹងមាន​រយៈពេល៦ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បី​វាយតម្លៃ​លើ​ការងារ​គ្រប់ផ្នែក គ្រប់​នាយកដ្ឋាន របស់​អាជ្ញាធរ​អប្សរា​ទាំងមូល។

គួររំលឹកថា JQA គឺជា​ស្ថាប័ន​ឯកទេស ក្នុង​ការផ្តល់សេវា​ចុះឈ្មោះ​សម្រាប់​ប្រព័ន្ធគ្រប់គ្រង ក៏ដូចជា ការធ្វើ​តេ្ត​ស​សុវត្ថិភាព និង​ផ្តល់​វិញ្ញាបនបត្រ ដែល​ទទួលស្គាល់​ស្របតាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ។ JQA បង្កើតឡើង​ក្នុង​ឆ្នាំ១៩៥៧ ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​នៃ​ច្បាប់​នាំចេញ​របស់​ប្រទេស​ជប៉ុន៕


© រក្សាសិទ្ធិដោយ thmeythmey.com