ជាតិ
សង្គមជាតិ
ទីបំផុត​ទៅ ការផ្សាយពាណិជ្ជកម្ម​លើ​សេវាកម្ម​ផលិត​ព្រហ្មចារី​ស្ត្រី ត្រូវបាន​ហាមឃាត់
27, Jan 2015 , 8:15 pm        
រូបភាព
ដោយ: រួបរួម
សេវាកម្ម​អំពី​បច្ចេកវិទ្យា​វះកាត់ ដេរ ព្រហ្មចារី និង​កែ​រូបរាង​ប្រដាប់បន្តពូជ​ស្ត្រី​របស់​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ មិនត្រូវ​បាន​អនុ​ញា​ត្ត​ឲ្យ​បន្ត​ផ្សាយពាណិជ្ជកម្ម​នៅតាម​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនា​វ​ដ្តី និង​គេហទំព័រ​ទៀតឡើយ។ នេះ​បើ​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ។



លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅក្នុង​លិខិត​របស់ខ្លួន​ថា ការផ្សាយពាណិជ្ជកម្មរ​បស់​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ស្តីពី​វា​កម្ម​អំពី​បច្ចេកវិទ្យា​វះកាត់ ដេរ ព្រហ្មចារី និង​កែ​រូបរាង​ប្រដាប់បន្តពូជ​ស្ត្រី ដោយមាន​ការអត្ថាធិប្បាយ​ពន្យល់​ហួសហេតុ​ពេក​នាំ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គម​កម្ពុជា។

ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន​អំពី​ការផ្សាយពាណិជ្ជកម្ម​អត្ថាធិប្បាយ​បកស្រាយ​ពន្យល់​អតិថិជន​ទាក់ទង​នឹង​សេវាកម្ម​ខាងលើ ក៏ដូចជា​ប៉ះពាល់​អារម្មណ៍​របស់​ប្រជាជន​ទូទៅ លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​បញ្ឈប់​ការផ្សាយ​បែបនេះ​ជាបន្ទាន់។

ការសម្រេច​ហាមឃាត់​ពាណិជ្ជកម្ម​រប​ស់​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ ដែល​បាន​ផ្សព្វផ្សាយ​ជាច្រើន​ខែ​ឆ្នាំ​កន្លងមកនេះ គឺ​យោងតាម​មាត្រា១៤ និង១៦ នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មាត្រា១៤ ចែងថា សារព័ត៌មាន​មិនត្រូវ​បោះពុម្ពផ្សាយ​នូវ​អ្វីដែល​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គមជាតិ ហើយ​អ្នកប្រព្រឹត្ត​អាច​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី១លាន​រៀល​ទៅ៥លាន​រៀល។

ចំណែក​មាត្រា១៦ចែងថា ដំណឹង​ផ្សាយពាណិជ្ជកម្ម​អាច​ចាត់ទុកថា​មាន​លក្ខណៈ​ភូតកុហក បើ​ការផ្សាយ​នោះ​មានន័យ​បំផ្លើស​ហួសហេតុ​អំពី​គុណភាព ឬ​គុណសម្បត្តិ​ផលិតផល ឬ​សេវា​ណាមួយ បណ្តាល​ឲ្យ​អ្នកប្រើប្រាស់​មានការ​ភ័ន្តច្រឡំ​អំពី​គុណភាព ឬ​គុណសម្បត្តិ​នោះ។ ការផ្សាយពាណិជ្ជកម្មរ​បៀ​ប​នេះ ត្រូវ​ហាមឃាត់ ប៉ុន្តែ​សារព័ត៌​មនា​ដែល​ចុះផ្សាយ​ដំណឹង​ភូតកុហក​នេះ មិនមែនជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ លើកលែងតែ​សារព័ត៌មាន​នេះ​នៅតែ​បន្ត​ផ្សាយដំណឹង​នេះ ក្រោយពី​ទទួល​ការហាម​ប្រាម​ជាលា​យ​ល័ក្ខណ៍​អក្សរ​ពី​តុលាការ ឬ​ក្រសួង​មាន​សមត្ថកិច្ច​រួចហើយ។ ការផ្សាយពាណិជ្ជកម្ម​ភូត​កុហក​អាច​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី១លាន​រៀល ទៅ៥លាន​រៀល​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com