ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
រឿង​​ងាយៗ​​ទាំង​​១០​ ដែល​​គណបក្ស​​ប្រជាជន​កម្ពុជា​​ គួរ​​ធ្វើ​​បាន​
29, Jan 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ក្បួនសឹក​ពោលថា ច្បាំង១០០ដង ឈ្នះ១០០ដង មិន​ប្រសើរ ជាង​ឈ្នះ ១០០ដង ដោយ​មិនបាច់​ច្បាំង​នោះទេ។ បើ​ច្បាំង​ក៏​មិន​ប្រាកដថា ឈ្នះ​ដដែល មិនបាច់​ច្បាំង​ទេ។ បើ​ឈ្លោះ​គ្នា ឃើញតែ​ខាត ដដែល មិនបាច់​ឈ្លោះ​ទេ។ បើ​វាយប្រហារ​គ្នា មិនដែល​ចំណេញ​ដដែល គួរតែ​មិនបាច់​វាយប្រហារ​គ្នាទេ​។ បាន​អំណាច តែ​មិនបាន​ចិត្តរាស្ត្រ ចិត្ត​មន្ត្រី តើ​បាន​ប្រយោជន៍​អី? បើ​ដូច្នេះ មានតែ​បង្ករ​គំនុំក្នុង​ចិត្ត​រាស្ត្រ និង​មន្ត្រី​តែ​ប៉ុ​ណ្ណោះ​។ អោយតែ ពូកគេ មានឱកាស គឺ ច្បាស់​ជា ជាន់ក ដកស្លាប ដើម្បី​សងសឹក មិន​ខាន។ ខាងក្រោម​នេះ ជា​ចំណុចងាយៗ ដែល បក្ស​ប្រជាជន យកឈ្នះ ដោយ​មិនបាច់​ច្បាំង ដោយ​មិនបាច់​វាយប្រហារ ដោយ​មិនបាច់ ដើរ​ឈ្លោះ ឬ ឈ្នះ ដោយ​មិនបាច់ ប្រើ​កងទ័ព ១សរសៃសក់៖



ទី១) រួ​ច​ចុះបើ​រួមគ្នា​ដោះស្រាយ ទំនាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ អោយ​ចប់​ចុង ចប់​ដើម ទោះ​ប្រជាពលរដ្ឋ ខុស​ក៏អនុគ្រោះ​តាម​ភាពជាក់ស្តែង តាម​គោល​ការ​ណ៍គុណធម៌ និង សច្ចៈ​ធម៌ ទោះ​ត្រូវ ក៏​អោយ​យុ​ត្តិ​ធ​ម៌ផ្តល់រ​ង្វាន់ ដូច្នេះ​មិន​រក​សំឡេងឆ្នោត បាន​ស្រួល ដោយ​មិនបាច់ តាម​ចាក់រុក​បក្សប្រឆាំង នាំ​ឈឺក្បាល​វិលមុខ អី​ទេ​ហី?

ទី២) រួច​ចុះ បើ​និយាយអោយ​ស្រួល ជាមួយបក្សប្រឆាំងជា​សាធារណៈ បង្ហាញ​ពី​ភាពចាស់ទុំ យកចិត្តមន្ត្រី និង អ្នកគាំទ្រ បក្សប្រឆាំង យក​ទន់​បង្ក្រាប​រឹង យោងតាម សុភាសិត ទឹក​ត្រជាក់​ត្រី​កុំ ឬ ឆ្មា​ស​ឆ្មា​ខ្មៅ មិន​សំខាន់ សំខាន់ អោយតែ​ចាប់​កណ្តុរ​បាន ដូច្នេះមិនបាច់ ចំណាយលុយ ចំណាយពេល ទៅ​ចាក់រុក បក្សប្រឆាំង គឺ បក្សប្រឆាំង នឹងរលាយ​ឯង រាស្ត្រ ក៏បាន​សុខ ទោះបក្ស​ប្រជាជន កាន់១០០ជំនាន់​ទៀត ក៏​រាស្ត្រ ខ្មែរ មិន​ឈឺក្បាល​វិលមុខ​ដែរ។

ទី៣) រួ​ច​ចុះ បើ​គោរព​ព្រះមហាក្សត្រ ថ្វាយបង្គំ អោយ​អស់ពី​ចិត្ត ធ្វើបុណ្យ ដាក់​ទាន ហែកថិន ជួយ​ទុរ្ភិក្ស​ជន ជួយមន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យគ​ន្ធៈ​បុប្ផា ពេលនោះ ចិត្ត​រាស្ត្រ ច្បាស់​ជា​បាក់​ដូច​ទំនប់​មិន​ខាន​ទេ។ ពេល​យកចិត្ត រាស្ត្រ​បាន យកចិត្ត​ទេវតា​បាន ទោះ​កាន់អំណាច ១ម៉ឺន​ឆ្នាំ​ទៀត ក៏​គ្មាន​នរណា​ទៅ​ឈឺក្បាល​វិលមុខ​ដែរ។ ដូច​សម័យ​រាជវង្ស​ជ័យ​វ​រ្ម័ន​​ដែល​កាន់អំណាច ជិត១០០ឆ្នាំ​អ៊ីចឹង រាស្ត្រ​នៅតែ​សប្បាយ នៅតែ​គោរព។

ទី៤) រួ​ច​ចុះបើ​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន អោយបាន​សមរម្យ កាត់បន្ថយ​ថវិកាលើ​វិស័យ​កងទ័ព យកមក​ឧបត្ថម្ភ លើ​វិស័យ​អបរំ តើ​វា​មិនល្អ​ទេ​ឬ? គេ​ថា អ្នក​ដែល​យកចិត្ត​គ្រួ​បង្រៀន​បាន គឺ​ដូច​យកចិត្ត​ម៉ែឪ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​បាន​អ៊ីចឹង​ដែរ ដូច​សុំ​ភ្លៀង​បាន​ភ្លៀង សុំ​ព្រិល​បាន​ព្រិល។ ចង់​គ្រប់គ្រង​ផែនដី១ម៉ឺន​ជំនាន់​ទៀត ក៏​គ្មាន​នរណា​ទៅ​ថា​អី​ដែរ។

ទី៥) រួច​ចុះ បើ​ស្រឡាញ់​ជនជាតិខ្មែរ​ឯង ជាង​ជនជាតិ​យូ​ន ស្រឡាញ់​ជាតិ​ឯង ជាង​ខ្លាច​រដ្ឋាភិបាល​យូួន តើ​វា​យ៉ាងម៉េច? តាំងពីដើម​មក អ្នក​ដែល​បោក​ឆ្នាំងបាយ​ខ្លួនឯង ទៅ​ពឹង​បាយ​ផ្ទះ​គេ គឺ​តែងតែ​ដាច់ពោះ​ស្លាប់។ អ្នក​ដែល ដុត​ផ្ទះ​ឯង ទៅ​ជ្រក​ផ្ទះ​គេ តែងតែ​អត់​ដី​កប់ខ្មោច​ខ្លួនឯង។ អ្នក​ដែល​ស្រឡាញ់ កូន​គេ​ជាង​កូន​ខ្លួនឯង តែងតែនៅឯ​កោ។ មិនមែន​អោយ​ប្រកាន់ពូជសាសន៍​ទេ គ្រាន់តែ​អោយ​គិត​ជាតិ​សាសន៍​ខ្លួនឯង ជាង​ទៅបាន​ហើយ។ គេ​ថា បើ​ម៉ែឪ​ស្រឡាញ់ ឃុំគ្រង​កូន​បានល្អ ម៉ែឪ​នោះ​នឹង​កើតជា​ទេវតា។ ឬថា បើជា​អ្នកបម្រើ បម្រើ​ម្ចាស់ អោយអស់ពី​ចិត្ត នឹង​ក្លាយជា​ទេវ​ទ្រព្យ។ មិន​ថា​ជា​ម៉ែឪ ឬ​ជា​អ្នកបម្រើ​នោះទេ អោយតែ​ស្រឡាញ់​ជាតិ​សាសន៍​ខ្លួនឯង បម្រើ​ជាតិ​សាសន៍​ខ្លួនឯង អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​អោយបាន​ម៉ត់ចត់ ពេលនោះ ព្រៃព្រឹក្សា អ្នក​តាវ​ល្ល៍ ត្រី​ក្នុង​ទន្លេ​បឹងបួរ ច្បាស់​ជា​សំបូរហូរហៀរ។ អ៊ីចឹង ទោះ​លោកអ្នក កាន់អំណាច ១០០ជំនាន់​ទៀត ក៏​គ្មាន​នរណា ឈឺក្បាល វិលមុខ​អ្វី​ដែរ។

ទី៦) រួ​ច​ចុះបើ​គិតគូ សុខមាលភាព​កម្មករ អោយ​ច្រើនជាង​ហ្នឹង​បន្តិច វា​យ៉ាងម៉េច? បើ​គ្នា​បាតុកម្ម គឺ​គ្រាន់តែ​ដូចក្មេង​យំទារ​ចំណី​ប៉ុណ្ណោះ តើ​ចាំបាច់​តែ​ប្រើ​ដំបង ប្រើ​កំលាំងបាយ ធ្វើ​អ្វី? បើ​ឲ្យ​នេះ​មិនបាន យើង​ឲ្យ​នោះ។ បើ​ឲ្យ​អា​ធំ​មិនបាន យើង​ឲ្យ​អាតូច។ ពេលខ្លះ លុយកាក់​គ្រាន់តែ​ជា​របស់​ក្រៅ​ខ្លួន​ប៉ុណ្ណោះ ទោះជា​ឲ្យ​ប៉ុន្មាន ក៏​មិន​គ្រាន់​ដែរ។ អញ្ចឹង គឺ​ត្រូវតែ​ឲ្យ​របស់​ជាប់​ខ្លួន គឺ​ភាពកក់ក្តៅ។ ដូចជា ឧស្សាហ៍​ទៅ​ជួប​កម្មករ សួរសុខទុក្ខ។ ចេញ​លុយ ចេញ​កាក់ ចេញមុខ ចេញ​មាត់ ពេល​គ្នា​មាន​អាសន្ន ប៉ុណ្ណឹង​គឺ គ្នា​ដូច​បាន​មេឃ​មក​ពាក់ ធ្វើជា​មូ​ក ធ្វើជា​អាវ​ក្រោះ​ការពារ​អ៊ីចឹង។ អ្វីដែល​គ្នា​បារម្ភ​នោះ​គឺ ទំនិញ​ឡើងថ្លៃ អគ្គិសនី​ឡើងថ្លៃ ពេល​ឈឺ​អត់​មាន​លុយ​ព្យាបាល​ជំងឺ ពេល​កូន​ធំ អត់​មាន​លុយ​ឲ្យ​កូន​រៀន គឺ​តែ​ប៉ុណ្ណឹង​ទេ។ ព្យាបាល​ជំងឺ កម្មករ៤០ម៉ឺន​នាក់ អត់​យកលុយ គឺ​ដូច​ដំឡើង ប្រាក់ខែ អោយ​គ្នា​ម្នាក់ ១០០$ ទៀត​អ៊ីចឹង។ យ៉ាងណាមិញ មិនមែន១ថ្ងៃ ឈឺ ២០ម៉ឺន​នាក់​ឯណា? នេះ​គ្រាន់តែ គិតត្រួសៗ មិនទាន់ បាន​កាន់ ម៉ាស៊ីន​គិត​លេខ គិត​គួរ​ច្បាស់លាស់​ផង។ ម៉េច ក៏​មិន​ធ្វើ? ចាំបាច់​អី បញ្ជូន​គ្នា ទៅ​ធ្វើការ​ខាងក្រៅ? ចាំបាច់​អី ត្រូវ​ទៅ​ដំឡើង​ប្រាក់ខែ​នាំ​តែ​ឈ្លោះ​គ្នា​ជាមួយ​និយោជក? គេ​ថា បើ​យកចិត្ត​កម្មករ បាន គឺស្មើរ​នឹងមាន​កងទ័ព មិនបាច់​បើកប្រាក់​ខែ ជាង​ពាក់កណ្តាល​ប្រជាជន​ក្នុងប្រទេស។ ឬថា នៅក្នុង​បរិបទ នយោបាយ​ស្រុក​ខ្មែរ អ្នក​ដែល​យកចិត្ត​កម្ម​ករបា​ន គឺ​ស្មើ​នឹងមាន​កងទ័ព ៤០ម៉ឺន ទៅ ៦០ម៉ឺន​នាក់ ។ ដូច្នេះ រឿង​អី វា​មិន​ងាយស្រួល ក្នុងការ​កាន់កាប់​អំណាច? គឺ​ស៊ី​ផុយ? តើ​ហេតុអ្វី​បានជា​ធ្វើ​ឲ្យ​តែ​ខ្លួនឯង​ពិបាក?

ទី៧) រួ​ច​ចុះ បើ​ស្តាប់​សំដី ចេញពី​ចិត្ត​មន្ត្រី​ស្មោះ តើ​វា​អស់​ថ្ម ឬ​យ៉ាងម៉េច? ម៉េច​បានជា​ចេះ តែ​ស្តាប់​សំដី បញ្ចើច បញ្ចើ​អ៊ីចឹង? គេ​ថា​ថ្នាំ​ល្វីង ព្យាបាល​ជំងឺ។ សំដី​ស្មោះ ទាស់​ត្រចៀក។ បើ​គ្រាន់តែ​សំដី​មន្ត្រី​ស្មោះ គំនិត​បណ្ឌិត​ខ្ពស់ មិន​ចង់​ស្តាប់​ផង​នោះ ស្រុក​មិនកើត​ចលាចល ប្រជាជន​មិន​រង​ទុក្ខ មិន​តវ៉ា ទើប​ចម្លែក។ គេ​ថា​ទម្រាំ​រៀន​បាន​បណ្ឌិត អាន​សៀវភៅ​គ​ក្លាយជា​ភ្នំ រៀន​អស់​រនូត អស់​រនាប តែ​បែរជា​អ្នកដឹកនាំ មិន​ស្តាប់​សំដី​ស្មោះ​ទៅវិញ។ ស្តាប់​សំដី​បណ្ឌិត​ម្នាក់​អង្គុយ​ក្បែ​ខ្លួន គឺ ដូច​អង្គុយ​ទ​ទូល​ពរជ័យ ពី​ព្រះឥន្ទ។ ឬថា មាន​មនុស្ស​យុទ្ធសាស្ត្រ​ម្នាក់​នៅក្នុង​ជំរំ​ទ័ព គឺ​ដូច​មាន​កងទ័ព ១សែន​នាក់។ យកចិត្ត​បណ្ឌិត​ដែល​ហ៊ាន​និយាយ សំដី​ស្មោះ​ម្នាក់ គឺ​ស្មើនឹង​យកចិត្ត​រាស្ត្រ បាន១សែន​នាក់។ ប្រើ​បណ្ឌិត​ចិត្ត​ស្មោះ​ធ្វើការ គឺ ស្រួល​ជាង ធ្វើការ​ខ្លួនឯង ឆ្ងាយ​ណាស់។ ឧទាហរណ៍. ដូចជា បណ្ឌិត​រដ្ឋមន្ត្រីក្រសួង​អបរំ ជាដើម។ គ្រាន់តែ ចេញ​ក្បាល​មក គឺ យកចិត្ត​រាស្ត្រ បាន​មួយ​ចំហៀង​នគរ​បាត់ ទៅហើយ។ វិធីងាយៗយ៉ាងនេះ បែរ​ជា​មិន​ធ្វើ ទៅធ្វើ​តែ​អា​រឿង​ពិបាក នាំ​តែ​អំពល់ទុក្ខ​ខ្លួនឯង។ ពាក្យចាស់ លោក​ពោលថា ចិញ្ចឹម​បណ្ឌិត​ចិត្ត​ស្មោះ គឺ ដូច​មាន​តោ​យាម​ទ្វា​នៅមុខ​ផ្ទះ។ ចិញ្ចឹម​បណ្ឌិត ចិត្តពាល គឺ​ដូច​ចិញ្ចឹម​ឆ្កែព្រៃ ក្នុង​ទ្រុងមាន់​ទា ខ្លួនឯង។

ទី៨) រូួច​ចុះ បើ​មេដឹកនាំ​បក្ស​ប្រជាជន ឧស្សាហ៍​ទៅ​ជូ​ប មេដឹកនាំ​បក្សប្រឆាំង ផឹក​កាហ្វេ លេងអុក ពិភាក្សា រឿង​ប្រទេសជាតិ​ជាមួយគ្នា តើ​មិនល្អ​ទេ? រួច​ចុះ បើ​មេដឹកនាំបក្ស​កាន់អំណាច ឧស្សាហ៍​លេង​ផ្ទះ តំណាងរាស្ត្រ បក្សប្រឆាំង តើ​មិន​ឈ្នះ ដោយ​មិនបាច់​ច្បាំង មិនបាច់​ឈ្លោះ​គ្នា តាម​ក្បាល​មេក្រូ​ទេ​ហ្អី? បើ​ធ្វើ​ចំនុច​នេះ​បាន កុំថាឡើយ មាន​បក្សប្រឆាំង សូម្បី​អ្នកប្រឆាំង ក៏​គ្មាន​ផង។ មិនមែន អោយតែ​ឆ្មា និង​ឆ្កែ សុទ្ធតែជា​សត្រូវ​នឹង​គ្នា​ឯណា? នៅផ្ទះ​ជាមួយគ្នា បម្រើ​ម្ចាស់​រួមគ្នា ចាំបាច់​អី​ទាល់តែ​ឈ្លោះ​គ្នា បាន​ស៊ី​បាយ​ឆ្ងាញ់? នយោបាយ ស្រួល​បែបនេះ គ្មាន​អស់​ស្អី​ទេ គឺ​អស់​តែ ថ្លៃ​ស្រា ថ្លៃ​កាហ្វេ តែ​ប៉ុណ្ណឹង។ ចាំបាច់ ធ្វើអោយ​ស្មុគស្មាញ​ធ្វើ​ស្អី?

ទី៩) រួច​ចុះ បើ​គិតគូរ​កងទ័ព អោយ​ល្អ​ជាង​ហ្នឹង​បន្តិច​ទៅ មិន​បានទេ​ហ្អី? ដី​រាប់​សឹ​ប​ម៉ឺន​ហិច​តា អោយទៅ​ឈ្មូ​ញ​បាន ម៉េច​មិន​ចែក​អោយ​កងទ័ព ធ្វើស្រែ ធ្វើ​ចំការ​ខ្លះទៅ? អោយ​ម្នាក់ ១០ហិច​តា ក៏​មិន​អស់​ដី​ស្រុក​ខ្មែរ​ផង ហើយ​គ្មាន​ទៅ​ខាត​អ្វី​ដែរ គ្រាន់តែ​ដាក់​លក្ខខណ្ឌ មិនអោយ​លក់ដូរ​ទៅបាន​ហើយ។ កងទ័ព​សម័យនេះ មិនមែន ដូច​សម័យ​សង្គ្រាម​ឯណា ដែល​គ្រប់គ្នា ត្រូវតែ​នៅ​សមរភូមិ​នោះ? កងទ័ព ក៏​អាច​រស់ជូ​ប​ជុំ​ប្រពន្ធ​កូន ដាំ​ដំណាំ ធ្វើស្រែ​ចម្ការ​លើដី១០ហិច​តា តើ​មួយជីវិត​មាន​ប៉ុន្មាន​ដង? ហើយ បង្កើត​ថវិកា ព្យាបាល ក្រុមគ្រួសារ កងទ័ព ដោយ​ឥតគិតថ្លៃ អោយ​ក្រុមគ្រួសារ កងទ័ព​រៀនសូត្រ ដោយ​មិនបាច់​បង់ប្រាក់ គឺ​មិនល្អ​ទេ​ហ្អី? ធ្វើបែបនេះ មិនបាច់ ទៅ​ដំឡើង​ប្រាក់ខែ ប្រាក់​ឆ្នាំ​អ្វី​ទេ នាំ​តែ​គិតគូរ​ច្រើន។ បើ​គាត់ មាន​បាយ​ហូប មាន​បន្លែបង្កា​លក់ដូរ យកលុយ​កាក់​បន្តិចបន្តួច គ្មាន​បារម្ភ ពេល​ឈឺ​ថ្កាត់ កូន​រៀន​ដោយ​មិនបាច់​ខ្វល់ គាត់​ច្បាស់ សុខចិត្ត​ដាច់​ក្បាល នៅ​សមរភូមិ បម្រើ​ប្រទេសជាតិ។ ពូក​គាត់ មិន​ចង់បាន​អ្វី លើសពី​ហ្នឹង​ទេ។ អ្នក​ដែល​យកចិត្ត​ក្រុមគ្រួសារ​កងទ័ព​បាន គឺ​ស្មើនឹង​យកចិត្ត​កងទ័ព។ អ្នក​ដែល​យកចិត្ត​កងទ័ព​បាន គឺ​ច្បាស់​ជាមាន​អំណាច ជាង​ព្រះឥន្ទ​ទៅទៀត។ ចង់​កាន់អំណាច ១០០ជំនាន់​ទៀត ក៏​មិន​ព្រួយបារម្ភ​អ្វី​ដែរ។

ទី១០) រូួច​ចុះ បើ​យកចិត្ត​មន្ត្រីរាជការ បន្តិច​ទៅ វា​ខាត​ប៉ុន្មាន? មាន​មន្ត្រី​មិន​ស្មោះ មកពី​មាន​ចៅហ្វាយ មិន​ស្មោះ​ដែរ។ ឆ្នាំង​ណា ច្បាស់​ជា​គ្រប​ហ្នឹងហើយ។ រឿងងាយៗ ដែល​ធ្វើ​ដោយ​មិនបាច់​គិតគូរ​ច្រើន គឺថា​មនុស្ស រស់នៅ ត្រូវការ តែ​សេចក្តីសុខ៣ ដែល​សំខាន់​ជាងគេ៖ ទី១ សេចក្តីសុខ​ផ្ទាល់ខ្លួន ទី២ សេចក្តីសុខ​ក្រុមគ្រួសារ ទី៣ សេចក្តីសុខ​ក្នុង​សហគមន៍។ មិនមែន​ដំឡើង​ប្រាក់ខែ​ហើយ អាច​ដោះស្រាយ បញ្ហា​បាន​ឯណា? បុគ្គលិក មន្ត្រីរាជការ មិន​ដល់ ១ភាគ១០នៃ​ប្រជាជន​ទាំងមូល​ផង ម៉េច​មិនអាច ធ្វើអោយ​ពូក​គាត់ រស់នៅ ដោយ​សេចក្តីថ្លៃថ្នូរ និង មាន​សេចក្តីសុខ​ទៅ? សេចក្តីសុខ ផ្ទាល់ខ្លួន គឺថា គាត់​មាន​កិត្តិយស មាន​អភ័យឯកសិទ្ធិ​ពិសេស បើ​មិន​ដូច​តំណាងរាស្ត្រ ក៏១ភាគ ១០នៃ​តំណាងរាស្ត្រ។ សេចក្តីសុខ ក្នុង​ក្រុមគ្រួសារ គឺថា ក្រុមគ្រួសារ​គាត់ មិន​បារម្ភ ពេល​ឈឺ មិន​បារម្ភ​ពេល​កូន​រៀន មិន​បារម្ភ​រក​ការងារ​អោយ​កូន​ធ្វើ មិន​បារម្ភ​ក្រុមគ្រួសារ បាន​អ្វី​ហូប។ សេចក្តីសុខ​ក្នុង​សហគមន៍ គឺថា គាត់​ទ​ទូល​ការគោរព ពី​អ្នក​នៅ​ជំវិញខ្លួន ចេះ​ចែកគ្នា​រស់។ វិធី​ទាំងនេះ ដូចជា មិន​អស់​ថវិកាជាតិ​ច្រើន​ទេ។ តែបើ​អោយ​គាត់​គិតគូរ រឿង​កូន​ឈឺ ប្រពន្ធ​ឈឺ គឺ​ច្បាស់​ជា​ឈឺ ដល់​គាត់​ដែរ​ហើយ។ បើ​គាត់​ឈឺ ក្រុមគ្រួសារ ក៏​ឈឺ សហគមន៍​គាត់​រស់នៅ​ក៏​ឈឺ ពេលនោះ ប្រទេស​ដែល​គាត់​រស់នៅ​ក៏​ឈឺ លោក​អ្នកជា​អ្នកដឹកនាំ ក៏​កាន់តែ​ឈឺ។ បើ​មួយ​ប្រទេស ឈឺ​ទាំងអស់គ្នា រឿង​អី យើង​មិន​ខ្សោយ? រឿងងាយៗសោះ មិនបាច់​ធ្វើអោយ​ខ្លួន​យើង​ពិបាក​អី​សោះ សូម្បី តែ​កូនក្មេង ក៏​វា​ដេក​យល់សប្តិ​គិត​ឃើញ វិធីងាយៗដែរ។

ត្រូវ​ចាំ​ថា ដំឡើង​ប្រាក់ខែ អោយដល់​ម្នាក់១ម៉ឺន​ដុល្លារ​ទៀត ក៏​នៅតែ​បញ្ហា​ដែរ បើ​មិន​ព្យាបាល ផ្លូវចិត្ត អោយ​ជ្រះថ្លា​នោះ៕


ដោយ ធូ វាសនា អ្នក​អភិរក្ស​សត្វព្រៃ និង​ធនធានធម្មជាតិ
រស់នៅ​ខេត្ត រតនគិរី
Email: [email protected]




© រក្សាសិទ្ធិដោយ thmeythmey.com