ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​និ​ទណ្ឌ​ភាព និង​ពង្រឹង​ឯករាជភាព​តុលាការ
04, Feb 2015 , 6:27 pm        
រូបភាព


អង្គការ​សង្គម​ស៊ីវិល​ចំនួន៩ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដោយបាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​វិធាន​ការដែល​ហាមឃាត់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការផ្តល់​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សេចក្តីថ្លែងការណ៍ផ្សេងៗដែល​អាច«ជេរប្រមាថ»ដល់​គណបក្សនយោបាយ​ក្នុងអំឡុងពេល​បោះឆ្នោត។ក្រៅពី​ការបារម្ភ​ចំពោះ​វិធានការ​នេះ​សង្គម​ស៊ីវិល​ទាំងនោះ​បានទាមទារ ឲ្យ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងអស់​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព ពង្រឹង​ឯករាជ្យភាព​ប្រព័ន្ធតុលាការ និង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់ផ្សេងៗ ដែល​គំរាម និង​រឹតបន្តឹង​ទៅលើ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល។


មានសំឡេង



វិធាន​ការដែល​ហាមឃាត់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការផ្តល់​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សេចក្តីថ្លែងការណ៍ផ្សេងៗដែល​អាច«ជេរប្រមាថ»ដល់​គណបក្សនយោបាយ​ក្នុងអំឡុងពេល​បោះឆ្នោត​នោះ បានធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន៩ បានចេញ​សេចក្តីថ្លែងការណ៍​រួម​បង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង។សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​បន្ទាប់ពី លោក​ប៊ិន​ឈិន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​គួ​យ ប៊ុន​រឿន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភាក្សាគ្នា​នៅ​កំឡុងពេល​នៃ​ការចរចា​អំពី​កំណែទម្រង់​នៃ​ការបោះឆ្នោត​កាលពីពេលថ្មីៗនេះ​ថា គណបក្ស​ទាំងពីរ​នឹង​ពិចារណា​ពី​វិធានការ​នេះ​ដើម្បី​ធានា​នូវ​ឯករាជ្យភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល។
អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​លើកឡើងថា ការ​រឹតបន្តឹង​បែបនេះ​ស្មើនឹង​ការរំលោភបំពាន​សេរីភាព​ខាង​ការបញ្ចេញមតិ។

សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី៤ខែកុម្ភៈ​បានសរសេរថា​ការដាក់ទោស​ចំពោះ​ការ«ជេរប្រមាថ»ទៅលើ​បេក្ខជន​ឬ​គណបក្សនយោបាយ ហាក់​មាន​ភាព​ទូលាយ​ពេក​ដែល​អាច​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ដោយ​ស្របច្បាប់​ទៅលើ​សម្លេង​ប្រឆាំង។

សេចក្តីថ្លែងការណ៍​បន្ត​ថា​ទោះបីជា​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ​មិនមែនជា​សិទ្ធិ​ដាច់ខាត តែ​ការ​រឹតបន្តឹង​អាចធ្វើ​ទៅបាន​ក្នុង​លក្ខខណ្ឌ​ចាំបាច់​បំផុត​ដើម្បី​បម្រើ​ប្រយោជន៍​ផ្នែក​ច្បាប់។ ផ្ទុយទៅវិញ​ការហាមឃាត់​ការផ្តល់​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះ​ហាក់​មានបំណង​ការពារ​រដ្ឋាភិបាល និង​សមាជិក​គណបក្សនយោបាយ​ពី​ការរិះគន់ ជាង​ការពារ​ផលប្រយោជន៍​សង្គម។

ការលើកឡើង​ពី​វិធានការ​បែបនេះ​នឹង​អាចជា​ឧបសគ្គ​រារាំង​ការជជែក​ពិភាក្សា​ជា​សាធារណៈ​កាត់បន្ថយ​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ជា​ទង្វើ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា។នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដដែល។

គណៈកម្មការ​សិទ្ធិមនុស្ស​ក៏បាន​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះដែរ​ថា៖«នៅក្នុង​បរិបទ​នៃ​ការវែកញែក​ផ្នែក​នយោបាយ កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ(ក.អ.ស.ព.ន) បាន​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការបញ្ចេញមតិ​ដោយ​គ្មាន​ការហាមឃាត់ »។ បើតាម​គណៈកម្មការ​សិទ្ធិមនុស្ស​ដដែល​នោះ  បុគ្គល​សាធារណៈ​ទាំងអស់ រួមទាំង​អ្នកមានអំណាច​នយោបាយ​ជាន់ខ្ពស់​ផង គឺជា​កម្មវត្ថុ​សម្រាប់​ការរិះគន់​និង​ប្រឆាំង​ផ្នែក​នយោបាយ​ដោយ​ស្របច្បាប់​ហើយ​គណៈកម្មការ​សិទ្ធិមនុស្ស​នឹង​ត្រួតពិនិត្យ​ពី​ការបំពេញ​កាតព្វកិច្ចរ​បស់​កម្ពុជា​ចំពោះ ក.អ.ស.ព.ន​នៅក្នុង​សម័យប្រជុំ​លើក​ទី១១៣ នៅក្នុង​ខែមីនា ឆ្នាំ២០១៥ខាងមុខ»។

ក្រៅពី​ការបារម្ភ​ចំពោះ​ការហាមឃាត់​នេះ​សង្គម​ស៊ីវិល​ទាំង​នោះបាន​ទទូច​ទាមទារ ឲ្យ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងអស់​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព ពង្រឹង​ឯករាជ្យភាព​ប្រព័ន្ធតុលាការ និង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់ផ្សេងៗ ដែល​គំរាម និង​រឹតបន្តឹង​ទៅលើ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដូចជា​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ច្បាប់​នេះ​ស្របតាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com