អន្តរជាតិ
នយោបាយអន្តរជាតិ
ហ្សកដានីបន្តតាមកម្ទេចក្រុមរដ្ឋឥស្លាមជីហាតនៅស៊ីរីនិងអ៊ីរ៉ាក់
×
ត្រឹមរយៈពេលបីថ្ងៃ ប្រទេសហ្សកដានីបានបាញ់កម្ទេចចំគោលដៅ៥៦របស់អង្គការរដ្ឋឥស្លាមជីហាត។ ការកម្ទេចចំទីតាំងសំខាន់ៗរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនេះ កើតឡើងក្នុងប្រតិបត្តិការផ្លូវអាកាសដែលចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍កន្លងទៅនេះ។
ទោះបីជាបាញ់កម្ទេចបានទីតាំងសំខាន់ច្រើនប៉ុណ្ណេះហើយក៏ដោយ ហ្សកដានី មិនទម្លាក់ដៃឡើយ ហើយបានប្រកាសវាយប្រហារតាមរយៈផ្លូវអាកាសបន្ថែមទៀត។ វាយលុយនេះ គឺឆ្លើយតបចំពោះការសម្លាប់អ្នកបើកយន្តហោះជាតិហ្សកដានីម្នាក់ ដែលត្រូវពួកអង្គការរដ្ឋឥស្លាមជីហាតដុតសម្លាប់ទាំងរស់កាលពីសប្តាហ៍មុន។
ក្នុងពេលបីថ្ងៃនៃប្រតិបត្តិការសឹកផ្លូវអាកាស ឧត្តមសេនីយ៍យោធាជើងអាកាសលោក Mansour al-Jobourបានបញ្ជាក់ថា ពួកគេបានកម្ទេចចោល២០ភាគរយនៃកម្លាំងសកម្មប្រយុទ្ធជីហាត។ គឺ១៩កន្លែង កម្ទេចនៅថ្ងៃព្រហស្បតិ៍, ១៨ បំផ្លាញក្នុងថ្ងៃសុក្រ ហើយថ្ងៃសៅរ៍ កម្ទេចអស់១៩កន្លែងទៀត។ នេះបើយោងតាមព័ត៌មាន ដែលបានផ្សាយកាលពីយប់ថ្ងៃអាទិត្យរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទនេះ។
គួររម្លឹកជូនថា អ្នកបើកយន្តហោះនេះ ឈ្មោះ អាម៉ាន ដែលធ្វើការជាអ្នកបើកយន្តហោះឲ្យក្រុមចលនាអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅខែកញ្ញា២០១។ ប៉ុន្តែយន្តហោះរបស់គាត់បានធ្លាក់នៅភាគខាងជើងប្រទេសស៊ីរី កាលពីខែធ្នូ ហើយត្រូវពួកក្រុមសកម្មប្រយុទ្ធជីហាតចាប់បាននិងសម្លាប់យ៉ាងឃោរឃៅពីពេលថ្មីៗនេះ។
ការស្លាប់របស់អាម៉ាន បានធ្វើឲ្យស្តេចនិងពលរដ្ឋហ្សកដានីចងកំហឹង និងប្រកាសសង្គ្រាមតបតវិញ។ ភ្លាមៗ ហ្សកដានី បានកាត់ទោសប្រហារជីវិតក្រុមអាល់កៃដាពីរនាក់ និងស្ត្រីដែលជាបណ្តាញរបស់ក្រុមជីហាតដែលបានជាប់ឃុំក្នុងគុកក្នុងប្រទេសចោលតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com