អន្តរជាតិ
នយោបាយអន្តរជាតិ
រឿងអ៊ុយក្រែន អឺរ៉ុបចង់ឲ្យសន្តិភាពមានលើដី តែមិនមែនលើបបូរមាត់
× ប្រមុខរដ្ឋរុស្ស៊ី បារាំង អ៊ុនក្រែន និងអធិការបតីអាល្លឺម៉ង់ បានប្រកាសត្រៀមជួបគ្នាជាថ្មីទៀតនៅក្រុងមិនស្គ៍ (Minsk) នៅថ្ងៃពុធខាងមុខនេះ ដើម្បីរកផ្លូវបញ្ចប់វិបត្តិនៅអ៊ុយក្រែន។ ការប្រកាសព្រមគ្នាយ៉ាងដូច្នេះ គឺធ្វើឡើងដោយអ្នកនាំពាក្យនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាអំណាចទាំងនេះ ដើម្បីប្រមូលគ្នាចូលតុចរចាឡើងវិញ ដែលនេះធ្វើឡើងក្រោយការចរចាលើកមុនកាលពីខែកញ្ញាឆ្នាំមុននោះ ហាក់មិនមានសម្រេចផលអ្វីជាដុំកំភួន។
មិនមានការវិវឌ្ឍន៍លក្ខណៈវិជ្ជមានជាដុំកំភួនឡើយកើតឡើងនៅអ៊ុយក្រែន ព្រោះថាវិបត្តិនៅអ៊ុយក្រែនចេះតែបន្តតឹងតែងទៅៗ រហូតដល់មានការបញ្ចូនទ័ពទៅកាន់តំបន់ជម្លោះកាន់តែច្រើនឡើងៗ ហើយគ្រាន់តែជាង២៤ម៉ោងម្សិលមិញនេះ គឺបានបង្កឲ្យមានការប៉ះទង្គិចគ្នា និងបណ្តាលឲ្យយ៉ាងហោចណាស់ទាហាន១២នាក់ស្លាប់។
ថ្លែងប្រាប់ទូរទស្សន៍ប៉េឡារ៉ុស លោកប្រធានាធិបតីរុស្ស៊ី Vladimir Poutine បានបញ្ជាក់ថា ដើម្បីឲ្យមានសន្តិភាពនៅអ៊ុយក្រែន ទាល់តែគេយល់ព្រមទទួលលក្ខខណ្ឌមួយចំនួនសិនដែរ។ តែលោកមិនបានប្រាប់លម្អិតថាលក្ខខណ្ឌអ្វីខ្លះដែលលោកចង់បាននោះនៅឡើយទេ។ចំណែកលោកប្រធានាធិបតីបារាំង François Hollandeលោកស្រីអធិការបតីអាល្លឺម៉ង់Angela Merkel និងលោកប្រធានាធិបតីអ៊ុយក្រែន Petro Porochenko បានជជែកគ្នាមិនស្វាងតាមទូរសព្ទ តាំងតែពីថ្ងៃព្រហស្បតិ៍ សុក្រ ហើយបន្តរហូតគ្មានឈប់សម្រាកថៃ្ងសៅរ៍អាទិត្យសោះ។
បន្ទាប់ពីមានការបាញ់ប្រហារ គ្រាប់រ៉ុកែត និងសម្លាប់ទាហានអ៊ុយក្រែន១២នាក់ ភ្លាមៗនោះ លោកប្រធានធិបតីអ៊ុយក្រែន Petro Porochenko បានអំពាវវនាវឲ្យដាក់កាំភ្លើងចុះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ប្រទេសមួយចំនួននៅអឺរ៉ុប បានមូរមាត់គ្នាចង្អុលមុខរុស្ស៊ីថា កាន់តែគឃ្លើនឈ្លានពានអ៊ុយក្រែនថែមទៀតហើយ។ គេឃើញ រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានចោទរុស្ស៊ីជាប្រទេសផ្តាច់ការលើសគេតាំងពីពាក់កណ្តាលសតវត្សទី២០មក ដោយចេះតែដើរឈ្លានពានយកទឹកដីប្រទេសគេ។
មានសំឡេង
នៅក្នុងថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំងឡាយ នឹងត្រូវជួបប្រជុំគ្នា ដើម្បីកំណត់បន្ថែមនូវទណ្ឌកម្មដែលសភាពអឺរ៉ុបត្រូវគិតគូរដាក់បន្ថែមទៀតលើរុស្ស៊ី ក្នុងសំណុំរឿងអ៊ុយក្រែននេះ។
ទោះយ៉ាងណាក្តី លោកប្រធានាធិបតីបារាំង François Hollande បានប្រកាសថាស្ថានការណ៍នៅព្រំដែនជម្លោះបានធូរបន្តិចហើយ ដោយភាគីកងទ័ពសម្រេចទុកចន្លោះ៥០ទៅ៧០គីឡូម៉ែត្រពីព្រំដែនជម្លោះ រង់ចាំលទ្ធផលចរចាជាថ្មី។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabiusក៏ប្រកាសក្តែងៗដែរថា ៖ «ចំពោះរឿងអ៊ុយក្រែន អ្វីដែលបារាំងនិងអាល្លឺម៉ង់ចង់បានសព្វថ្ងៃនេះ គឺសន្តិភាពនៅក្នុងដែនដីពិតប្រាកដ មិនមែនសន្តិភាពនៅលើសន្លឹកក្រដាស ឬលើបបូរមាត់នោះទេ»។
ទោះយ៉ាងណាក៏ដោយ គេនឹងរង់ចាំមើលថា ជំនួបលើកទីពីរថ្ងៃពុធទី១១កុម្ភៈខាងមុខនេះ នឹងនាំផលយ៉ាងណាដល់ជោគវាសនាអ៊ុយក្រែន ជុំវិញសំណុំរឿងដែនដីគ្រីមេនោះ។
គួរជម្រាបជូនផងដែរថា តាមការគ្រោងទុក ក្រៅពីប្រមុខដឹកនាំរុស្ស៊ី បារាំង អាល្លឺម៉ង់ អ៊ុនក្រែន ក៏នឹងមានតំណាងពីអង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប និងក្រុមអ្នកដឹកនាំភាគខាងកើតអ៊ុយក្រែនដែលរណបរុស្ស៊ី នឹងចូលរួមទៅកិច្ចប្រជុំ នៅក្រុងមិនស្ត៍នោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com