ជាតិ
សេដ្ឋកិច្ច
ប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ បញ្ចេញឈ្មោះគម្រោងដីឡូត៍ចំនួន១២ ដែលគ្មានអាជ្ញាបណ្ណ លោក ជូ វណ្ណៈ អគ្គនាយកយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ
× តាមរយៈសេចក្តីជូនដំណឹងពីរដាច់ដោយឡែកពីគ្នា និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) កាលពីថ្ងៃទី១១ ខែមីនា បានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុន/គម្រោងដីឡូត៍ចំនួន១២ ដែលធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។
សេចក្តីជូនដំណឹង គម្រោងដែលគ្មានច្បាប់ត្រឹមត្រូវទាំង១២នោះ មានខេត្តកំពត កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី, ព្រៃវែង និងកណ្តាល។ ស្រុកទឹកឈូ ខេត្តកំពតមានគម្រោងដីឡូត៍មិនប្រក្រតីដល់ទៅ៣គម្រោង គឺគម្រោងអាជវកម្មដីឡូតិ៍ គឺគម្រោង «ដែនដី អាណាចក្រអង្គរ» របស់ក្រុមហ៊ុន ដែនដីអង្គរ, គម្រោង «ដីឡូតិ៍ ម៉ន ដានី» របស់ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត។
នៅស្រុកដងទង់ ខេត្តកំពតដដែល មានគម្រោងមួយ គឺគម្រោង «កំពត រីវើផាក» របស់ក្រុមហ៊ុន កំពត អេមផាយ ផាកឌីវេឡុបម៉ិន។ ក្រៅពីនៅស្រុកទឹកឈូ គម្រោង «ដីឡូត៍ ម៉ន ដានី» ក៏មានទីតាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរ។
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានគម្រោង «ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង» របស់ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន, ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានគម្រោង «មរតកទំព័រមាស» របស់ក្រុមហ៊ុន ដាប់ប៊លណាញ រីឯស្រុកអូរាំង ខេត្តមណ្ឌលគិរី មានគម្រោង «បុរី រីស៊ត មណ្ឌលគិរី» របស់ក្រុមហ៊ុនវិចិត្រ ដារ៉ា។
ខេត្តព្រៃវែង មានគម្រោងគ្មានអាជ្ញាបណ្ណចំនួន២ គឺគម្រោង «ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី» របស់ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន នៅស្រុកស្វាយអន្ទរ និងគម្រោង «ដីឡូត៍ ទីក្រុងមាស» នៅស្រុកកំចាយមារ ខណៈខេត្តកណ្តាល មានគម្រោងខុសច្បាប់២ផងដែរ គឺ គម្រោង «ដីឡូត៍ថ្មី ក្រុងតាខ្មៅ» របស់ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ នៅស្រុកកណ្តាលស្ទឹង និងគម្រោង «ដីឡូត៍ សំបួរមាស» នៅស្រុកមុខកំពូល។
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) ណែនាំដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលក់ ទិញ ជួល ឬចូលរួមអាជីវកម្មជាមួយគម្រោងទាំង១២ ដែលអាចខាតបង់ផលប្រយោជន៍ជាយថាហេតុណាមួយ ដូចជាបញ្ហាផ្ទេរកម្មសិទ្ធិជាដើម។
«សូមសាធារណជន និងបុគ្គលពាក់ព័ន្ធនឹងវិស័យអាជីវកម្មអភិវឌ្ឍដីឡូត៍ទាំងអស់ ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប.៕
© រក្សាសិទ្ធិដោយ thmeythmey.com