ជាតិ
«ស្រែអំបិល» កសិ-ទេសចរណ៍ដ៏មានប្រជាប្រិយនាស្រុកទឹកឈូ ខេត្តកំពត
16, Mar 2024 , 5:59 pm        
រូបភាព
កំពត៖ ស្រែអំបិលសក្បុសជាច្រើនហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកទឹកឈូ​ ខេត្តកំពត គឺជាតំបន់កសិ-ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយសម្រាប់ភ្ញៀវទេសចរ។ មិនថាខ្មែរ ឬបរទេស ដែលទៅកម្សាន្តនៅកំពតភាគច្រើនពុំសូវរំលងកន្លែងមួយនេះឡើយ។ ពួកគេទៅទស្សនាសកម្មភាពធ្វើអំបិលរបស់កសិករនៅលើវាលស្រែសក្បុស និងផ្ដិតរូបភាពកម្រផ្សេងៗពីទីតាំងនោះជាដើម។



 

មានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីក្រុងកំពត «ស្រែអំបិល» ត្រូវបានគេចាត់ទុកថាជាតំបន់កសិ-ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ក្នុងចំណោមទីតាំងល្បីៗជាច្រើនក្នុងខេត្តកំពត។ ក៏ព្រោះ ទីតាំងនេះមានភ្ញៀវទេសចរទៅកម្សាន្តឥតដាច់ឡើយ ពិសេសនៅរដូវប្រាំង ដែលជាពេលកសិករប្រមូលផលអំបិលនៅលើវាលស្រែសក្បុស។ 
 
គ្រប់ភ្ញៀវទេសចរទាំងអស់ចូលចិត្តឈ្វែងយល់ពីការដំណើរការផលិតអំបិលតាមបែបប្រពៃណី។ លើសពីនេះ ពួកគេតែងតែចំណាយពេលចូលរួមក្នុងសកម្មភាពផលិតអំបិលជាមួយកសិករខ្មែរដូចជា ការរែក និងវាចអំបិលជាដើម។ រដូវប្រាំង គឺជាពេលវេលាដ៏ល្អសម្រាប់ការផលិតអំបិល ព្រោះថាមិនមានភ្លៀងលាយលំធ្វើឱ្យថមថយកម្រិតជាតិប្រៃនៃទឹកសមុទ្រឡើយ។ ម្យ៉ាងទៀត អាកាសធាតុក្ដៅ ក៏ធ្វើឱ្យអំបិលដុះលឿនផងដែរ។ បើតាមការបញ្ជាក់របស់កសិករ ការផលិតអំបិល អាចចាប់ផ្ដើមពីខែតុលា រហូតដល់ខែឧសភា។ 
 
ខេត្តកំពតមានស្រែផលិតអំបិលសរុប ៣ ៤៨៩ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ពលរដ្ឋចំនួន ១ ៤៧៤នាក់។ កសិដ្ឋានផលិតអំបិលក្នុងខេត្តនេះ ដំណើរការបានរយៈពេល៤ទៅ៦ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ៕
 




Tag:
 ស្រែអំបិល
© រក្សាសិទ្ធិដោយ thmeythmey.com