ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនបានទេកាត់បន្ថយខ្លះទៅ ! ទម្លាប់​ញ៉ាំ​ប្រៃ ញ៉ាំ​កាន់តែ​តិច កាន់តែ​ល្អ
20, Mar 2024 , 6:59 am        
រូបភាព
អំបិល​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​រាង​កាយ​យើង​ត្រូវការ​ជា​ប្រចាំ​ផង​ដែរ ព្រោះ​វា​មាន​តួនាទី ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាង​កាយ ជួយ​បំពេញ​មុខងារ​ប្រព័ន្ធ​ប្រសាទ និង ជំនួយ​សាច់ដុំ​។ ក៏​ប៉ុន្ដែ​ប្រសិនបើ​យើង​ញ៉ាំ​អំបិល​ច្រើន នោះ​វា​នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​វិញ​ដែរ​។

 
លោក​វេជ្ជបណ្ឌិត Dr. Laffin នៃ​មន្ទី​ពេទ្យ Cleveland បាន​លើក​ឡើង​ថា ការ​ញ៉ាំ​អំបិល​ច្រើន ឬ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង អាច​ប្រឈម​ឲ្យ​កើត​មាន​បញ្ហា​ចាល់​ជាតិ​ទឹក​ក្នុង​រាង​កាយ ក៏​ជា​ផ្នែក​មួយ​វិ​វត្ដ​ទៅ​រក​ការ​លើស​សម្ពាធ​ឈាម​។ ការ​លើស​សម្ពាធ​ឈាម អាច​ជា​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​។ ដូច្នេះ​គួរតែ​កាត់​បន្ថយ​ទម្លាប់​ការ​ញ៉ាំ​ប្រៃ ញ៉ាំ​កាន់តែ​តិច កាន់តែ​ល្អ​។
 
វេជ្ជបណ្ឌិត​បាន​ណែរ​នាំ​ទៀត​ថា សម្រាប់​អ្នក​ដែល​មាន​សុខភាព​ធម្មតា ការ​ញ៉ាំ​អំបិល​អាច​កំណត់​នៅ​ក្រោម ២ ៣០០ មិ​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​អ្នកមាន​សុខភាព​ប្រឈម​កើត​ជំងឺលើសឈាម ឬ​អ្នកមាន​ជំងឺ​បេះដូង​ស្រាប់ អាច​កាត់​បន្ថយ​នៅ​ក្រោម ១ ៥០០ មិ​ល្លី​ក្រាម ក្នុង​មួយ​ថ្ងៃ​។
 
អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ប្រឈម​គ្រោះថ្នាក់ ​ប្រសិនបើ​មិន​អាច​កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ។
 
តើ​ការ​ញ៉ាំ​ប្រៃ​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ចាស់​ដែរ​ទេ?
ការ​ញ៉ាំ​ប្រៃ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​មនុស្ស​ចាស់​ផង​ដែរ ពិសេស​ចាប់ពី​វ័យ​៦០​ឆ្នាំ ឡើង​ទៅ​។ ឈាន​ដល់​វ័យ​កាន់តែ​ចាស់ ការ​ញ៉ាំ​ប្រៃ​អាច​ប៉ះពាល់​សុខភាព ដូច​ជា​ប្រឈម​ជំងឺ​លើស​សម្ពាធ​ឈាម ជំ​ងឹ​បេះដូង ប៉ះពាល់​ដល់​សរសៃឈាម​ខួរក្បាល ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ងាយ​ប្រឈម​កើត​ជំងឺមហារីក ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com