ជាតិ
ព័ត៍មានសុខភាព
សុខភាព
បើស្រលាញ់សុខភាព ! ​អាហារ​ដែល​អ្នកជំងឺ​លើស​សម្ពាធ​ឈាមគួរ​ជៀសវាង
20, Mar 2024 , 11:29 pm        
រូបភាព
Hypertension គឺជា​ពាក្យ​បច្ចេកទេស​ផ្នែក​វេជ្ជសាស្ត្រ​មួយ ដែល​បាន​ន័យ​ថា ជំងឺ​លើស​សម្ពាធ​ឈាម ។ ខណៈ​ពេល​ដែល មនុស្ស​ភាគច្រើន​ដែល​មាន​អាយុ លើស​ពី ៥៥​ឆ្នាំ នឹង កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ជា​ដំណឹង​ល្អ គឺថា អ្នក​អាច​ជ្រើសរើស​ទំលាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ដ៏​សាមញ្ញ ដែល​នឹង មាន​ឥទ្ធិពល​ជា​វិជ្ជមាន ចំពោះ​សម្ពាធ​ឈាម​របស់​អ្នក​។

 
ការ​គ្រប់គ្រង​នូវ​អ្វី​ដែល​អ្នក​ទទួលទាន គឺជា​ដំណាក់កាល ដ៏​សំខាន់ ក្នុង​ការ​ធ្វើ​អោយ​ផ្នែក​ទាំងអស់​នៃ​សុខភាព និង រូបរាង របស់​អ្នកមាន​ភាព ល្អ​ប្រសើរ​ឡើង​វិញ សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ ។
 
អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម

អាហារ​ដែល​អ្នក​ពិតជា​ចាំបាច់ ត្រូវ​តែ​ជៀសវាង​នោះ​គឺ ប្រភេទ​អាហារ​ទាំងឡាយ​ណា​ដែល​មាន​ផ្ទុក ជាតិ​សូ​ដ្យូ​ម ជា​ច្រើន តាម​ដែល​ពួក​វា​អាច​បំផ្លាញ​ដោយ​ផ្ទាល់ ទៅ​លើ​បេះដូង និង ស​សៃ​អា​ទែ ដែល​នេះ​ជា​កត្តា​ដ៏​ចំបង ក្នុង​ការ បង្កើត​អោយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ វិទ្យាស្ថាន​សុខភាព​ជាតិ បាន​និយាយ​ថា ការ​ប្រើប្រាស់​ជាតិ​សូ​ដ្យូ​ម តិចតួច គឺ ជា​គន្លឹះ​ដ៏​ល្អ ក្នុង​ការ​រក្សា​សម្ពាធ​ឈាម អោយ​មាន​សុខភាព​ល្អ​។
 
មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ភាគច្រើន ត្រូវការ​ជាតិ​សូ​ដ្យូ​ម​ត្រឹមតែ ១៥០០ ទៅ ២៤០០​មី​លី​ក្រាម ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ មន្ទីរ​ព្យាបាល មេ​យ៉ូ បាន​រាយការណ៍​ថា អ្នក​ជ​ងឺ​លើស​សម្ពាធ​ឈាម គួរតែ​ព្យាយាម​ប្រើ ជាតិ សូ​ដ្យូ​ម​នេះ អោយ​បាន​ទាប​ជាង ១៥០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ ដែល​វិធី​នេះ​គឺ​អាច​ជួយ កាត់​បន្ថយ​សម្ពាធ​ឈាម អ្នក​បាន​ពី ២ ទៅ ៨ mm Hg ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សុខភាព​សហគមន៍ បាន​ធ្វើការ​ណែនាំ​ថា ការ​បង្កើន​នូវ​ការ​ប្រើ ប្រាស់​សារជាតិ​ប៉ូ​តា​ស្យូ​ម គឺ​អាច​ជួយ​ធ្វើ​អោយ ការ​ចុះ​ទាប​នៃ​ជាតិ​សូ​ដ្យូ​ម​ដែល​មាននៅ​លើ​សម្ពាធ​ឈាម ហាក់​មាន ភាព​ប្រសើរ​ឡើង ។
 
ជា​ការ​បន្ថែម​ទៅ​លើ ការ​កាត់​បន្ថយ​នៃ​បរិមាណ​សូ​ដ្យូ​ម ដែល​ត្រូវ​បាន​ប្រើប្រាស់ ដោយ​ផ្ទាល់​នៅ​ក្នុង​ចំណី គ្រូពេទ្យ​ក៏​បាន​ណែនាំ​ផង​ដែរ​ថា មនុស្ស​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ត្រូវ​តែ​មាន​ភាព ប្រុង​ប្រយ័ត្ន​ក្នុង​ការ អាន​ស្លាក​សញ្ញា​នៃ​អាហារ និង វិធី​នៃ​ការ​ចំអិន​របស់​វា​។ ភាគច្រើន នៃ​ម្ហូបអាហារ​ដែល​បាន ចំអិន​រូ​ច​ជា​ស្រេច គឺ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ជា​ច្រើន ហើយ​ពេល​ខ្លះ​វា​ពិតជា​មាន ក្នុង​កម្រិត​ច្រើន​ជ្រុល​។ វិទ្យាស្ថាន សុខភាព​ជាតិ ក៏​បាន​ណែនាំ​ផង​ដែរ​ថា អ្នកជំងឺ​ត្រូវ​ធ្វើការ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​គេ​ជា​មុន​សិន មុន​ពេល​ស​ម្រ​ច​ចិត្ត ប្រើ​ផលិតផល​ជំនួស​អំបិល ប្រភេទ​ណាមួយ​។ ការ​បន្ថែម​រសជាតិ​, ថ្នាំបុរាណ និង គ្រឿងទេស គឺជា​ជម្រើស​ដ៏​សាក​សម ក្នុង​ការ​បន្ថយ​នូវ​កម្រិត​សូ​ដ្យូ​ម ក្នុង​អាហារ​ដើម្បី​អោយ​វា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ។
 
អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង កា​ឡួ​រី​ខ្ពស់

ប្រភេទ​អាហារ ដែល​មាន​ជាតិ​ស្ករ និង ខ្លាញ់​ខ្ពស់ គឺ​ស្មើរ​គ្នា​ទៅ​នឹង ការ​បន្ថែម​នូវ​ជាតិ​កាឡូរី​។ ការ​លើស​ទំងន់ ឬ ស្ថិត​ក្នុង​ស្ថាន​ភាពធាត់​ជ្រុល គឺ​ពិតជា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ ជំងឺ​លើស​សម្ពាធ​ឈាម ដោយ​វា​បាន ដាក់​សម្ពាធ​កាន់តែ​ច្រើន​ទៅ​លើ បេះដូង និង ធ្វើ​អោយ​ដំណើរ​ឈាម​រត់​មាន​ភាព​ស្មុគស្មាញ​។
 
អាហារ​ដែល​មាន​ជាតិ​កាឡូរី និងជាតិ​ខ្លាញ់​ខ្ពស់​ដែល​អ្នក​គួរ​ជៀសវាង​នោះ​មាន​ដូច​ជា ​៖ ផលិតផល​ដែល​ធ្វើ​ពី ទឹកដោះគោ​, អាហារ​បំពង ឬ ចៀន​, សាច់​ក្រហម ឬ ប្រភេទ​សាច់​ខ្លាញ់​ដទៃ​ទៀត និង អាហារ​ផ្សេង​ៗ​ទៀត​ដែល មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​ដែល​រលាយ​ក្នុង​ទឹកជា​ដើម ។
 
វិទ្យាស្ថាន​សុខភាព​ជាតិ បាន​ណែនាំ​អ្នក​ទាំងឡាយ​ណា ដែល​មិន​អាច តម​សាច់​បាន​ពី អាហារ​ជា​ប្រចាំ​ថ្ងៃ​របស់ គេ​បាន​នោះ គួរ​ព្យាយាម​តម​អាហារ​ដែល​មាន​សាច់ អោយ​បាន ពីរ​ដង ឬ ច្រើន​ជាង​នេះ ក្នុង​មួ​យស​ប្តា​ហ៍​។ សម្រាប់​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ មាន​ដូច​ជា បឺ​រ និង ហ្វ្រូ​ម៉ាស់ អ្នក​អាច​ធ្វើការ​កាត់​បន្ថយ ដោយ​ប្រើ​វា​ពាក់ កណ្តាល​នៃ​ចំនួន ដែល​អ្នក​ធ្លាប់​បាន​ប្រើ​ពី​មុន​មក​។ ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​សុទ្ធ គឺជា​ផ​លិ​ផល​ដែល​អ្នក គួរ​ជៀសវាង ប៉ុន្តែ​អ្នក​អាច​ជំនួស​នូវ​ទឹកដោះគោ​ដែល​ដក​ជាតិ​ក្រែ​ម​ចេញ​បាន ។
 
សារជាតិ​កាហ្វេ​អ៊ី​ន និង សុរា

ទោះបីជា សារជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​យូរ ក្នុង​ការ​ផ្តល់​ផល​ប៉ះពាល់ ដល់​សម្ពាធ​ឈាម​អាច​មានការ​ពិភាក្សា​វែកញែក វា​គឺ​ពិតជា​អាច​បណ្តាល​អោយ​មាន​វិបត្តិ​ជា​បណ្តោះអាសន្ន​ចំពោះ សម្ពាធ​ឈាម​របស់​អ្នក​។ ភេសជ្ជ​:​ដែល​គេ​ដឹង​ថា​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ី​ន​ជា​ច្រើន មាន​ដូច​ជា​៖ កាហ្វេ​, តែ​, ទឹកក្រូច​កូកាកូឡា​, ទឹក​សូកូឡា​ខ្មៅ គឺ​សុទ្ធតែ​ជា​ភេសជ្ជ​:​ដែល​អ្នកជំងឺ លើស​សម្ពាធ​ឈាម​គួរ​ធ្វើការ​ជៀសវាង ឬ កណ​ត់​អោយ​បាន​ច្បាស់លាស់ ។
 
យោង​តាម មជ្ឈមណ្ឌល​សុខភាព ស្រា​អាច​បំផ្លាញ​ដល់ ជញ្ជាំង​របស់​ស​សៃ​ឈាម និង បង្កើន​នូវ​ការ​ប្រឈម​នឹង ផលវិបាក​ផ្សេង​ៗ​ដទៃ​ទៀត ។
 
ហើយ​ទោះបីជា មានការ​បង្ហាញ​ថា បរិមាណ​សុរា​ក្នុង​កម្រិត​ទាប​អាច​ជួយ ផ្តល់​ផល ជា​វិជ្ជមាន​ចំពោះ​សម្ពាធ​ឈាម​យ៉ាងណា​ក៏​ដោយ ក៏​ការ​ទទួលទាន​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល​គឺ​អាច​ធ្វើ​អោយ អ្នក មានការ​កើន​សម្ពាធ​ឈាម ដោយសារ​កត្តា​ជា​ច្រើន ហើយ​វា​ក៏​បាន​កាត់​បន្ថយ​ផង​ដែរ​នូវ ឥទ្ធិពល​ឱសថ​សម្រាប់ ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ។ សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ទាំងឡាយ​ណា ដែល​សម្រេចចិត្ត មិន​បញ្ឈប់​ការ​ផឹកស្រា នោះ​អ្នក​គួរ កំណត់​នូវ​ការ​ប្រើប្រាស់​វា​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com