ជាតិ
ព័ត៍មានសុខភាព
សុខភាព
មុន​ពេល​ញ៉ាំ​ផ្លែ​ឈើ​ទាំងនេះ អ្នក​កើត​ទឹកនោមផ្អែម​គួរ​ដឹង​ប្រយ័ត្នគ្រោះថ្នាក់
22, Mar 2024 , 6:59 am        
រូបភាព
ការ​ញ៉ាំ​ផ្លែ​ឈើ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព ដោយ​អាច​ជា​អាហារ​សម្រន់ និង​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​មាន​តុល្យភាព​។ ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​យ៉ាង រួម​ទាំង​ជាតិ​សរសៃ​ផង​ដែរ​។ យ៉ាងណា ផ្លែ​ឈើ​មួយ​ចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ដែរ ហើយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ផ្លែ​ឈើ​ទាំងនោះ​។

 
១. ផ្លែ​ឈើ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ
ផ្លែ​ឈើ​ជា​ច្រើន​មុខ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​ជាតិ​សរសៃ​ជួយ​បន្ថយល្បឿន​នៃ​ការ​រំលាយ​អាហារ ជួយ​ការពារ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ក្រៅពី​នេះ ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ និង​ជួយ​ឲ្យ​រក្សា​ទម្ងន់​បាន​ល្អ​ទៀត​ផង​។
 
យ៉ាងណា សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ក៏​ត្រូវ​ដឹង​ដែរ​ថា នៅ​ក្នុង​ផ្លែ​ឈើ​មាន​កាបូ​អ៊ី​ដ្រា​ត អាច​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ដែរ​។ ដូចនេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​បរិមាណ​កាបូ​អ៊ី​ដ្រា​ត ឬ​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​ឲ្យ​ស្រប​តាម​ថ្នាំ​ដែល​យើង​កំពុង​ប្រើ របប​អាហារ និង​របៀបរបប​រស់នៅ​របស់​អ្នកជំងឺ​។ មួយវិញទៀត បើ​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​បញ្ហា​ពិបាក​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្លាម​ដែរ​។
 
ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ទាប​៖
•​ ​ផ្លែស្វាយ
•​ ​ផ្លែ​ប៉ោម
•​ ​ផ្លែក្រូច
•​ ​ផ្លែ​ចេក (​មិន​ទុំ​ជោរ​)
•​ ​ផ្លែ​សារី
•​ ​ល្ហុង និង
•​ ​ទំពាំងបាយជូរ ជាដើម​។
 
២. វិធី​ញ៉ាំ​ផ្លែ​ឲ្យ​សុវត្ថិភាព
ការ​អនុវត្ត​វិធី​តូច​ៗ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​ទទួល​បាន​ផល​សុខភាព​ច្រើន​ដែរ​។ ពេល​ញ៉ាំ​ផ្លែ​ឈើ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ដឹង​រឿង​នេះ​៖
 
•​ ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម ពិសេស​ផ្លែ​ឈើ​ក្រៀម​។ ទំពាំងបាយជូរ​ក្រៀម​ត្រឹម​ពីរ​ស្លាបព្រា​កាហ្វេ​មាន​កម្រិត​ជាតិ​ស្ករ​ស្មើនឹង​ផ្លែ​ប៉ោម​មួយ​ផ្លែ​តូច​។
•​ ​ជ្រើសរើស​ញ៉ាំ​ផ្លែ​ឈើ​ស្រស់ ប្រសើរ​ជា​ផ្លែ​ឈើ​កែ​ច្នៃ​។ ផ្លែ​ឈើ​កែ​ច្នៃ ដូច​ជា​ផ្លែ​ឈើ​កំប៉ុង​ច្រើន​តែ​មាន​ស្ករ​ច្រើន អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង ញ៉ាំ​ផ្លែ​ឈើ​ស្រស់​។
•​ ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​ជា​ជាង​ទឹក​ផ្លែ​ឈើ ព្រោះថា​ទឹក​ផ្លៃ​ឈើ​ស្រ​ស់មានជាតិ​ស្ករ​ខ្ពស់ និង​មិន​មាន​ជាតិ​សរសៃ​ជួយ​ពន្យឺតការ​រំលាយ​អាហារ និង​ការពារ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ដូច​ផ្លែ​ឈើ​ស្រស់​នោះ​ទេ​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ច្រើន ទៅ​នឹង​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។
•​ ​កុំ​ញ៉ាំ​ផ្លែ​ឈើ​ច្រើន​ក្នុង​ពេល​តែ​មួយ ជំនួយ​មក​វិញ​យើង​អាច​ញ៉ាំ​មួយ​ផ្លែ​នៅ​ពេល​ព្រឹក និង​មួយ​ផ្លែ​នៅ​ពេល​ថ្ងៃត្រង់ ឬ​ជា​អាហារ​សម្រន់​នៅ​ពេល​បន្ទាប់​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com