ភ្នំពេញ៖ ក្នុងមួយព្រះជន្ម របស់សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ទ្រង់បានបួសក្នុងព្រះពុទ្ធសាសនា ចំនួន៣ដង។ លើកទីមួយ គ្រាដែលព្រះអង្គ មានព្រះជន្ម ១៥ឆ្នាំ។ បួសបានប្រមាណ៩ខែ ព្រះអង្គបានសឹក ដើម្បីទៅមើលថែមាតាបិតា។ ក្រោយមក ព្រះអង្គក៏ត្រឡប់ទៅបួសវិញ រហូតដល់សម័យសង្គ្រាមឆ្នាំ១៩៧៥ ទើបត្រូវផ្សឹកដោយបង្ខំ ដោយខ្មែរក្រហម។ ក្រោយបែកសម័យសង្គ្រាមឆ្នាំ១៩៧៩ ព្រះអង្គក៏ចូលបួសវិញ រហូតដល់ថ្ងៃដែលព្រះអង្គ យាងចូលទិវង្គត។
សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ដែលជាព្រះលេខាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បានមានថេរដីកាថា ក្រៅពីកិច្ចការជួយសង្គមកម្ពុជា តាមរយៈព្រះពុទ្ធសាសនា សម្ដេចព្រះសង្ឃរាជ ទេព វង្ស ទ្រង់ក៏ជាតួអង្គសំខាន់មួយព្រះអង្គដែរ របស់អន្តរសាសនា នៅលើពិភពលោក។ សម្ដេចមហាព្រះសង្ឃរាជ គឺជាចាស់ទុំមួយអង្គ ដែលចូលរួមជួយលើកស្ទួយ តម្លៃ និងការសាមគ្គីភាព អន្តរសាសនាក្នុងពិភពលោក។ សម្ដេចព្រះអង្គមហាសង្ឃរាជ បានចាប់ផ្ដើមប្រឡូកចូល ក្នុងវិស័យអន្តរសាសនា ចាប់ពីឆ្នាំ១៩៧៩។
ព្រះអង្គ យ៉ន សេងយៀត បានរំលឹករឿងរ៉ាវមួយចំនួន ដែលសម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស មានព្រះបន្ទូលប្រាប់ដល់ព្រះអង្គ នៅពេលធ្វើដំណើរលើយន្តហោះ ទៅចូលរួមកម្មវិធីសាសនាក្រៅប្រទេស។ ព្រះអង្គ មានថេរដីកាថា គ្រាមួយ នាទីក្រុងមូស្គូ នៅក្នុងសន្និសីទអន្តរសាសនា សម្ដេចព្រះសង្ឃរាជ ទេព វង្ស បានមានបន្ទូល ទៅកាន់អង្គសន្និសីទទាំងមូលថា ឆ្នាំ១៩៧៩ គឺជាឆ្នាំដែលកម្ពុជា ទើបតែចាកចេញពីរបបប្រល័យពូជសាសន៍។
ព្រះអង្គ មានព្រះបន្ទូលប្រាប់ជាពិសេស ទៅសម្ដេចព្រះសង្ឃរាជ នៃពុទ្ធសាសនា ដែលនិមន្តទៅពីប្រទេសដទៃៗ ដោយសូមឱ្យប្រជាជាតិទាំងឡាយ ដែលកាន់ព្រះពុទ្ធសាសនានោះ ចូលមកជួយកម្ពុជាផង ព្រោះព្រះពុទ្ធសាសនា បានផុតរលត់ស្ទើរតែទាំងអស់ហើយ។ ព្រះអង្គបានមានបន្ទូល ទៅកាន់អង្គសន្និសីទបន្ថែមថា អ្វីដែលព្រះពុទ្ធសាសនា នៅសេសសល់ក្នុងប្រទេសកម្ពុជា គឺមានតែនៅក្នុងដួងចិត្ត នៃពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
មិនត្រឹមតែបានប្រកាស នៅលើឆាកនៃអង្គសន្និសីទអន្តរជាតិប៉ុណ្ណោះឡើយ សម្ដេច ទេព វង្ស ថែមទាំងបាននិមន្តទៅថ្វាយបង្គំផ្ទាល់ សម្ដេចព្រះសង្ឃរាជគ្រប់អង្គ ឱ្យចូលមកជួយស្ដារព្រះពុទ្ធសាសនា នៅកម្ពុជាថែមទៀតផង។ ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយ សម្ដេចមានបន្ទូលថា សម្ដេចព្រះសង្ឃរាជ នៃបណ្ដាប្រទេសទាំងនោះ បានត្រឹមតែរុញឱ្យគ្នាប៉ុណ្ណោះ។
«លោកបាននិយាយកម្សត់ដែរ លោកថាខ្ញុំព្រះករុណាបានដើរថ្វាយបង្គំ សម្ដេចសង្ឃនៃប្រទេសនីមួយៗផ្ទាល់ ថាឱ្យមកជួយផង ព្រោះកម្ពុជា មិនអាចធ្វើកិច្ចការនេះ តែម្នាក់ឯងបានទេ។ សម្ដេចលោកបានប្រើពាក្យមួយថា ជារឿងអកុសល ដែលសម្ដេចព្រះសង្ឃរាជ នៃប្រទេសទាំងនោះ បានរុញការងារនេះ ពីមួយទៅមួយ។ ជាលទ្ធផល គឺអត់មានបានផលអ្វីទាំងអស់។ ហើយលោកថា ជារឿងមួយដែលលោកសោកស្ដាយបំផុតក្នុងជីវិត។ លោកថានេះជាកំហុសមួយរបស់ប្រទេស ដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា។ កំហុសនេះមិនគួរឱ្យកើតមានឡើងទៀតទេ ក្នុងប្រវត្តិអ្នកកាន់ព្រះពុទ្ធសាសនា នៅលើពិភពលោក»។ នេះជាការរំលឹក រឿងដ៏គួរឱ្យសង្វេគ ដែលសម្ដេចព្រះសង្ឃរាជបានជួប។
ក្រោយពីសុំជំនួយពីព្រះសង្ឃ ដែលកាន់ព្រះពុទ្ធសាសនា នៅតាមបណ្ដារប្រទេសនីមួយៗ មិនបានផលល្អ សម្ដេច ទេព វង្ស បានព្យាយាមយាងទៅបំបួសព្រះសង្ឃនៅតាមបណ្ដាខេត្តឡើងវិញ។ វត្តនៅទូទាំងប្រទេសកម្ពុជា ដែលបានក្លាយទៅជាទីរហោឋាន សល់តែដើមឈើ គ្រឿងផ្ទុះ និងលលាដ៍ក្បាលខ្មោច ដោយសារតែរបបខ្មែរក្រហមនោះ សម្ដេច ទេព វង្ស បានព្យាយាមកសាងឡើងវិញ។ ព្រះអង្គបានបង្កើតសាលាបាលីឡើងវិញ ព្រោះការរៀនសូត្រកាលនោះ នៅរប៉ាត់រប៉ាយ ពុំមានទីតាំងច្បាស់លាស់។ រចនាសម្ព័ន្ធព្រះពុទ្ធសាសនា ដែលបានរលំរាយសាបសូន្យអស់នៅគ្រានោះ បានចងក្រងឡើងវិញ ក្រោយពីមានព្រះសង្ឃកើតឡើងជាថ្មី។
សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ចូលរួមបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០-៣០ ឧសភា ២០១៥ក្រុងបាងកកប្រទេសថៃ
សម្ដេច យ៉ន សេងយៀត បានបន្ថែមថា ការបំបួសព្រះសង្ឃ ឱ្យមាននៅក្នុងវត្តឡើងវិញ ធ្វើឱ្យសាសនា វប្បធម៌ ប្រពៃណី និងអ្វីដែលតែងតែផ្សារភ្ជាប់ ជាមួយនឹងឆាកជីវិតជនជាតិខ្មែរ បានរស់ឡើងវិញ។ ពន្លឺនៃស្បង់ចីពរ បានជួយព្យាបាលដួងចិត្តអ្នកភូមិ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាបានច្រើន។
ក្នុងរយៈកាលជិត២០ឆ្នាំ ដែលសម្ដេច យ៉ន សេងយៀត បានចូលរួមអមព្រះរាជដំណើរសម្ដេចមហាសង្ឃរាជ ទេព វង្ស ក្នុងនាមជាលេខាធិការផ្ទាល់ ហើយនឹងជាអ្នកបកប្រែភាសាផងនោះ គឺមានហេតុការមួយ ដែលព្រះអង្គ យ៉ន សេងយៀត ពុំដែលជួបប្រទះ។ នាឆ្នាំ២០១៩ មានពេលមួយ ក្រោយសម្ដេច ព្រះសង្ឃរាជ និមន្តចុះពីយន្តហោះ តម្រង់ទៅរកឡាន ដែលចតនៅចម្ងាយប្រមាណ២០០ម៉ែត្រ ស្រាប់តែ សម្តេច ទេព វង្ស ដែលទើបតែយាងបាន ប្រហែលជា១០០ម៉ែត្រនោះ ព្រះអង្គក៏ប្រថាប់នៅកណ្ដាលថ្នល់។ ព្រះអង្គមានព្រះបន្ទូលថា «អាត្មាទៅលែងរួចហើយ»។
ព្រះអង្គ យ៉ន សេងយៀត មានថេរដីកាបន្ថែម៖«សម្ដេចលោកគង់ប្រថាប់នៅកណ្ដាលថ្នល់ ហើយអាត្មាក៏ទៅរករទេះអ្នកពិការ យកមករុញព្រះអង្គ។ នេះជាដំណើរចុងក្រោយបង្អស់ របស់សម្ដេចជាអម្ចាស់ គឺនៅឆ្នាំ២០១៩ នៅទីក្រុង លិនដាវ ប្រទេសអាល្លឺម៉ង់។ ព្រះអង្គបានប្រាប់ដល់មិត្ត របស់ព្រះអង្គលើឆាកអន្តរជាតិ នៅប្រទេសម៉ុងហ្គោលីថា ព្រះអង្គពុំអាច ចូលរួមប្រជុំអន្តរសាសនា នៅក្រៅប្រទេសបានទៀតទេ»។
សម្ដេច សេងយៀត បានមានថេរដីកាថា សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ដែលបានក្លាយទៅជាសហប្រធាន នៃ “ក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បីសន្តិភាព” ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំសាសនាមួយអង្គ ដែលមានវ័យចំណាស់ ស្លូត ហើយមិនប្រកាន់ព្រះកាយ។
«អ្វីដែលយើងអាចរៀនសូត្រពីព្រះអង្គ អាត្មាឃើញលោកអត់ធ្មត់ លោកមានព្រះទ័យទូលាយ ជួយអ្នកកាន់សាសនាដទៃទៀត។ ទូលាយក្នុងន័យថា លោកកាន់ព្រះពុទ្ធសាសនា តែលោកមិនស្អប់សាសនាដទៃទេ។ អាត្មាអត់ដែលឃើញលោក និយាយអាក្រក់ពីសាសនាដទៃទេ»។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេច សេងយៀត។
ព្រះលេខាផ្ទាល់សម្ដេចព្រះសង្ឃរាជ ទេព វង្ស បានមានថេរដីកាថា ព្រះអង្គនៅតែចងចាំមិនភ្លេចឡើយ គ្រាមួយ នៃដំណើរចូលរួម សន្និសីទសន្តិភាពអន្តរជាតិ ជាមួយសម្ដេចព្រះសង្ឃរាជ ទេព វង្ស នៅតំបន់ ចាហ្វណា នៃកោះស្រីលង្កា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាល និងមេដឹកនាំរបស់ក្រុមឧទ្ធាមខ្លាតាមិល បញ្ឈប់ការវាយប្រហារគ្នា។
បើកអង្គសន្និសីទ នៅក្នុងតំបន់ កំពុងមានការវាយប្រហារគ្នា ដែលឮតែស្នូកាំភ្លើង និងសំឡេងគ្រាប់ប្លោង សម្ដេច ទេព វង្ស បានមានបន្ទូលប្រាប់អង្គសន្និសីទថា ចាហ្វណា ដូចកម្ពុជានៅឆ្នាំ១៩៧៩ ដែរ។ ព្រះអង្គក៏បានមានបន្ទូល ពីវិនាសកម្មនៃសង្គ្រាម និងអត្ថប្រយោជន៍នៃសន្តិភាពផងដែរ។
រូបពីហ្វេសប៊ុក សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
សម្ដេច សេងយៀង បានបញ្ជាក់ ពីមូលហេតុ ដែលនាំឱ្យមានការរៀបចំ សន្និសីទនៅតំបន់កំពុងមានសង្គ្រាមដូច្នេះ៖«មានអ្នកលើកឡើងថា សកម្មជនសន្តិភាពរបស់ពិភពលោក អាចធ្វើសកម្មភាពជាគំរូ ឱ្យពិភពលោកមើលឃើញ ថាការដែលធ្វើការដើម្បីសន្តិភាព ពុំមែនជាការងាយស្រួល ដោយចេះតែនិយាយហើយសន្តិភាពកើតឡើងទេ។ អ្នកនិយាយ ត្រូវតែទៅប្រឈមមុខ ក្នុងរឿងទាំងនោះដែរ។ យើងចង់ផ្ញើសារទៅកាន់ភាគីទាំងសងខាង ថាអ្នកដែលមានឈ្មោះបោះសំឡេងល្បីៗ ក្នុងផ្នែកសន្តិភាពលើពិភពលោក ទាំងផ្នែកផ្លូវចិត្ត និងផ្នែកសាសនា ពិតជាព្រួយបារម្ភមែន ដែលមើលឃើញថា ស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិសង្គ្រាម។ សម្ដេច ទេព វង្ស ថាកម្ពុជាធ្លាប់ជួបវិបត្តិសង្គ្រាម ដូច្នេះយើងត្រូវតែមានទឹកចិត្ត ធ្វើវិភាគទានជួយស្រីលង្កា ឱ្យទទួលសន្តិភាពបាន តាមរយៈសាសនា»៕