ក្រុមហ៊ុនធំៗមកពីសាធារណរដ្ឋកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគ លើវិស័យសក្ដានុពល និងវិស័យ ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុន Samsung Electronics, LG Electronics, CJ Group, Maekyung Media Group និងក្រុមហ៊ុន KORINDO Group ជាដើម។
ប្រតិភូក្រុមហ៊ុន មកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានជួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា នាថ្ងៃទី២៦មីនា។ ក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុនមួយចំនួន កំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានរៀបរាប់អំពីសក្ដានុពលនានា ដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះ គួរសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់វិនិយោគរបស់ខ្លួន។ លោកបានអះអាង ទៅកាន់វិនិយោគិន មកពីប្រទេសកូរ៉េខាងត្បូងទាំងនោះថា បច្ចុប្បន្នកម្ពុជា មានទាំងស្ថិរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថិរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបើកចំហរនៃច្បាប់វិនិយោគ ដែលផ្ដល់ជូនការលើកទឹកចិត្តជាច្រើន ដល់វិនិយោគិន ។ រដ្ឋាភិបាល ក៏រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជន សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលវិនិយោគិន ជួបប្រទះក្នុងការរកស៊ីនៅកម្ពុជា ជាដើម។
សំខាន់ជាងនេះ ស្ថានភាពទីផ្សាររបស់កម្ពុជា ទៅកាន់ពិភពលោក មានភាពល្អប្រសើរ តាមរយៈអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ,កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBA ជាដើម ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ៖ « រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យា ជាដើម»។
បើតាមCDC ក្រុមហ៊ុនដែលកំពុងសិក្សា និងឈ្វេងយល់ពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា រួមមាន ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក, ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្ម លើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development) ។ ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្ម លើការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ ។
ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត។ សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) ជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ និងសហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) ក៏ជាអង្គការដ៏ធំមួយ សម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស ។ ក្រុមហ៊ុន Maekyung Media Group ជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។
ដោយឡែក ក្រុមហ៊ុនកូរ៉េ ដែលមានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា មានក្រុមហ៊ុន Hyundai Motor ដែលធ្វើអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង, រថយន្តប្រភេទSUVs, MPV, និងអ៊ីដ្រូសែន, តួខ្សែថាមពល, និងគ្រឿងបន្លាស់រថយន្តជាដើម។ ក្រុមហ៊ុននេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Camko Motor Co., Ltd. ដែលបានវិនិយោគបង្កើតរោងចក្រដំឡើង និងផលិតគ្រឿងបង្គំអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង ក្នុងខេត្តកោះកុង លើទំហំផ្ទៃដីប្រមាណ១៦,៥ហិកតា តាំងពីឆ្នាំ២០០៩។
ក្រុមហ៊ុន CJ Group ជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត(Biotechnology)។ CJ Group ជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ដែលបង្កើតផលប័ត្រអាជីវកម្ម (Business portfolio) របស់ខ្លួនដោយផ្តោតទៅលើវិស័យម្ហូបអាហារនិងសេវាកម្មម្ហូបអាហារ, បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology), ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, និងការលក់រាយនិងភស្ដុភារកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើការវិនិយោគកែច្នៃចំណីសត្វ រួមមានចំណីសត្វជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
ក្រុមហ៊ុន DAEJOO KC Group ជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក, ភស្តុភារកម្ម, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, និងឧស្សាហកម្មសំណង់និងថាមពល ជាដើម។ ក្រុមហ៊ុននេះ មានប្រតិបត្តិការនៅកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន CAMKO INFRACORE CO., LTD ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ដោយមានប្រតិបត្តិការអាជីវកម្មជោគជ័យក្នុងការផ្តល់សេវាថែទាំរថយន្តម៉ាក Hyundai, ការលក់គ្រឿងបន្លាស់រថយន្ត និងការចែកចាយផលិតផលថែរក្សាសម្រស់របស់កូរ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកកម្ពុជាចំនួនប្រមាណ ៤០នាក់។
ក្រុមហ៊ុន Booyoung Group ជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕