ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រកាសប្រមូលពន្ធ១០ភាគរយ លើការជួលអចលនទ្រព្យប្រចាំខែ លើសពី៥០ម៉ឺនរៀល
28, Mar 2024 , 8:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធ១០ភាគរយ ពីអ្នកបានចំណូលពីការជួលអចលនទ្រព្យប្រចាំខែ ចាប់ពីចំនួន ៥០០,០០១រៀលឡើងទៅ(លើសពី៥០ម៉ឺនរៀល)។ នេះបើយោងតាមប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលមានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត(អ្នកមានសិទ្ធិលើអចលនទ្រព្យ) មិនមែនជាអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ​ដែលជួលអចលនទ្រព្យនៅកម្ពុជា។

 
ប្រកាសស្តីពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ដែលលោក អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខា នាថ្ងៃទី២១មីនា ឆ្នាំ២០២៤​ បានបញ្ជាក់ថា ថ្លៃឈ្នួលអចលនទ្រព្យ គឺសំដៅដល់ ប្រាក់ឈ្នួលដុល ដែលបានចុះកិច្ចសន្យាព្រមព្រៀងជាមួយអ្នកជួល ដោយផ្អែកលើតម្លៃទីផ្សារ។​ ពន្ធប្រភេទនេះ ត្រូវបានកំណត់ តាមអត្រា១០ភាគរយ នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ 
 
បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ច អគារនិងសំណង់ផ្សេងៗ ដូចជា៖ ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា។  យន្តុបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម។ ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ។ លំនៅឋានចល័តសម្រាប់ស្នាក់នៅឬប្រកបអាជីវកម្មផ្សេងៗ រួមទាំងដីធ្លីដែលគ្មានសំណង់ គឺសុទ្ធសឹងជាគោលដៅនៃការប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។  
 
សម្រាប់មូលដ្ឋានគិតពន្ធលើថ្លៃឈ្នួលអចលនទ្រព្យនេះ ត្រូវកំណត់ដោយថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ​ និងថ្លៃឈ្នួលអចលនទ្រព្យសរុប ដែលម្ចាស់ទ្រព្យបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួលឬបានព្រមព្រៀង ជាមួយអ្នកជួល ដោយផ្អែកលើតម្លៃទីផ្សារ។ ពន្ធប្រភេទនេះ ត្រូវបានលើកឡើងចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រដ្ឋាភិបាល ឬក្រសួង-ស្ថាប័នសាធារណៈ, អចលនទ្រព្យរបស់បេសកកម្មកាទូតឬ កុងស៊ុលបរទេស អង្គការអន្តជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត។
 
រដ្ឋាភិបាល ក៏បានលើកលែងពន្ធនេះ ចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណា ដែលមាន គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយ នៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។ ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួល វិញនៅពេលចប់កិច្ចសន្យា និង ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស តាមមាត្រា២៥ និងមាត្រា២៦ នៃច្បាប់ស្តីពីសារពើពន្ធ ក៏ត្រូវបានលើកលែកពន្ធថ្លៃឈ្នួលអចលនទ្រព្យនេះ​ ផងដែរ។​
 
រដ្ឋ ក៏មិនប្រមូលពន្ធនេះ លើថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូល ក្នុងប្រាក់ចំណូលជាប់ពន្ធរបស់សហគ្រាសរួចហើយ។ « លើសនេះទៅទៀត គឺរដ្ឋសម្រេចលើកលែងប្រភេទនេះ ចំពោះគ្រប់ករណីជួលទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០ (ប្រាំសែន) រៀល»។ នេះបើយោងតាមប្រកាសខាងលើរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច។
 
ប្រកាសដដែល បានបន្តរៀបរាប់ថា ​ម្ចាស់អចលនទ្រព្យ ត្រូវមកចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនៅក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យស្ថិតនៅក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃ មានការផ្លាស់ប្តូរព័ត៌មាននៃកិច្ចសន្យា តាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់។ ម្ចាស់ទ្រព្យត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មករដ្ឋបាលសារពើពន្ធក្នុងរយៈពេល១៥ថ្ងៃ ក្រោយពេលឈប់ជួល ដោយត្រវចុះកាលបរិច្ឆេទ និងមានហត្ថលេខាត្រឹមត្រូវរបស់ម្ចាស់ទ្រព្យ ឬអ្នកតំណាងដែលមានសិទ្ធិ។ លើសពីនេះម្ចាស់ទ្រព្យ ត្រូវចេញឯកសារទទួលប្រាក់ដល់អ្នកជួល ក្នុងពេលទទួលប្រាក់ឈ្នួលម្តងៗ។ 
 
ជាមួយគ្នានេះ អ្នកជួលអចលនទ្រព្យ ត្រូវមានកាតព្វកិច្ចបង្ហាញឯកសារទទួលប្រាក់ ដែលម្ចាស់ទ្រព្យផ្តល់ឱ្យ និងត្រូវផ្តល់ព័ត៌មានផ្សេងៗទៀត ដែលទាក់ទិននឹងការជួលដល់រដ្ឋបាលសារពើពន្ធ ក្នុងករណីមានការស្នើសុំ។ 
 
សម្រាប់ម្ចាស់ទ្រព្យ ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួល អចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ នៃអចលនទ្រព្យ ទៅតាមកាលកំណត់ ជារៀងរាល់ខែ ហើយយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែ ដែលត្រូវបង់ប្រាក់ ប្រសិនបើកិច្ចសន្យាតម្រូវ ឱ្យមានការបង់ប្រាក់ប្រចាំខែ និងយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែ ដែលត្រូវធ្វើការទូទាត់ទៅតាមចំនួនទឹកប្រាក់សរុប ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ប្រាក់សរុបសម្រាប់រយៈពេលច្រើនខែ។ 
 
ដោយឡែក ចំពោះអ្នកជួលដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យស្របតាមមាត្រា២៥ នៃច្បាប់សារពើពន្ធ៕ 

Tag:
 ពន្ធដារ
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com