Liverpool រំពឹងថា Xabi Alonso នឹងបន្តនៅ Bayer Leverkusen រដូវកាលក្រោយ ស្របពេលក្លិប នឹងពិចារណាបេក្ខជនផ្សេងទៀតដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅលោក Jurgen Klopp។
Xabi Alonso អតីតខ្សែបម្រើឆ្នើមរបស់ហង្សក្រហម បានបង្ហាញភាពភ្ញាក់ផ្អើលតាមរយៈការដឹកនាំ Bayer Leverkusen មិនទាន់ស្គាល់ចាញ់សោះនៅរដូវកាលនេះ និងមានភាគរយខ្ពស់ដើម្បីគ្រងជើងឯក Bundesliga ផង។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤២ឆ្នាំ ធ្លាប់ត្រូវបានផ្សារភ្ជាប់ទៅព័ត៌មានជាច្រើនកន្លងមក ថានឹងអាចចូលកាន់តំណែងនៅ Anfield បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថានឹងចុះចេញពីតំណែងក្រោយបញ្ចប់រដូវកាល ២០២៣-២៤។
ក្លិប Leverkusen កំពុងនាំមុខកំពូលតារាងលីគកំពូលអាល្លឺម៉ង់ ព្រមទាំងកំពុងសម្លឹងការឈ្នះពានលីគកំពូលលើកដំបូងក្នុងប្រវតិ្តសាស្ត្រ ក៏ចង់បន្តដំណើរជាមួយនឹងលោក Alonso ដល់រដូវកាលក្រោយទៀត។ ទន្ទឹមនឹងការប្តូរចិត្តវិញរបស់ Liverpool ដោយឡែកប្រធានកិត្តិយសរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich លោក Uli Hoeness ក៏បានអះអាងថា ការចង់បាន Alonso ប្រហែលជារឿងមិនអាចទៅរួចឡើយ។
សម្រាប់ Bayern អតីតកីឡាករខ្លួន Alonso ក៏ជាបេក្ខភាពមួយរូបដែលនឹងអាចជំនួសតំណែងកំពូលដឹកនាំក្លិប ក្រោយពេលការចាកចេញរបស់លោក Thomas Tuchel ក្រោយចប់រដូវកាល ២០២៣-២៤។ បើតាមការអះអាងរបស់លោក Hoeness ៖«Alonso មើលទៅមានទំនោរចង់បន្តស្នាក់នៅជាមួយ Bayer Leverkusen ចំពោះភាពជោគជ័យពេលបច្ចុប្បន្ន ព្រោះគេអាចនឹងមិនចង់ចាកចោលក្លិបឡើយ។»។
Alonso ធ្លាប់រួមរស់ជាមួយ Liverpool ពីឆ្នាំ ២០០៤ ដល់ ២០០៩ ដោយបង្ហាញខ្លួន ២១០ប្រកួត។ បន្ទាប់មក Alonso បានផ្លាស់ទៅលេងឱ្យក្លិប Real Madrid មុនបន្តទៅចូលរួម Bayern Munich ដែលជាកន្លែងលោកធ្លាប់បង្ហាញខ្លួន ៣រដូវកាល មុនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។
ចាប់ផ្តើមអាជីពដឹកនាំដំបូង Alonso បានទៅដឹកនាំក្រុមយុវជន Real Madrid អាយុក្រោម ១៤ឆ្នាំ ពីឆ្នាំ ២០១៨ ហើយបន្ទាប់មកផ្លាស់ទៅដឹកនាំក្រុម Real Sociedad B រយៈពេល ៣ឆ្នាំ។ នៅក្នុងខែតុលា ឆ្នាំ ២០២២ Leverkusen បានផ្តល់ឱកាសដល់បុរសវ័យ ៤២ឆ្នាំ រូបនេះ ឱ្យកាន់កាប់តំណែងដឹកនាំក្រុមឈុតធំលើកដំបូង ដោយលោកបានដឹកនាំក្លិបចាកចេញពីតំបន់កាត់ចោល រហូតឡើងមកដល់ចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Bundesliga កាលពីរដូវកាលមុន។
រដូវកាលនេះ ក្រោមការដឹកនាំពេញដៃរបស់ Alonso ក្លិប Leverkusen បន្តនាំមុខដាច់ ១០ពិន្ទុ ពីក្រោមការពារជើងឯក Bayern Munich ខណៈការប្រកួតលីគកំពូលនៅសល់ ៨ប្រកួត ប៉ុណ្ណោះ។ Leverkusen ក៏នៅមានពានរង្វាន់ចំនួន ២ផ្សេងទៀត ត្រូវប្រជែងរួមមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន German Cup និងវគ្គ ៨ក្រុមចុងក្រោយ Europa League។
តំណែងបន្តពីលោក Klopp នៅក្លិបរហស្សនាមហង្សក្រហម ត្រូវបានគេមើលឃើញថាលោក Ruben Amorim អ្នកចាត់ការក្រុម Sporting Lisbon និងលោក Roberto de Zerbi គ្រូបង្វឹករបស់ Brighton & Hove Albion កំពុងក្លាយជាបេក្ខភាពឈានមុខ៕