ប្រមុខរដ្ឋាភិបាលថៃ លោកសេដ្ឋា ថាវីស៊ីន កំពុងពិចារណាធ្វើសេចក្តីព្រាងច្បាប់ដើម្បីធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់នៅក្នុងប្រទេស។ បើតាមប្រមុខរដ្ឋាភិបាលថៃ ភាពស្របច្បាប់នៃកាស៊ីណូនៅក្នុងប្រទេស នឹងជួយបង្កើតការងារ, បន្ថែមចំណូល ហើយថែមទាំងអនុញ្ញាតឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំថែមទៀត។
ក្នុងពេលបច្ចុប្បន្ន ថៃ មិនបានផ្តល់ភាពស្របច្បាប់ដល់ការបើកកាស៊ីណូឡើយ ដោយអនុញ្ញាតឱ្យបើកត្រឹមតែឆ្នោត និងចាក់សេះ ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ។ ពេលនេះ ថៃកំពុងស្វះស្វែងរកការធ្វើឱ្យកាស៊ីណូ មានភាពស្របច្បាប់ ដើម្បីរកចំណូលបន្ថែម និងទាក់ទាញភ្ញៀវទេសចរ។
ផែនការរបស់ថៃបែបនេះ ធ្វើឡើងក្រោយសមាជិកសភាគាំទ្រដ៏លើសលុបលើការសិក្សាមួយធ្វើដោយក្រុមការងាររបស់ខ្លួន ដែលកាស៊ីណូ អាចកើបចំណូលសម្រាប់ប្រទេសបានជាច្រើនលានដុល្លារ។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន IBIS World ឧស្សាហកម្មកាស៊ីណូ អាចរកចំណូលបាន ២៦២ពាន់លានដុល្លារ នៅទូទាំងពិភពលោក នៅក្នុងឆ្នាំ២០២៣។
«យើងអាចធ្វើឱ្យសេដ្ឋកិច្ចពណ៌ប្រផេះមានភាពស្របច្បាប់ និងប្រមូលពន្ធ។ យើងមិនចង់ផ្សព្វផ្សាយពីល្បែងឡើយ ផ្ទុយទៅវិញ យើងត្រូវគ្រប់គ្រង និងប្រើប្រាស់ឧស្សាហកម្មល្បែងជាការវិនិយោគ ដើម្បីបង្កើតការងារ»។ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ពីបំណងចង់ធ្វើឱ្យកាស៊ីណូនៅថៃ មានភាពស្របច្បាប់បែបនេះលើបណ្តាញសង្គម X។
បើទោះមិនបានបញ្ជាក់ពីទីតាំងសាងសង់កាស៊ីណូក៏ដោយ លោកសេដ្ឋា បានគិតគូរថា ល្បែងស៊ីសង គួរតែរៀបចំនៅជាមួយសាលតន្រ្តី និងកន្លែងលេងកីឡា។
បន្ទាប់ពីទទួលបានការគាំទ្រក្នុងសំឡេងដ៏ច្រើន ការសិក្សារបស់សមាជិកសភានោះ នឹងដាក់ទៅកាន់គណៈរដ្ឋមន្រ្តី ដើម្បីធ្វើសេចក្តីសម្រេចពីភាពស្របច្បាប់នៃកាស៊ីណូ និងធ្វើសេចក្តីព្រាងច្បាប់ដាក់ទៅកាន់សភា។ ក្នុងការសិក្សារបស់សភា ថៃអាចបង្កើនចំណូលពីភ្ញៀវទេសចរ ១២ពាន់លានដុល្លារ តាមរយៈការធ្វើឱ្យវិស័យមួយនេះមានភាពស្របច្បាប់។
បានសេចក្តីថា ប្រសិនបើកាស៊ីណូ អាចបើកបាននៅក្នុងប្រទេសខ្លួន ការចំណាយរបស់ភ្ញៀវទេសចរអាចកើនដល់ ៥២ភាគរយ ពោលគឺប្រមាណ ១៧៩០ដុល្លារ ក្នុងពេលទស្សនកិច្ចនៅថៃមួយលើក។
កន្លងមក ល្បែងស៊ីសង ត្រូវបានបើកលួចលាក់នៅក្នុងប្រទេសថៃ ជាពិសេសនៅក្រោមដី ខណៈប្រជាជនថៃមួយចំនួន បានធ្វើដំណើរទៅប្រទេសជិតខាង ឬតំបន់ផ្សេងៗដើម្បីលេងល្បែង។
គួររម្លឹកថា នេះមិនមែនជាលើកទីមួយឡើយ ដែលថៃបានពិភាក្សាពីការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ក្នុងប្រទេស។ យ៉ាងណាមិញ ការពិភាក្សាទាំងនោះ តែងត្រូវបានប្រជាជនថៃជំទាស់៕